ស្រាវជ្រាវ ៖ រដ្ឋាភិបាលសង្គមនិយមអេស្ប៉ាញត្រៀមអនុម័តសេចក្តីព្រាងច្បាប់បញ្ឈប់ការព្យាបាលអ្នកជំងឺដែលជិតស្លាប់នៅក្នុងខែមីនា ២០១១ ដោយអនុញ្ញាតឱ្យអ្នកជំងឺធ្ងន់ធ្ងរ ឬមិនអាច ព្យាបាលឱ្យជាសះស្បើយ ហើយរងការឈឺចុកចាប់ខ្លាំង «អាចស្លាប់សមតាមបំណង» ។ ច្បាប់នេះនឹងបញ្ជាក់ពីសិទ្ធិរបស់អ្នកជំងឺដែលកំពុងប្រឈមមុខនឹងការស្លាប់ រួមទាំងសិទ្ធិរបស់ក្រុមគ្រួសារ និងមន្ត្រីពេទ្យដែលព្យាបាលអ្នកជំងឺទាំងនោះ ដើម្បីឱ្យអ្នកជំងឺអាចស្លាប់ដោយគ្មានទុក្ខលំបាកវេទនា ។ នេះបើតាមលោកអាល់ហ្វ្រេដូ ប៉េរ៉េស រូបាលកាវ៉ា ឧបនាយករដ្ឋមន្ត្រីប្រាប់ទីភ្នាក់ងារព័ត៌មានក្រោយពីប្រជុំគណៈរដ្ឋមន្ត្រី ។
លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា «នៅពេលអ្នកជំងឺម្នាក់ស្ថិតក្នុងអំឡុងពេលចុងក្រោយនៃជីវិត ហើយស្ថិតក្នុងភាពឈឺចាស់ ពិបាកទ្រាំនោះ គ្រូពេទ្យអាចជួយគេឱ្យបញ្ចប់ជីវិត តែគ្រូពេទ្យត្រូវប្រាកដប្រជាក្នុងចិត្តថា ការស្លាប់របស់អ្នកជំងឺសមតាមបំណង និងគ្មានការទទួលការលំបានវេទនាណាមួយទេ» ។ ច្បាប់នេះបានព្រាងឡើងតាមច្បាប់ដែលមានប្រើប្រាស់ស្រាប់ ក្នុងពេលបច្ចុប្បន្ននៅតាមបណ្តាប្រទេសផ្សេងៗនៅអឺរ៉ុប។ លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា «គ្រូពេទ្យត្រូវបំពេញបំណងអ្នកជំងឺដំណាក់កាលធ្ងន់ធ្ងរមិនអាចសង្គ្រោះបាន គឺជួយឱ្យស្លាប់តាមសំរួលបានដោយមូលហេតុរបស់អ្នកជំងឺផ្ទាល់ ឬព្រោះតែគេឈឺចាប់ និងចង់ស្លាប់» ។ នេះជារឿងខុសច្បាប់ក្នុងប្រទេសអេស្ប៉ាញ ប៉ុន្តែសេចក្តីព្រាងក្រោយនេះអនុញ្ញាតឱ្យអ្នកជំងឺដែលស្ថិតក្រោមការព្យាបាលរបស់គ្រូពេទ្យមានសិទ្ធិបដិសេធការព្យាបាល ៕
ចែករំលែកព័តមាននេះ