ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​កត្តា​ទាំងនេះ​អាច​ធ្វើ​ឱ្យ​អ្នក​ធ្លាក់ឈាម​ក្នុង​ពេល​មាន​ផ្ទៃពោះ

5 ឆ្នាំ មុន

ការ​ហូរ​ឈាម រឹម​ៗ​តាម​ទ្វារមាស​ក្នុង​ពេល​មាន​ផ្ទៃពោះ​អាច​ជា​រឿង​គួរ​ឲ្យ​ខ្លាច ប៉ុន្តែ​អ្នក​អាច​គិត​ថា វា​គឺជា​រឿង​ញឹកញាប់​ដែល​កើតឡើង​បែប​នេះ ។ តាម​ពិត​ទៅ​ការ​ធ្លាក់ឈាម​ក្នុង​ត្រីមាស​ដំបូង​មាន​ប្រហែល​១៥ ទៅ​២៥​ភាគរយ​ដែរ ។ ដូច្នេះ​ការ​ធ្លាក់ឈាម​បែប​នេះ​អាច​ជា​រឿង​គួរ​ឲ្យ​បារម្ភ​ទេ ?…

ការ​ហូរ​ឈាម រឹម​ៗ​តាម​ទ្វារមាស​ក្នុង​ពេល​មាន​ផ្ទៃពោះ​អាច​ជា​រឿង​គួរ​ឲ្យ​ខ្លាច ប៉ុន្តែ​អ្នក​អាច​គិត​ថា វា​គឺជា​រឿង​ញឹកញាប់​ដែល​កើតឡើង​បែប​នេះ ។ តាម​ពិត​ទៅ​ការ​ធ្លាក់ឈាម​ក្នុង​ត្រីមាស​ដំបូង​មាន​ប្រហែល​១៥ ទៅ​២៥​ភាគរយ​ដែរ ។ ដូច្នេះ​ការ​ធ្លាក់ឈាម​បែប​នេះ​អាច​ជា​រឿង​គួរ​ឲ្យ​បារម្ភ​ទេ ?

ករណី​ខ្លះ​ការ​ធ្លាក់ឈាម​ក្នុង​ពេល​មាន​ផ្ទៃពោះ​អាច​ជា​រឿង​ធម្មតា ហើយ​ក៏​មិន​គ្រោះថ្នាក់​ដែរ ខណៈ​ពេល​ដែល​រឿង​ផ្សេង​ទៀត​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​ធ្ងន់ ប្រហែលជា​ផ្តល់​ផល​អាក្រក់​ដល់​កូន និង​សុខភាព​អ្នក​ផ្ទាល់​បាន ។ ខាងក្រោម​នេះ​គឺជា​កត្តា​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​ធ្លាក់ឈាម​ក្នុង​ពេល​មាន​ផ្ទៃពោះ​៖

១-ការ​ធ្លាក់ឈាម​ដោយសារ​ការ​កាច់​សម្បុក​របស់​កូន ៖ អ្នក​ប្រហែលជា​ធ្លាប់​មានការ​ហូរ​ឈាម រឹម​ៗ​ជុំវិញ​ស​ប្តា​ហ៍​ទី​១ ទៅ​ទី​២​ក្រោយ​ពី​មេជី​វិត​ទាំង​ពីរ​រលាយ​ចូល​គ្នា​រួច ដែល​ជា​ពេលវេលា​ដែល​ពួក​គេ​ត្រូវ​កាច់​សម្បុក​ក្នុង​ជញ្ជាំង​ស្បូន ។ ការ​កាច់​សម្បុក​នេះ​ក៏​នាំ​ឲ្យ​ធ្លាក់ឈាម​ផង​ដែរ ហើយ​ច្រើន​តែ​កើតឡើង​ជុំវិញ​រដូវ​ដំបូង​របស់​អ្នក​ដោយសារ​តែ​ការ​បង្ក​កំណើត​របស់​កូន​ក្នុង​ផ្ទៃ ។

២-ការ​ហូរ​ឈាម​ពី​មាត់ស្បូន ៖ នៅ​ពេល​អ្នកមាន​ផ្ទៃពោះ ការ​ផ្គត់ផ្គង់​ឈាម​ទៅ​ស្បូន និង​មាត់ស្បូន​នឹង​កើនឡើង ហើយ​ក៏​កើន​សរសៃឈាម​នៅ​កន្លែង​នេះ​ច្រើន​ថែម​ទៀត​ដែរ ។ ដោយសារ​តែ​រឿង​នេះ​មាត់ស្បូន​គឺ​ងាយ​នឹង​ហូរ​ឈាម​ក្នុង​ពេល​មាន​ផ្ទៃពោះ និង​ដាច់​ដោច​​ដែរ ។

ឧទាហរណ៍ អ្នក​ប្រហែលជា​សម្គាល់​ឃើញ​ការ​ហូរ​ឈាម រឹម​ៗ​ក្រោយ​ពី​ពិនិត្យ​ក្នុង​អាង​ត្រគាក ធ្វើតេស្ត Pap ឬ​រួម​ភេទ ។ គួរតែ​តម​ខ្លួន​ពី​ការ​រួម​ភេទ​មុន​ពេល​ពិនិត្យ​រាង​កាយ ដូច្នេះ​ទើប​អាច​បង្ការ​ការ​រលាក​ដល់​មាត់ស្បូន​បាន ។

៣-ការ​បង្ក​រោគ ៖ ការ​បង្ក​រោគ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ហូរ​ឈាម​តាម​ទ្វារមាស​ក៏​ប្រហែលជា​ការ​ឆ្លើយ​តប​ជា​ការ​ហូរ​ឈាម​ក្នុង​ពេល​មាន​ផ្ទៃពោះ​ដែរ ។ រឿង​នេះ​រួម​ទាំង​ជំងឺ​កាមរោគ​ដូច​ជា ប្រមេះទឹកបាយ ឬ​ទឹកថ្លា មេរោគ​ផ្សិត ឬ​ការ​បង្ក​រោគ​ដោយ​បាក់តេរី​ក្នុង​ទ្វារមាស។

សញ្ញា​នៃ​ការ​បង្ក​រោគ​ផ្សេង​ៗ​ទៀត​ប្រហែលជា​មានការ​ឈឺចាប់ ឬ​ក្រហាយ​ៗ​ក្រោយ​ពី​នោម​រួច ហូរ​ទឹករំអិល​ពី​ទ្វារមាស​ខុសធម្មតា និង​ឈឺចាប់​ក្នុង​ពេល​រួម​ភេទ ។

៤-ជំងឺ​កូនក្រៅស្បូន ៖ លើ​ករណី​ខ្លះ ពង​មេជី​វិត​ញី​ឈ្មោល​ដែល​រលាយ​ចូល​គ្នា​មិន​បាន​កាច់​សម្បុក​ក្នុង​ស្បូន​ទេ ។ ផ្ទុយ​ទៅ​វិញ​វា​អាច​កាច់​សម្បុក​នៅ​កន្លែង​ណា​ផ្សេង​ជា​ពិសេស​ដៃ​ស្បូន​តែ​ម្តង ។ នេះ​ហៅ​ថា​កូនក្រៅស្បូន ដែល​វា​អាច​ធ្វើ​ឲ្យ​បំពង់​ដៃ​ស្បូន​ដាច់ដោច និង​ហូរ​ឈាម​ក្នុង​ពោះ ។ ការ​ហូរ​ឈាម​ក្នុង​ពេល​ប្រហែលជា​នាំ​ឲ្យ​ខ្សោយ ឈឺចាប់ សន្លប់ និង​ស្យុ​ក ។

រឿង​នេះ​អាច​ជា​រឿង​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន ។ ការ​ធ្លាក់ឈាម​តាម​ទ្វារមាស​អាច​ពេល​ខ្លះ​ជា​សញ្ញា​តែ​មួយ​គត់​ក្នុង​ពេល​មាន​កូនក្រៅស្បូន​ថ្វីបើ​អ្នក​អាច​មាន​សញ្ញា ផ្សេង​ៗ​ទៀត​ដូច​ជា ឈឺ​ក្នុង​ពោះ ស្មា ឬ​អាង​ត្រគាក ។

៥-ជំងឺ​កូន​ពង ៖ ករណី​ខ្លះ​ទារក​ក្នុង​ផ្ទៃ​ហាក់បីដូចជា​មិន​លូតលាស់​គ្រប់គ្រាន់​ក្នុង​ផ្ទៃ​ឡើយ ហើយ​អ្នក​ប្រហែលជា​ឃើញ​តែ​កោសិកា​មិនធម្មតា​លូតលាស់​រញ៉េរញ៉ៃ​ក្រៅពី​កូន​ទៅ​វិញ ។

ករណី​ខ្លះ​វា​ប្រហែលជា​មិន​បង្ក​រោគ​សញ្ញា និង​គ្រាន់តែ​រក​ឃើញ​ក្នុង​ពេល​ថត​អេកូ​ប៉ុណ្ណោះ​ឯង ។ ប៉ុន្តែ​ស្ត្រី​ខ្លះ​ធ្លាប់​មានការ​ធ្លាក់ឈាម​តាម​ទ្វារមាស​ដោយ​មាន ឬ​គ្មាន​ដុំ​គ្រាប់​ៗ​ក្នុង​ស្បូន​ឡើយ ។ អាការ ផ្សេង​ៗ​ទៀត អាច​ជា​ការ​ចាញ់កូន​ធ្ងន់ ឬ​ពោះធំ​ខុស​ធម្មតា ។

៦-សញ្ញា​រលូត​កូន ៖ ការ​ឈឺពោះ​បែប រមួល​ៗ និង​ហូរ​ឈាម​អាច​ជា​សញ្ញា​នៃ​ការ​បាត់​បង់​ការ​មាន​ផ្ទៃពោះ ឬ​លូត​កូន​បាន ។ យ៉ាងណាមិញ​ការ​រលូត​កូន​គឺជា​រឿង​កម្រ​ណាស់​ក្រោយ​ពី​មាន​ផ្ទៃពោះ​បាន​៣​ខែ​ហើយ ។ ជាមួយ​គ្នា​នេះ​ដែរ ចូរ​ចង​ចាំ​ក្នុង​ចិត្ត​ថា ប្រហែល​៥០​ភាគរយ​នៃ​ស្ត្រី​ដែល​រលូត​កូន​គឺ​មិន​ធ្លាប់​មានការ​ធ្លាក់ឈាម​អ្វី​ទាំងអស់ ដូច្នេះ​វា​ក៏​មិន​មែន​ជា​សញ្ញា​បញ្ជាក់​តែ​មួយ​គត់​ង​ដែរ ។

៧-ការ​របើក​សុក ៖ ក្រៅពី​ការ​ធ្លាក់ឈាម​តាម​ទ្វារមាស អ្នក​ប្រហែលជា​ធ្លាប់​មានការ​ឈឺ​ចាប់​នៅ​ខ្នង និង​ឈឺពោះ​ដែរ​ក្នុង​ករណី​របើក​សុក ។ វា​អាច​ធ្វើ​ឲ្យ​មាន​ផលវិបាក​ធ្ងន់​បើ​សិនជា​មិន​ត្រូវ​បាន​រក​ឃើញ ភ្លាម​ៗ​ទេ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ទារក​ក្នុង​ផ្ទៃ​កង្វះ​អុក​ស៊ី​សែន ឬ​ម្តាយ​បាត់បង់​ឈាម​ច្រើន​ផង ។ បើសិនជា​ការ​របើក​សុក​កើតឡើង​ជិត​ថ្ងៃ​កើត អ្នក​ប្រហែលជា​ត្រូវ​សម្រាល​ឲ្យ​បាន​លឿន​ហើយ ។

៨-ជំងឺ​សុក​បាំង​មាត់ស្បូន ៖ សុក​បាំង​មាត់ស្បូន​អាច​មាន​ពីរ​ប្រភេទ​គឺ​បាំង​ជិត ឬ​តិច​តួច។ ជំងឺ​នេះ​អាច​ធ្វើ​ឲ្យ​ធ្លាក់ឈាម​តាម​ទ្វារមាស ដោយ​មិន​មានការ​ឈឺចាប់​ឡើយ ។ ពេល​ខ្លះ វា​អាច​ស្រួលបួល​ទៅ​វិញ​ដោយ​ខ្លួនឯង​នៅ​ចន្លោះ​ស​ប្តា​ហ៍​ទី​៣២ ទៅ​៣៥ ដោយសារ​តែ​សុក​លូតលាស់​ទៅ​ខាងលើ​វិញ បន្តិច​ម្តង​ៗ ។ ប៉ុន្តែ​សុក​នៅ​តែ​ស្ថិត​នៅ​ខាងក្រោម​ដដែល ដូច្នេះ​អ្នក​ប្រហែលជា​ត្រូវ​សម្រាលកូន​ដោយ​វះកាត់​វិញ​ទើប​ជា​រឿង​មាន​សុវត្ថិភាព ។

៩-ជំងឺ​សុក​មិន​ធ្លាក់ ៖ នៅ​ពេល​ស្ត្រី​មាន​ជំងឺ​សុក​មិន​ធ្លាក់ វា​អាច​ជា​ហេតុផល​ធំ​មួយ​នាំ​ឲ្យ​ធ​ញ​លាក់​ឈាម​ក្នុង​ត្រីមាស​ចុង​ក្រោយ ។ ការ​ធ្លាក់ឈាម​របៀប​នេះ​អាច​កើតឡើង​ច្រើន រហូត​ដល់​គម្រាម​គំ​ហែង​ដល់​អាយុជីវិត និង​បាត់បង់​ឈាម​ច្រើន​ក្នុង​ពេល​សម្រាល​ទៀត​ផង ។ ករណី​ភាគច្រើន​វា​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ពេល​ពិនិត្យ​ផ្ទៃពោះ​ដោយ​ការ​ថត​អេកូ​ជា​ប្រចាំ ។ បើសិនជា​អ្នកមាន​ជំងឺ​នេះ​មែន គ្រូពេទ្យ​អាច​នឹង​ត្រូវការ​កាត់​ស្បូន​ចោល​ក្រោយ​ពី​សម្រាលកូន​រួច​ដើម្បី​កុំ​ឲ្យ​បាត់បង់​ឈាម​ច្រើន ។

១០-សម្រាល​មិន​គ្រប់​ខែ ៖ ការ​ធ្លាក់ឈាម​តាម​ទ្វារមាស​ក្នុង​ពេល​មាន​ផ្ទៃពោះ​យូរហើយ អាច​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ថា រាង​កាយ​ត្រៀម​នឹង​ការ​សម្រាលកូន​ហើយ ។ រឿង​នេះ​កើតឡើង​នៅ​ពេល​ដែល​ឈាម​លាយ​ជាមួយ​ទឹករំអិល​ធ្លាក់​ចេញ​មក​ខាងក្រៅ ។ បើសិនជា​វា​កើតឡើង​អ៊ីចឹង​មុន​ពេល​ថ្ងៃ​កើត​មែន វា​អាច​ជា​ការ​សម្រាល​មិន​គ្រប់​ខែ​ហើយ (​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ