ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ​ថា ហេតុ​អ្វី​បានជា​ស្រី្ត​ខ្លះ​មាន​រូបអាក្រក់?

5 ឆ្នាំ មុន

កាល​ព្រះ​បរម​សាស្តា​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ជិត​ក្រុង​សាវត្ថី នាង​មល្លិកា​ទេវី ជា​អគ្គមហេសី​ព្រះបាទ​ប​សេន​ទិ​កោសល បាន​ចូល​ទៅ​ក្រាប​បង្គំ​ទួល​សួរ​ប្រស្នា​២ ខ ចំពោះ​ព្រះ​អង្គ​ថាៈ ១-​បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ហេតុ​អ្វី​បានជា​ស្ត្រី​ពួក​ខ្លះ​ក្នុង​លោក​នេះ មាន​សម្បុរ​អាក្រក់​ផង មាន​រូបរាង​អាក្រក់​ផង ជា​អ្នកក្រ​ខ្សត់​ផង…

កាល​ព្រះ​បរម​សាស្តា​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ជិត​ក្រុង​សាវត្ថី នាង​មល្លិកា​ទេវី ជា​អគ្គមហេសី​ព្រះបាទ​ប​សេន​ទិ​កោសល បាន​ចូល​ទៅ​ក្រាប​បង្គំ​ទួល​សួរ​ប្រស្នា​២ ខ ចំពោះ​ព្រះ​អង្គ​ថាៈ

១-​បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ហេតុ​អ្វី​បានជា​ស្ត្រី​ពួក​ខ្លះ​ក្នុង​លោក​នេះ មាន​សម្បុរ​អាក្រក់​ផង មាន​រូបរាង​អាក្រក់​ផង ជា​អ្នកក្រ​ខ្សត់​ផង និង​មិន​មានបុណ្យ​ស័​ក្កិ​ផង ?

គ្រានោះ​ព្រះ​សាស្តា​ទ្រង់​ត្រាស់​ថា ម្នាលនាង​មល្លិកា ស្ត្រី​ទាំងនោះ​ជា​អ្នក​ក្រោធ​ខឹង​ច្រើន មានចិត្ត​មានះ​រឹងរូស មានចិត្ត​ចង្អៀតចង្អល់ គេ​និយាយ​ប៉ះពាល់​បន្តិចបន្តួច ក៏​ចងចិត្ត​ខឹង​ព្យាបាទ ធ្វើ​មុខ ក្រ​ញេ​ក្រញូវ​ឡើង​ភ្លាម និង​ជា​អ្នក​មិន​ដែល​ធ្វើ​ទាន​ចំពោះ​សមណៈ​ផង មិន​ធ្វើ​ទាន​ដល់​ជន​ក្រីក្រ​ផង ជា​អ្នកមាន​ចិត្ត​ឫស្សា ច្រណែន​ចំពោះ​លាភសក្ការៈ​ដែល​គេ​បាន​មក​ដោយ​កម្លាំង​សុចរិត មិន​រាប់អាន​អ្នក​ដទៃ និង​មិន​គោរព​ចាស់ទុំ​ផង ទើប​ស្ត្រី​នោះ​មាន​រូបអាក្រក់​ផង ក្រខ្សត់​ទ្រព្យ​ផង និង​មិន​មានបុណ្យ​ស័​ក្កិ​ផង ។

សេចក្តី​នេះ​លោក​សំដៅ​ន័យ​ថា ឱ្យ​ផល​ទាំង​បុរស​ទាំង​ស្ត្រី​គឺ ការ​ក្រោធ​ខឹង​នឹង​អ្នក​ដទៃ ទៅ​អនាគតជាតិ​នាំ​ឱ្យ​មាន​រូប​កាយ ពណ៌​សម្បុរ​អាក្រក់ ការ​មិន​ធ្វើ​ទាន ជា​ហេតុ​ឲ្យ​ក្រខ្សត់​ទ្រព្យសម្បត្តិ ការ​ច្រណែន​ចងចិត្ត​ឫស្សា​ចំពោះ​លាភសក្ការៈ​អ្នក​ដទៃ ​មានចិត្ត​អាក្រក់​មិន​ចង់​ឲ្យ​គេ​គ្រាន់បើ​ជាង​ខ្លួន ជា​ហេតុ​នាំ​ឲ្យ​មិន​មានបុណ្យ​ស័​ក្កិ ។

២-​នាង​មល្លកា​សួរ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន អ្វី​ជា​ហេតុ​ដែល​នាំ​ឲ្យ​ស្ត្រី​ពួក​ខ្លះ​ក្នុង​លោក​នេះ ជា​អ្នកមាន​រូប​ស្អាត​ផង គួរ​ជាទី​គយ​គុណ​ផង គួរ​ជាទី​ពេញចិត្ត​ផង ប្រកបដោយ​ពណ៌​សម្បុរ និង​ទ្រង់ទ្រាយ​ដ៏​ឧត្តម​ផង ជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​ផង និង​មាន​ស័​ក្កិ​ធំ​ផង?

ព្រះ​បរម​សាស្តា​សម្តែង​ថា ម្នាលនាង​មល្លិកា ស្ត្រី​នោះ​ជា​អ្នក​មិន​ក្រោធ​ខឹង ទោះជា​គេ​និយាយ​ប៉ះពាល់​យ៉ាងណា​ក៏​មិន​ខឹង គឺ​នៅ​តែ​មាន​ទឹកមុខ​ស្រស់ញញឹម មិន​ព្យាបាទ ជា​ស្ត្រី​ធ្លាប់​ធ្វើ​ទាន មាន​ឲ្យ​បាយ​ទឹក ប្រាក់​កាក់​ជាដើម មិន​មាន​ឫស្យា និង​មិន​ចេះ​ច្រណែន​អ្នក​ដទៃ ទើប​ស្ត្រី​នោះ​មាន​រូប​ស្អាត មាន​សម្បុរ​ល្អ មាន​ទ្រង់ទ្រាយ​ឧត្តម​ប្រសើរ គួរ​ឲ្យ​ចង់​មើល​ចង់​ឃើញ និង​ជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ មានបុណ្យ​ស័​ក្កិ​ធំ ។

លុះ​ចប់​ប្រស្នា​នាង​មល្លកា​ក្រាបទូល​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ចាប់តាំងពី​ថ្ងៃនេះ​ទៅ ខ្ញុំព្រះអង្គ​មិន​ក្រោធ​ខឹង ខំអត់​សង្កត់ចិត្ត​នូវ​សេចក្តី​ក្រោធ​ខឹង ខំ​ធ្វើ​ទាន​ឲ្យ​បាន​ច្រើន មិន​ឲ្យ​សេចក្តី​ច្រណែន​ឫស្សា​ចំពោះ​អ្នក​ដទៃ​កើតឡើង​បាន​ឡើយ ។