ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូងភ្នំ​ណាខ្លះ ​ជាប់​ពាក់ព័ន្ធ​​ប្រវត្តិសាស្ត្រ? រូងភ្នំ​ណាខ្លះ ​ដែល​ធ្វើ​អាជីវកម្ម​ចេញ-ចូល​យកឈ្នួល?

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ កំពត​ គឺជា​ខេត្ត​មួយ​មើលទៅ​ទីណាក៏​ពោរពេញ​ទៅ​ដោយ​ភ្នំ​ដែរ មើល​ពី​ចម្ងាយ​ទៅ​មាន​ពណ៌​ខៀវស្រងាត់​គួរ​ឱ្យ​គយគន់ ​។ ពិតមែន​ជា​ខេត្ត​មាន​ភ្នំ​ច្រើន មជ្ឈដ្ឋាន​ទូទៅ​ចង់​ដឹង​ថា តើមាន​រូងភ្នំ​ប៉ុន្មាន​គួរ​ចាប់អារម្មណ៍​ជាងគេ ។…

ខេត្តកំពត ៖ កំពត​ គឺជា​ខេត្ត​មួយ​មើលទៅ​ទីណាក៏​ពោរពេញ​ទៅ​ដោយ​ភ្នំ​ដែរ មើល​ពី​ចម្ងាយ​ទៅ​មាន​ពណ៌​ខៀវស្រងាត់​គួរ​ឱ្យ​គយគន់ ​។ ពិតមែន​ជា​ខេត្ត​មាន​ភ្នំ​ច្រើន មជ្ឈដ្ឋាន​ទូទៅ​ចង់​ដឹង​ថា តើមាន​រូងភ្នំ​ប៉ុន្មាន​គួរ​ចាប់អារម្មណ៍​ជាងគេ ។ រូងភ្នំ​ណាខ្លះ ​មាន​ជាប់​ពាក់ព័ន្ធ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ ? រូងភ្នំ​ណាខ្លះ ​ដែល​ធ្វើ​អាជីវ កម្ម​ចេញចូល​យកឈ្នួល ?

លោក គង់ ផល្លា ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​បាន​ប្រាប់​ថា រូងភ្នំ​នៅ​ខេត្តកំពត​មាន​ច្រើនតែ​លោក​ប្រធាន​មន្ទីរ​បាន​លើក​មក​និយាយ​តែ​រូងភ្នំ​ឈ្ងោក និង​រូងភ្នំ​ក្បាល​រមាស ដែល​រូងភ្នំ​ទាំង​ពីរ​នេះ​ស្ថិត​នៅ​ក្នុងស្រុក​ទឹកឈូ​តែ​ប៉ុណ្ណោះ ។ ទោះជា​មិន​ទាន់​មានការ​ស្រាវជ្រាវ​ឈ្មោះ​រូងភ្នំ​ជា​ផ្លូវការ​របស់​មន្ទីរ​ជំនាញ​ក៏​ដោយ អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​បាន​ចុះ​ស្រាវជ្រាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​សួរនាំ​ពី​លោក ហង្ស សុ​ធន អាយុ​៧៣​ឆ្នាំ ជា​អ្នក​ចូល​បម្រើ​ជួរ​កងទ័ព​តាំងពី​ជំនាន់​ខ្មែរក្រហម និង​សម័យ​រដ្ឋ​កម្ពុជា​បាន​អះអាង​ថា រូងភ្នំ​ក្នុង​ខេត្តកំពត​មាន​ចំនួន​២៥​រូង ។

ស្រុក​ទឹកឈូ​មាន​រូងភ្នំ​ចំនួន​៣ ១-​រូងភ្នំ​ក្បាល​រមាស​ឬ​ភ្នំ​សេ​ដា​អោន មាន​រូង​វែង​ជាងគេ​ក្នុង​ចំណោម​រូងភ្នំ​នានា​ក្នុង​ខេត្ត គឺ​មាន​ប្រវែង​១​គីឡូម៉ែត្រ បច្ចុប្បន្ន​ជន​បទេស​កំពុង​ធ្វើ​អាជីវកម្ម​ដោយ​ដាក់​ខ្សែ​រ៉ក​ជិះ​ឡើង​តាម​ជម្រាលភ្នំ​និង​ចូល​ក្នុង​រូង​មើល​កម្សាន្ត ក្នុង​ម្នាក់​ថ្លៃ​៤០​ដុល្លារ ។ ២-​រូងភ្នំ​ឈ្ងោក សំបូរ​ទៅ​ដោយ​អ្នក​ស្នង​រូប​នៅ​ក្រ​លៀត​ក្រឡះ​ភ្នំ​ជា​ច្រើន​នាក់ ។ ៣-​រូងភ្នំ​បុស​របង ក៏​មាន​អះអាង​ពី​ក្រុម​អ្នក​ភូមិ​ថា មាន​អ្នក​សច្ចំ​រស់នៅ​ផង​ដែរ ជា​ជួរ​ភ្នំ​ក្រុមហ៊ុន​សុ​ី​ម៉​ង់​ត៍​ចក្រី​ទីង ។

រីឯ​ស្រុក​ឈូក​មាន​ភ្នំ​២៦ ជា​ភ្នំ​សំបូរ​ទៅ​ដោយ​ដី​អាច​ដាំ​ដំណាំ​បាន ប៉ុន្តែ​ភ្នំ​ទាំង​អស់នេះ​មិន​មាន​រូង​ទេ ។
ស្រុក​ជុំ​គី​រី​មាន​ភ្នំ​៣៩ ត្រូវ​ចាស់ទុំ​និយាយ​ថា មាន​ភ្នំ​លះបង់​តែ​មួយ​គត់​មាន​រូង ។ រៀងរាល់ថ្ងៃ​សីល​អ្នក​ភូមិ​តែងតែ​ឮ​សំឡេង​ភ្លេងពិណពាទ្យ​រងុំ​ចេញពី​រូងភ្នំ ។ ចំណែក​ស្រុក​អង្គរ​ជ័យ​មាន​ភ្នំ​៦ តែ​ភ្នំ​ទាំងនេះ​មាន​ការដ្ឋាន​ថ្ម​វាយ​បំផ្ទុះ​ស្ទើរ​រលាយ​រលត់​នៅ​ពេល​ខាង​មុខ​នេះ​ហើយ ។

ស្រុក​ដងទង់ មាន​រូងភ្នំ​ចំនួន​៥ ១-​រូងភ្នំ​ភ្នំពេញ អ្នកស្រុក​មាន​ជំនឿ​ទៅ​លើ​ការ​បែ​បន់​ផ្សេង​ៗ ។ អ្នកស្រុក​ថា កាល​របប​ខ្មែរក្រហម​មាន​មនុស្ស​ស្លាប់​ចំនួន​១២​នាក់ ដោយសារ​ថ្ម​សង្កត់ ព្រោះ​ពួក​ខ្មែរក្រហម​បញ្ជូន​ទៅ​វាយ​ថ្មភ្នំ​អត់​បច្ចេកទេស ។ បច្ចុប្បន្ន​រង​ការ​ដាក់​គ្រាប់រំសេវ​បំផ្ទុះ​យក​ថ្ម ។ ២-​រូងភ្នំ​ល្អាង មាន​សត្វ​ប្រចៀវ​រស់នៅ​រាប់​លាន​ក្បាល សព្វថ្ងៃ​ក្រុមហ៊ុន​ឯកជន​កំពុង​ផលិត​សុ​ី​ម៉​ង់​ត៍ ។ ៣-​រូងភ្នំ​សុ​ទិព្វ ត្រូវ​ថ្ម​បាក់​សង្កត់​ជិត​មាត់​រូង​ទៅ​ហើយ គេ​ហៅ​ថា​រូងភ្នំ​ថ្ម​សុ​ី​ដែក ។ ភ្នំ​សុ​ទិព្វ​នេះ គេ​កំពុង​ដាក់​គ្រឿង​បំផ្ទុះ​ដែរ ។ ៤-​រូងភ្នំ​តូច អ្នកស្រុក​មាន​ជំនឿ​ក៏​មាន​មនុស្ស​ម្នា​ឡើង​ទៅ​បែ​បន់​ផង​ដែរ ។ ៥-​រូងភ្នំ​ក្បាល​ទីង ជា​អតីត​ទីជម្រក​របស់​ទ័ពព្រៃ​ខ្មែរក្រហម​ស្នាក់​នៅ ។

ស្រុក​បន្ទាយមាស​មាន​រូងភ្នំ​ចំនួន​១០ ១-​រូងភ្នំ​គុហា​ព្រះ​ភ្នំ​ទទុង​ទូក​មាស​មាន​ប្រាសាទ​បាក់បែក​នៅ​លើ​ភ្នំ​នោះ​ក្លាយ​ជាទី​សក្ការៈ ។ ២-​រូងភ្នំ​ច្រ​លួ​ញ មិន​អាច​ចូល​ទៅ​បាន​ទេ​ដោយសា​មាន​ក្រុមហ៊ុន​ឯកជន​ដាក់​រំសេវ​បំផ្ទុះ​ធ្វើ​អាជីវកម្ម​យក​ថ្ម ។៣-​រូងភ្នំ​វិហារ​ទឹក​ស្រក់ មាន​ប្រចៀវ​រស់នៅ​រាប់​លាន​ក្បាល​ហើរ​ម្តង​ៗ​ងងឹត​មេឃ ។៤-​រូងភ្នំ​កន្លង់ ជា​កន្លែង​អតីត​កង​ទាហាន​យៀកកុង​បោះទីតាំង ។ ៥-​រូងភ្នំ​ស្ដេច​គង់ ពី​អតីតកាល​ឬ​ពី​សម័យ​សង្គ្រាម​ក៏​មាន​កង​ទាហាន​យៀកកុង មក​បោះទីតាំង​ហើយ​ស្លាប់​នៅ​ទីនោះ​ច្រើន​ដែរ សព្វថ្ងៃ​មាន​ដាក់​គ្រឿង​បំផ្ទុះ​យក​ថ្ម​ធ្វើ​អាជីវកម្ម​គួរ​ឱ្យ​ស្តាយ ។ ៦-​រូងភ្នំ​ថ្ម​ល្ងៀង​ត្រូវ​បាន​យន្តហោះ​អា​មេ​រិ​ក​ទម្លាក់​បាក់​លុប​ជិត​ទៅ​ហើយ​និង​មាន​គ្រឿង​បំផ្ទុះ​ជា​ច្រើន​យក​ថ្ម​ធ្វើ​អាជីវកម្ម ។ ៧-​រូងភ្នំ​ទូក​មាស កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ​មាន​ស្ត្រី​ម្នាក់​បាន​អះអាង​ថា ខ្លួន​ជា​ស្នង​រូប​ព្រះ​សិ​អារ្យ​មេត្រី​មក​ស្នាក់​នៅ​ចូល​រូប​ទស្សន៍​ទាយ ។ ៨-​រូងភ្នំ​នៅ​តាម​ជួរ​ភ្នំ​ទូក​មាស សុទ្ធ​តែព្រៃ​គឺ​មនុស្ស​ផង​ទាំងពួង​មិន​ហា​៊​ន​ចូល​នៅទេ ព្រោះ​សំបូរ​ដោយ​សត្វ​ពស់មានពិស ។
៩-​រូងភ្នំ​គុហា​ដំបង​នៅ​ជួរ​ភ្នំ​ទូក​មាស​ដែរ តែ​ស្ថិត​នៅ​ប៉ែក​ចុង​ភ្នំ ក៏​គ្មាន​អ្នក​ណា​ហ៊ាន​ចូល​ដែរ ។ ១០-​រូងភ្នំ​គុហា​ទឹកធ្លាក់​ឬ​ទឹក​ស្រក់​គេ​មិនសូវ​ដែល​ចូល​ទេ ប៉ុន្តែ​អ្នក​ដែល​ធ្លាប់​ទៅ ធ្វើ​ឱ្យ​គេ​សង្ស័យ​ថា​រូង​នេះ​មាន​ថ្ម​ត្រជាក់ ។

ស្រុក​កំពង់ត្រាច​មាន​រូងភ្នំ​៧ ១-​រូងភ្នំ​ទឹក​សំបូរ​ទៅ​ដោយ​ពស់វែក ។ ប៉ុន្មាន​ឆ្នាំ​មុន​នេះ​ក្របី​១​ក្បាល​ទៅ​ក្បែរ​រូង​ត្រូវ​បាន​ពស់​ចឹក​ងាប់​នៅ​នឹង​កន្លែង ។ ២-​ភ្នំ​តា​ម៉ុ​ក​ក៏​ជា​កន្លែង​លាក់ខ្លួន​ពួក​យៀកកុង​ក្នុង​សង្គ្រាម​ឆ្នាំ​៧២​ដែរ ជា​ជម្រក​លាក់ខ្លួន​របស់​តា​ម៉ុ​ក ។ ៣-​ភ្នំ​កំពង់ត្រាច មាន​រូង​ជា​ច្រើន​ខ្វាត់ខ្វែង​គ្មាន​អ្នក​ចូល​ទៅ​កម្សាន្ត​ទេ គឺ​គ្មាន​អ្នក​ហ៊ាន​ចូល ។ ៤-​រូងភ្នំ​ដំរី គេ​ចាំ​បាន​ថា​កាលពី​ជិត​២០​ឆ្នាំ មុន​មាន​មនុស្ស​ឡើង​យក​ឃ្មុំ​ហើយ​ធ្លាក់​ស្លាប់​ម្នាក់​កាន់តែ​ធ្វើ​ឱ្យ​អ្នកស្រុក​ខ្លាច លែង​ហ៊ាន​ចូល​។ ៥-​រូងភ្នំ​គង​លាន់ ក៏​អ្នកស្រុក​ធ្លាប់​ទៅ​សុំ​ទឹក​ពី​ភ្នំ​នោះ​ផឹក​ដែរ ដោយ​គេ​ជឿ​ថា​មាន​គង​លាន់​ឮជា​រៀងរាល់ថ្ងៃ​សីល​អ្នក​ខ្លះទៅ​ដេកចាំ​យក​ទឹក​មក​ផឹក​ព្រោះ​គេ​ជឿ​ថា​មាន​បារមី ។៦-​រូងភ្នំ​ខ្យង មាន​ប្រាសាទ​នៅ​ក្នុង​រូងភ្នំ​នោះ​ហើយ​ក៏​ធ្លាប់​មាន​មនុស្ស​បាក់​ដី​សង្កត់​ស្លាប់​នៅ​ទីនោះ​ដែរ​ពី​អតីតកាល​មនុស្ស​ខ្លាច​មិន​ហ៊ាន​ចូល ។ ៧-​រូងភ្នំ​ក្រពើ ចាស់​ៗ​ច្រើន​តែ​និយាយ​ត​ៗ​គ្នា​ថា មាន​ក្រពើ​នៅ​ក្នុង​រូងភ្នំ​នោះ គ្មាន​អ្នក​ណា​ហ៊ាន​ប្រថុយ​ចូល​ទេ ។

ទោះបីជា​បែប​ណា​រូងភ្នំ និង​ភ្នំ​នីមួយ​ៗ​សុទ្ធតែ​មាន​ប្រវត្តិ​ពី​បុរាណកាល អ្នកស្រុក​តែងតែ​នាំ​គ្នា​ទៅ​គោរព​និង​ធ្វើបុណ្យ​សុំ​សេចក្ដីសុខ​ទៅ​តាម​ជំនឿ​រៀង​ៗ​ខ្លួន​រហូត​មក​ទាល់​សព្វថ្ងៃ ។ បាន​កត់​សម្គាល់ថា មាន​ជនបរទេស​ទំនងជា​អ្នក​ស្រាវជ្រាវ​សិក្សា នៅ​តែ​បន្ត​ចូល​កម្សាន្ត​ក្នុង​រូងភ្នំ​វែង​ជាងគេ ក្នុង​ចំណោម​រូងភ្នំ​ទាំង​២៥​នៅ​ខេត្តកំពត ។

ជនបរទេស​ជា​ច្រើន​នាក់​នៅ​តែ​បន្ត​ចូល​ទៅ​កម្សាន្ត​ក្នុង​រូងភ្នំ​ក្បាល​រមាស​ឬ​ភ្នំ​សេ​ដា​អោន ទោះបី​មាន​មនុស្ស​ជាប់​គាំង​នៅ​ក្នុង​រូងភ្នំ​ប្រទេស​ថៃ​ក៏​ដោយ ។ ដោយឡែក​នៅ​ខេត្តកំពត​ឯណោះ​វិញ ក៏​មាន​ជនជាតិ​បរទេស​ជា​ច្រើន​នាក់ ក្នុង​មួយ​ថ្ងៃ​ៗ​បាន​ចូល​កម្សាន្ត​ក្នុង​រូងភ្នំ​មួយ​ដែល​មាន​ចម្ងាយ​១​គីឡូម៉ែត្រ ។ ភ្នំ​ដែល​មាន​រូង ចម្ងាយ​វែង​ជាងគេ​ក្នុង​ចំណោម​ភ្នំ​ដែល​មាន​រូង​ទាំង​២៥ ក្នុង​ខេត្តកំពត​នោះ​គឺ​រូងភ្នំ​ក្បាល​រមាស​ឬ​ភ្នំ​សេ​ដា​អោន ស្ថិត​ក្នុងភូមិ​អង្គ ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ។

លោក ជា សុភា អាយុ​២២​ឆ្នាំ ជា​អ្នកបកប្រែ​និង​ជា​អ្នក​នាំ​ផ្លូវ​ជន​បទេស​ទៅ​កាន់​រូងភ្នំ​ក្បាល​រមាស បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ថា ជន​បទេស​មាន​ស្រី​មាន​ប្រុស​ពួក​គេ​ចូល​ចិត្ត​ប្រើ​ខ្សែ​រ៉ក​ឡើង​ភ្នំ និង​ចូល​រូងភ្នំ​បត់បែន​ជា​ច្រើន មាន​ចម្ងាយ​១​គីឡូម៉ែត្រ ជា​រូងភ្នំ​ដែល​ជនបរទេស​ធ្វើ​អាជីវកម្ម​យកឈ្នួល ខ្សែ​រ៉ក​ឡើង​ចុះ​ភ្នំ​ដែល​មាន​សុទ្ធតែ​ថ្ម ។

លោក សុភា​និយាយ​ថា ទោះបី​មាន​សភាព​ការ​ដ៏​អាក្រក់​ជាប់​មនុស្ស​ក្នុង​រូង​នៅ​ស្រុក​ថៃ​ភ្ញាក់ផ្អើល​លើ​ពិភពលោក​ក៏​ដោយ ជន​បទេស​មួយ​ក្រុម​មាន​វ័យក្មេង​ៗ​នៅ​តែ​សំរុក​មក​ចូល​ក្នុង​រូងភ្នំ​ក្បាល​រមាស​នេះ​ជា​បន្តបន្ទាប់ ព្រោះ​ក្នុង​រូង​គ្មាន​ទឹក​គ្មាន​ថ្ម​បាក់​ទេ ជា​រូង​ទម្លុះ​បត់បែន គ្មាន​ភ័យ​ខ្លាច​វង្វេង​ទេ ។ អ្នកបកប្រែ​ភ្ញៀវ​និយាយ​ប្រាប់​បន្ត​ថា​នៅ​ក្នុង​រូងភ្នំ​នេះ​វែង​ឆ្ងាយ​ណាស់ ចម្ងាយ​ផ្លូវ​ក្នុង​រូង​១​គីឡូម៉ែត្រ តែ​អាស្រ័យ​ទៅ​លើ​ភ្ញៀវ​គេ​ចង់​ដើរ​មើលរូប​អ្វីខ្លះ​ឬ​គេ​ចង់​ដើរ​រយៈពេល​យូរ​ក៏​បាន ។ ប៉ុន្តែ​រយៈពេល​១​ម៉ោង​អាច​នាំ​ភ្ញៀវ​ដើរ​ផុត​រូងភ្នំ​ចេញ​មក​ក្រៅ​បាន​ហើយ ។

លោក គង់ ផល្លា ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពត​មាន​ប្រសាសន៍​ថា រូងភ្នំ​ខេត្តកំពត​មាន​ច្រើន​នៅ​តាម​ស្រុក ប៉ុន្តែ​ភ្នំ​ដែល​មាន​រូង​ច្រើន​គី​ភ្នំ​ឈ្ងោក​និង​ភ្នំ​ក្បាល​រមាស ។តាម​ការ​កត់សម្គាល់​របស់​អ្នក​សារព័ត៌មាន កំណត់​បាន​ថា គ្មាន​មន្ត្រី​ជំនាញ​ណា ឬ​ស្ថាប័ន​ណាមួយ​ធ្វើការ​ស្រាវជ្រាវ​ទុកជា​ឯកសារ​ទេ ។ គេ​គ្រាន់តែ​បានដឹង បាន​ស្គាល់​ព្រាវ​ៗ​ប៉ុណ្ណោះ​រឿង​ចុះ​សិក្សា​ស្រាវជ្រាវ​ដើម្បី​អភិរក្ស​គឺ​គ្មាន​ទេ ។ រូងភ្នំ​ជា​ច្រើន​មាន​ប្រវត្តិ​ល្អ គួរ​ទាក់ទាញ ដែល​គួរតែ​មាន​អ្នកឯកទេស​ចុះ​សិក្សា​ស្រាវជ្រាវ និង​រៀបចំ​ទុកជា​តំបន់​ទេស​ចរណ៍​ក៏​ជា​ការ​ប្រពៃ​ណាស់ ។ ឃើញ​ទេ បរទេស​ច្រើន​ណាស់​មក​កម្សាន្ត មិន​គួរ​ទុក​រូង​ធម្មជាតិ​នេះ​ចោល​តាម​យថាកម្ម​ដូច​សព្វ​ថ្ងៃនេះ​ឡើយ ។ ឱ ! ក្រសួង​វប្បធម៌​អើយ​…៕

អត្ថបទសរសេរ ដោយ