ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អី​ស្ត្រី​ខ្មែរ​បច្ចុប្បន្ននិយម​ជិះ​ពាក់​កៀវ​វិញ? (មាន​វីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​សម័យកាល​ពិតជា​បាន​ផ្លាស់​ប្ដូរ​ទំនៀមទម្លាប់​មួយ​ចំនួន​របស់​ស្ត្រី​ខ្មែរ​យើង ។ ពេល​នេះ​កោះសន្តិភាព​សូម​លើកយក​ចំណុច​មួ​យមក​បង្ហាញ នោះ​គឺ​របៀបរបប​នៃ​ការ​ធ្វើ​ដំណើរ​របស់​ស្ត្រី ដោយ​ការ​ជិះ​កង់ ឬ​ម៉ូតូ​។ ត្រង់​ចំណុច​នេះ​ប្រិ​យ​មិត្ត​អ្នក​អាន​ប្រាកដជា​បានដឹង និង​ឃើញ គ្រប់​ៗ​គ្នា…

រាជធានី​ភ្នំពេញ ៖​សម័យកាល​ពិតជា​បាន​ផ្លាស់​ប្ដូរ​ទំនៀមទម្លាប់​មួយ​ចំនួន​របស់​ស្ត្រី​ខ្មែរ​យើង ។ ពេល​នេះ​កោះសន្តិភាព​សូម​លើកយក​ចំណុច​មួ​យមក​បង្ហាញ នោះ​គឺ​របៀបរបប​នៃ​ការ​ធ្វើ​ដំណើរ​របស់​ស្ត្រី ដោយ​ការ​ជិះ​កង់ ឬ​ម៉ូតូ​។ ត្រង់​ចំណុច​នេះ​ប្រិ​យ​មិត្ត​អ្នក​អាន​ប្រាកដជា​បានដឹង និង​ឃើញ គ្រប់​ៗ​គ្នា គ្រាន់តែ​មិន​បាន​ចាប់អារម្មណ៍​ប៉ុណ្ណោះ ។

បើ​តាម​ទំនៀមទម្លាប់​តាំងពី​សម័យ មុន​ៗ​មក ពេល​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ដោយ​ការ​ជិះ​ទោចក្រយាន ឬ​ទោចក្រយានយន្ត​មាន​អ្នក​ឌុ​ប​នោះ ស្ត្រី​តែងតែ​អង្គុយ​ចំហៀង​សំយុង​ជើង​បែរមុខ​ទៅ​ខាងឆ្វេង ឬ​ខាងស្ដាំ​ទៅ​តាម​អ្វី​ដែល​ខ្លួន​អង្គុយ​បាន ។ បើ​តាម​ការ​សង្កេត​ទម្លាប់​នេះ​បាន​កើត​មាន​ឡើង​រហូត​មក​ដល់​អំឡុង​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​១៩៩០ ។

ប៉ុន្តែ​ទំនៀមទម្លាប់​មួយ​នេះ​បាន​ប្រែប្រួល​ទៅ​តា​មកា​រវិ​វ​ឌ្ឍ​នៃ​សម័យកាល នីមួយ​ៗ​ស្រប​តាម​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ ។ ការ​ផ្លាស់​ប្ដូរ​ទំនៀមទម្លាប់​មួយ​នេះ​ស្ទើរតែ​ទាំង​ស្រុង​នៅ​អំឡុង​ពេល​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ហើយ​មក​ដល់​បច្ចុប្បន្ន​នេះ​ស្ទើរ​តែ​ផ្លាស់​ប្ដូរ​ទាំងស្រុង ។ ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​របស់​ស្ត្រី​ខ្មែរ​នា​សម័យ​ទំនើប​នេះ​តាម​រយៈ​ការ​ជិះ​កង់ ឬ​ម៉ូតូ​លែង​អង្គុយ​ចំហៀង​ទៀត​ហើយ ដោយ​ស្ត្រី​និយម​អង្គុយ​ពាក់​កៀវ ។ ថ្វី​ដ្បិតតែ​បាត់បង់​ទំនៀមទម្លាប់​ពី​បុរាណ ប៉ុន្តែ​វា​មាន​សុវត្ថិភាព និង​ស្រួល​អង្គុយ​ក្នុង​ការ​ធ្វើ​ដំណើរ ។

បើ​តាម​លោកតា​ភិន សុខ អាយុ​៨២​ឆ្នាំ ជា​ចាស់ព្រឹទ្ធាចារ្យ​មួយ​រូប​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម សព្វថ្ងៃ​ស្នាក់​នៅ​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា លោកតា​មិនមែន​ជា​សាស្ត្រាចារ្យ​ផ្នែក​វប្បធម៌​ទេ ប៉ុន្តែ​គ្រាន់តែ​បានដឹង​ពី​ទំនៀមទម្លាប់​ត​ពី​ដូន​តាម​កថា ការ​ជិះ​ចំហៀង​គឺ​ស​ម្តៅ​ទៅ​លើ​ស្ត្រី​ដែល​ជិះ​កង់ ឬ​ម៉ូតូ​ខាងក្រោយ​ដោយ​មាន​អ្នក​ឌុ​ប ។ ការ​ប្រៀនប្រដៅ​ឱ្យ​ស្ត្រី​ជិះ​ដោយ​អង្គុយ​ចំហៀង​បែប​នេះ​ក៏​ព្រោះតែ​មាន​មូលហេតុ​មួយ​ចំនួន៖

ទី​១-​ស្ត្រី​ខ្មែរ​មាន​លក្ខណៈសម្បត្តិ​រមទម សុភាព​រាបសា ដូច្នេះ​ការ​ជិះ​ពាក់​កៀវ​បែប​ញែក​កន្ធែកជើង​ត្រូវ​បាន​ដូនតា​ចាត់​ទុក​ថា​ជា​ការ​អាសអាភាស​មិន​សមជា​ស្ត្រី​ខ្មែរ​ឡើយ។

ទី​២-​កាលណា​ស្ត្រី​ជិះ​ពាក់​កៀវ​ធ្វើ​ឱ្យ​សុដន់​របស់​ខ្លួន​ប៉ះ​ខ្នង​អ្នក​ឌុ​ប ហើយ​បើ​អ្នក​ឌុ​ប​នោះ​ទៀត​សោត​គឺជា​បុរស​ផង​បណ្ដាល​ឱ្យ​បាត់បង់​តម្លៃ និង​ភាព​ថ្លៃថ្នូរ ព្រមទាំង​ប៉ះ​​ពាល់​កិត្តិ​យស​ខ្លួនឯង​ផង​និង​ពូជពង្សវង្សត្រកូល​គ្រួសារ​ផង​ដែរ ។

ទី​៣-​ស្ត្រី​ដែល​ជិះ​ដោយ​ការ​អង្គុយ​ចំហៀង​មើលទៅ​ពិតជា​មាន​ភាព​ថ្លៃថ្នូរ​ជា​ស្ត្រី​មាន​លក្ខណៈសម្បត្តិ​ជា​ស្ត្រី​ខ្មែរ ពិត​ៗ សុភាព​រាបសា ស្រគតស្រគំ ដែល​រស់នៅ​ក្នុង​ប្រទេស​ពោរពេញ​ទៅ​ដោយ​ទំនៀមទម្លាប់ និង​ប្រពៃណី​វប្បធម៌​សម្បូរ​បែប និង​ចាក​ផុត​ពី​ការ​និយាយ​និន្ទា​ពី​អ្នកផង​ទាំងពួង ។

ទី​៤-​ស្ត្រី​ជំនាន់​មុន​មិនសូវ​និយម​ស្លៀកខោ​ចូល​ចិត្ត​ស្លៀក​តែ​សំពត់​ដែល​នាំ​ឱ្យ​លំបាក​ក្នុង​ការ​អង្គុយ​ពាក់​កៀវ ហើយ​បើ​ស្លៀកសំពត់​ទៅ​អង្គុយ​ពាក់​កៀវ​នោះ​មើលទៅ​ដូច​ជា​មិន​សម​ខ្លាំង​ណាស់ ។

មិនតែប៉ុណ្ណោះ​មិន​ថា​តែ​ការ​ធ្វើ​ដំណើរ​ដោយ​ទោចក្រយាន ឬ​ទោចក្រយានយន្ត​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​ការ​ដើរ​ដោយ​ថ្មើរជើង​ក៏​មាន​របៀប​ដែរ គឺ​មិន​ឱ្យ​ដើរ​បញ្ឆឹក​ដី ទ​ន្ទ្រាំ​ជើង ខ្លាំង​ៗ លាន់ឮ​ដល់​អ្នក​ដទៃ​ទេ ត្រូវ​តែ​ប្រើ​ជើង ស្រាល​ៗ​ក្នុង​ការ​ដើរ ។

លោកតា​ភិន សុខ បាន​បន្ត​ថា ដោយឡែក បច្ចុប្បន្ន​ដែល​ជា​សម័យកាល​ទំនើប និង​ស៊ី​វិ​ល័យ​នេះ​មិន​អាច​និយាយ​ដូច​សម័យកាល​បុរាណ​បាន​ទៀត​ទេ ស្រប​តា​មកា​រវិ​វ​ឌ្ឍ​របស់​ប្រទេស​ជាតិ និង​សាកលលោក ។ គួប​ផ្សំ​ទៅ​នឹង​វប្បធម៌​បរទេស​ហូរ​ចូល​ខ្លះ​ផង​នោះ បាន​​ធ្វើ​ឱ្យ​ទំនៀមទម្លាប់​មួយ​ចំនួន​នៅ​ក្នុង​សង្គម​ខ្មែរ​យើង​ត្រូវ​ផ្លាស់​ប្ដូរ ។ សព្វ​ថ្ងៃនេះ​មិន​ថា​តែ​នៅ​រាជធានី ទីក្រុង ឬ​ជនបទ​នោះ​ទេ ទំនៀមទម្លាប់​ជិះ​ដោយ​អង្គុយ​ចំហៀង​របស់​ស្ត្រី​បាន​ផ្លាស់​ប្ដូរ​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ ។

លោកតា​ភិន សុខ សង្កេត​ឃើញ​ថា ស្ត្រី​បាន​ជិះ​កង់ ឬ​ម៉ូតូ​ពីក្រោយ​ដោយ​មាន​អ្នក​ឌុ​ប​ដោយ​ការ​ពាក់​កៀវ​ស្ទើរ គ្រប់​ៗ​គ្នា ហើយ​ការ​ជិះ​បែប​នេះ​ថ្វី​ដ្បិតតែ​មើលទៅ​បែប​កន្ធែក​ជើង​ធ្វើ​ឱ្យ​បាត់បង់​ទំនៀមទម្លាប់​ពី​បុរាណ​ពិតមែន ប៉ុន្តែ​មាន​សុវត្ថិភាព និង​ស្រួល​ជិះ​ក្នុង​ពេល​ធ្វើ​ដំណើរ ព្រោះ​នៅ​តាម​ដងផ្លូវ​នា​សម័យ​ទំនើប​នេះ​ចរាចរណ៍​មាន​ភាព​មមាញឹក។

នៅ​តាម​ដងផ្លូវ​ក្រៅពី​កង់ ឬ​ម៉ូតូ គឺ​មាន​រថយន្ត​គ្រប់​ម៉ាក គ្រប់​ធុន និង​គ្រប់​ស៊េរី​នោះ បើ​ម៉ូតូ​វិញ​មាន​សុទ្ធតែ​ស៊េរី ទំនើប​ៗ​ថែម​ទៀត​ផង ដូច្នេះ​ស្ត្រី​មិន​អាច​ជិះ​ចំហៀង​ទៀត​បាន​ឡើយ​ព្រោះ​វា​អាច​ជា​មូលហេតុ​នាំ​ឱ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរ ។ ដូច្នេះ​ហើយ​ទើប​ស្ត្រី​ទូទៅ​ធ្វើ​ដំណើ​តាម​ម៉ូតូ​គឺ​អង្គុយ​ពាក់​កៀវ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​អ្នក​ដទៃ មិន​ដូច​សម័យ​បុរាណ​ឡើយ​ដែល​គ្មាន​យាន​ជំ​នេះ​សម្បូរ​បែប និង​មិន​ទាន់​មាន​ភាព​ស៊ី​វិ​ល័យ ពិសេស​ស្ត្រី​តែង​អនុវត្ត​ខ្ជាប់ខ្ជួន​ទំនៀមទម្លាប់ ។

ទាំងនេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា​ពី​សម័យកាល​មួយ​ទៅ​សម័យកាល​មួយ​មានកា​រវិ​វ​ឌ្ឍ ខុស​ៗ​គ្នា ហើយ​ស្ត្រី​ខ្មែរ​បច្ចុប្បន្ន​ភាគច្រើន​ចេះ​បើកបរ​ម៉ូតូ និង​មួយ​ចំនួន​ទៀត​ចេះ​បើកបរ​ទាំង​រថយន្ត​ដោយ​ខ្លួនឯង​ថែម​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ