រាជធានីភ្នំពេញ ៖ យោងតាមប្រភពផ្លូវការដែលអាចទុកចិត្តបានអះអាងថា ជីវិតស្នេហាឆ្លងទ្វីបរវាងតារាស្រី អ្នកនាង តូច ស្រីពេជ្រ និងស្វាមី ដែលគេមិនទាន់ទាំងបានស្គាល់មុខស្វាមីរបស់អ្នកនាងផងនោះ បានបែកបាក់គ្នាហើយ ដោយសារអ្នកទាំងពីរបានចែកផ្លូវគ្នាយ៉ាងសន្តិវិធី ដែលហាក់ដូចមិនមានរឿងអ្វីកើតឡើងនោះផង។
ការទម្លាយនេះ គឺស្របនឹងហ្វេសប៊ុកផ្លូវការរបស់អ្នកនាង ស្រាប់តែផុសពីរឿងខូចចិត្ត និងជីវិតឯកោជាញឹកញាប់នាពេលចុងក្រោយ ស្របគ្នាដែលអ្នកនាងក៏បង្ហាញពីការប្រេះឆាស្នេហ៍ជារឿយៗ។
តាមប្រភពដែលអាចទុកចិត្តបានថ្លែងប្រាប់ដោយមិនឱ្យបញ្ចេញឈ្មោះថា តារាសម្ដែងអ្នកនាង តូច ស្រីពេជ្រ ការពិតអ្នកនាងបានបែកបាក់ស្វាមីនៅលើទឹកដីអាមេរិកបាត់ទៅហើយ ដោយអ្នកនាង និងស្វាមី គ្រាន់តែនៅរាប់អានគ្នាដើម្បីកូនស្រី និងដើម្បីកុំឱ្យមានរឿងចម្រូងចម្រាស់ណាមួយ ដែលនាំឱ្យខ្ចរខ្ចាយដល់មនុស្សនៅជុំវិញខ្លួនប៉ុណ្ណោះ។
ប្រភពនោះបន្តថា តារាស្រីរូបនេះ សម្រេចចិត្តបែកបាក់ស្វាមី គឺបន្ទាប់ពីអ្នកនាង និងស្វាមី មានរឿងមិនចុះសម្រុងនឹងគ្នាយ៉ាងច្រើន ព្រមជាមួយនឹងគម្លាតការងាររៀងខ្លួនធ្វើឱ្យគូស្នេហ៍របស់អ្នកនាង កាន់តែឆ្ងាយមនោសញ្ចេតនាពីគ្នា។ ម្យ៉ាងហេតុផលជីវិតរស់នៅលើទឹកដីថ្មី ដែលមិនឱ្យនាងសាំនឹងបរិយាកាសដែលប្ដីផ្សេងប្រពន្ធផ្សេង ដូចខ្វះភាពកក់ក្ដៅនោះផង ទើបធ្វើឱ្យអ្នកនាងកាន់តែមានអារម្មណ៍តូចចិត្ត ហើយសភាពការខ្វែងគំនិតក៏តម្រូវឱ្យអ្នកនាងសុំបែកស្វាមី ដោយសន្តិវិធី។
អ្នកនាង និងស្វាមី ត្រូវគេទម្លាយថា នៅមិនទាន់សម្រេចចិត្តប្ដឹងលែងលះដល់ប្រព័ន្ធតុលាការនៅឡើយទេ ដោយសារតែស្វាមីអ្នកនាងចង់ឱ្យអ្នកនាងទទួលបានលិខិតផ្លូវការដែលអាចរស់នៅលើទឹកដីអាមេរិកដោយស្របច្បាប់សិន ទើបសម្រេចចិត្តលែងគ្នាដល់ផ្លូវច្បាប់។
ប្រភពនោះបញ្ជាក់ដោយគួរឱ្យទុកចិត្តថា «ប្ដីប្រពន្ធគាត់ការពិតមានរឿងមិនចុះសម្រុងគ្នាច្រើនហើយ ទើបគាត់ (តូច ស្រីពេជ្រ) មិនដែលបង្ហាញមុខស្វាមី ហើយលូវបែកគ្នាតែម្ដង អ្នកដឹងបានដឹង គឺពួកគាត់ពិតជាបែកគ្នាមែន!»។
តបនឹងការលើកឡើងនេះ អ្នកនាង តូច ស្រីពេជ្រ បានឆ្លើយប្រាប់ថា ខ្លួនមិនទាន់ចង់បកស្រាយពីការលេចធ្លាយដែលបានលើកឡើងនោះទេ ប៉ុន្តែអ្នកនាងបានបញ្ជាក់យ៉ាងខ្លីថា ការពិត គឺនៅតែជាការពិតក្នុងថ្ងៃណាមួយ។
ហើយជាមួយមន្ទិលដាច់ដោចស្វាមីនៅលើទឹកដីអាមេរិកនេះ អ្នកនាងតូច ស្រីពេជ្រ ត្រូវបានគេប៉ាន់ស្មានថា នឹងមិនអាចទំនេរបែបនេះយូរទេ ដោយសារតែអ្នកនាងក៏ជាតារាដែលមានឈ្មោះបោះសំឡេងនៅស្រុកខ្មែរមួយរូបដែរ មុនចាកចេញទៅអាមេរិក បើទោះជាអ្នកនាងមានវ័យជ្រេបន្តិចមែន ប៉ុន្តែបើនិយាយពីរូបសម្រស់គឺមិនធម្មតា ដែលច្បាស់ណាស់បើអ្នកនាងពិតជាទំនេរ គឺបុរសចាស់ក្មេងពិតជាចូលអន្ទង។
យ៉ាងណាមិញ គេកំពុងចាំអ៊ុតមើលថា បើអ្នកនាងពិតជាបែកបាក់ស្វាមីមែន ច្បាស់ជាមិនយូរទេ អ្នកនាងនឹងមានបុរសថ្មីជៀតចូលក្នុងជីវិត ដោយសារតែអ្នកនាងក៏នារីដែលមានរូបសម្រស់មិនចាញ់ក្រមុំក្មេងៗឡើយ៕
ចែករំលែកព័តមាននេះ