ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​ប្រេង​ចំនួន​25​កន្លែង​ដែល​អាច​ផលិត​បាន​5​លាន​តោន​ក្នុង​1​ឆ្នាំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល បាន​បង្ហើប​ឲ្យ​ដឹង​ថា កម្ពុជា​បាន​រក​ឃើញ​តំបន់​មាន​ប្រេងកាត​ទាំង​នៅ​ក្នុង​សមុទ្រ និង​លើគោក​ចំនួន​២៥​ប្លុក ដែល​អាច​ផលិត​ប្រេង​បាន​ចំនួន​៥​លាន​តោន​ក្នុង​១​ឆ្នាំ​ៗ ។ រដ្ឋមន្ត្រីក្រសួង​រ៉ែ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល បាន​បង្ហើប​ឲ្យ​ដឹង​ថា កម្ពុជា​បាន​រក​ឃើញ​តំបន់​មាន​ប្រេងកាត​ទាំង​នៅ​ក្នុង​សមុទ្រ និង​លើគោក​ចំនួន​២៥​ប្លុក ដែល​អាច​ផលិត​ប្រេង​បាន​ចំនួន​៥​លាន​តោន​ក្នុង​១​ឆ្នាំ​ៗ ។

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុ​យ សែ​ម បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា តំបន់​ប្រេង​នៅ​សមុទ្រ មាន​ចំនួន​៦​ប្លុក គឺ​ប្លុក A.B.C.D.E និង​ប្លុក​F ប៉ុន្តែ​ប្លុក​A និង​ប្លុក​B នឹង​ចាប់ផ្តើម​ផលិត​នៅ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ដោយ​ក្រុមហ៊ុន KRISENERGY របស់​ប្រទេស​សិង្ហ​បុរី ។ តំបន់​ប្លុក​A អាច​ផលិត​បាន​នៅ​ដំណាក់កាល​ទី​១ ចំនួន​៣១​លាន​បារ៉ែល ហើយ​ប្លុក​C មាន​ក្រុមហ៊ុន​ម៉ា​ឡេ​ស៊ី​កំពុង​សិក្សា​ស្រាវជ្រាវ និង​ប្លុក​មួយ​ចំនួន​ទៀត​មាន​ក្រុមហ៊ុន​ផ្សេង​កំពុង​ដាក់​ពាក្យសុំ​រុករក និង​ស្រាវជ្រាវ​នា​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ ។ ចំណែក​តំបន់​ប្រេង​នៅ​លើគោក​វិញ គឺ​បាន​រក​ឃើញ​នៅ​ខេត្តកំពង់ធំ ដោយ​មាន​ចំនួន​១៩​ប្លុក ក៏​ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន​ប៉េ​ត្រូ​របស់​វៀតណាម​បាន​ដាក់​ពាក្យសុំ​សិក្សា​ស្រាវជ្រាវ និង​ប្លុក​ប្រេង​ចំនួន​១៨​ប្លុក​ទៀត គឺ​ពុំ​ទាន់​មាន​ក្រុមហ៊ុន​ណាមួយ​ស្ម័គ្រចិត្ត​ចូល​ឡើយ ។

លោក ស៊ុ​យ សែ​ម បាន​លើក​ឡើង​ថា ៖« អាជ្ញាធរ​នឹង​រៀបចំ​ឲ្យ​បាន​ល្អ​ប្រសើរ និង​ងាយស្រួល​ដល់​ការ​ដឹក​ជញ្ជូន ហើយនឹង​ធ្វើ​បំពង់​បង្ហូរ​ប្រេង​ពី​ខេត្ត​ព្រះ​សីហ​នុ មក​រាជធានី​ភ្នំពេញ និង​ខេត្ត​ធំ​ៗ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​ផង​ដែរ​។ នៅ​ដើមឆ្នាំ​២០១៩​ខាង​មុខ​នេះ ក្រសួង​រ៉ែ និង​ថាមពល នឹង​ដាក់​សេចក្តីព្រាងច្បាប់ ស្តី​ពី​ប្រេងកាត​នៅ​កម្ពុជា ជូន​ទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​ពិនិត្យ និង​អនុម័ត » ។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Markets Consulting លោក ង៉ែត ជូ បាន​ថ្លែង​ថា ការ​ទទួល​បាន​ផល​ប្រេង គឺជា​រឿង​ល្អ​សម្រាប់​កម្ពុជា ដែល​អាច​មាន​លទ្ធភាព​ទាញ​យក​មក​ប្រើប្រាស់ និង​អភិវឌ្ឍន៍​ប្រទេស​យើង​បន្ថែម​ទៀត ប៉ុន្តែ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន កំពុង​មាន​ភាព​ទន់ខ្សោយ​ផ្នែក​ក្របខ័ណ្ឌ​ច្បាប់​គតិ​យុ​ត្ត​នានា ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ប្រាក់​ដែល​ទទួល​បាន​ពី​ធនធាន​ប្រេង នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​ឲ្យ​មាន​តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​យក​មក​អភិវឌ្ឍន៍​ប្រទេស​ជាតិ ។
លោក​បន្ត​ថា ៖« ការ​ទាញ​យក​ធនធាន​ប្រេង​មក​ប្រើប្រាស់​ឲ្យ​ចំ​ទិស​ដៅ ដើម្បី​ចៀសវាង​បណ្តាសា​ធនធាន​មាន​សារសំខាន់​ណាស់ ដើម្បី​ជួយ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា » ។

បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន បាន​ថ្លែង​កន្លង​មក​ថា កម្ពុជា​ត្រៀមខ្លួន​រួចរាល់​ទាំង​ក្នុង​ក្របខ័ណ្ឌ​ធនធានមនុស្ស ស្ថាប័ន និង​គោលនយោបាយ ដើម្បី​ប្រែក្លាយ​ចំណូល​ប្រេងកាត​ទៅ​ជា​កាត​លី​ករ​ពិតប្រាកដ​មួយ ក្នុង​ការ​អភិវឌ្ឍ​ពិពិធ​កម្ម និង​ទំនើប​កម្ម​សេដ្ឋកិច្ច ដែល​មាន​វិស័យ​ឧស្សាហកម្ម ដើរតួ​កាន់តែ​សំខាន់​ឡើង ដើម្បី​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។

យោង​តាម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង សម្រាប់​ការ​អភិវឌ្ឍ​តំបន់​ប្រេងកាត​ប្លុក​A របស់​ក្រុមហ៊ុន​KRISENERGY រាជរដ្ឋាភិបាល​កម្ពុជា នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន រួម​មាន អត្រា​កម្រៃ​សួយ​សារ​, ពន្ធ​លើ​ប្រាក់​ចំណូល​, ពន្ធ​លើ​ប្រាក់​ចំណូល​លើស​កម្រិត​, ពន្ធ​លើ​ការ​នាំ​ចេញ​, ថ្លៃ​ជួល​ផ្ទៃដី​ប្រចាំឆ្នាំ ជា​ពិសេស រាជរដ្ឋាភិបាល​ទទួល​បាន​ភាគហ៊ុន​៥%​ពី​គម្រោង​អភិវឌ្ឍន៍​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ