ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​មេអាប៉ោង​២​នាក់ សុទ្ធតែ​ជន​ពិការ​ជើង​រត់​មិន​រួច​ដូច​គេ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៥ កក្កដា ២០១៨​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​ចុះ​បង្ក្រាប​ល្បែង​សី​សង​ខុសច្បាប់​(​អាប៉ោង​)…

ខេត្តកណ្ដាល ៖ កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៥ កក្កដា ២០១៨​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​ចុះ​បង្ក្រាប​ល្បែង​សី​សង​ខុសច្បាប់​(​អាប៉ោង​) មួយ​កន្លែង​នៅ​ចំណុច ភូមិ​ឈើទាល​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ តែ​កិច្ច​បង្ក្រាប​នោះ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​មេ​បាញ់ អាប៉ោង​ពីរ​នាក់ ដែល​សុទ្ធតែ​ជន​ពិការ​ជើង​រត់​មិន​រួច ចំណែក​អ្នកលេង​រត់​បាត់​អស់ សល់​តែ​ស្បែកជើង នៅ​គរ​កន្លែង​វង់ល្បែង​។

ជនសង្ស័យ​ម្នាក់​ឈ្មោះ កូវ ផាត ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​នៅផ្ទះ ( ពិការ​ស្វិតជើង​) ជា​ម្ចាស់ផ្ទះ​ផ្ដល់​ទីកន្លែង​ឲ្យ​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​អាប៉ោង​) មាន​ទីលំនៅ ភូមិ​ឈើទាល​២ ឃុំ​ឈើទាល​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល (​ត្រូវ​បាន​ឃាត់ខ្លួន​)​។ និង​ម្នាក់​ទៀត​ឈ្មោះ នូ រស់ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ (​ក៏​ជា​ជន​ពិការ​ជើង​ទាំង​ពីរ​ដែរ ) មាន​ទីលំនៅ ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។ វ​ត្តុ​តាង​ចាប់​យក​បាន​មាន ទី​១-​ចាន​បាញ់អាប៉ោង ០១, ទី​២-​គំរប​ចាន​អាប៉ោង ០១ ទី​៣-​កម្រាល​រន្ធ​ចាក់​អាប៉ោង ០១ ទី​៤-​ស្បែកជើង ៦ គូ​។

នៅ​វេលា​ម៉ោង​ខាងលើ មាន​ប្រជាពលរដ្ឋ​ល្អ បាន​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ដឹង​ថា មាន​ក្រុម​អ្នកលេង ល្បែងស៊ីសង​ខុសច្បាប់​(​អាប៉ោង​)​មួយ​កន្លែង នៅផ្ទះ​ឈ្មោះ កូវ ផាត ភូមិ​ឈើទាល​២​។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នោះ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ឈើទាល បាន​ចុះ​ទៅ​បង្ក្រាប​ភ្លាម តែ​ពេល​នោះ​អ្នកលេង​ហាក់ដូចជា​បានដឹង​មុន នាំ​គ្នា​រត់​ចោល​ស្បែកជើង​អស់ នៅ​សល់​តែ​(​មេ​)២​នាក់​រត់​មិន​រួច ព្រោះ​ពួក​គេ​ជា​ជន​ពិការ​ជើង​ដូច​គ្នា សុខចិត្ត​នៅ​លើកដៃ​សំពះ សើច​ដាក់​ប៉ូលិស និង​អង្វ​ករ​សុំ​ការ​យោគយល់​ប៉ុ​ណ្តោះ​។

តែ​ទោះជា​យ៉ាងណា​ក្តី​សមត្ថកិច្ច បាន​ធ្វើការ​ឃាត់ខ្លួន មេអាប៉ោង​២​នាក់​នោះ ដើម្បី​ធ្វើការ​អប់រំ និង ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​លេង​ទៅ​ថ្ងៃក្រោយ​ទៀត​។ សមត្ថកិច្ច​ធ្វើ​បែប​នេះ​ដោយ​សម្អាង លើ​មេអាប៉ោង​ទាំង​២​នាក់​សុទ្ធ​ជន​ពិការ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ