ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ នឹង​ចាប់ផ្ដើម​​​នៅ​ខែវិច្ឆិកានេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​កំណត់​ពេលវេលា​ជាក់លាក់​ហើយ ដើម្បី​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ដោយ​កំណត់​យក​ខែវិច្ឆិកា​ចុងឆ្នាំ​នេះ ជា​ពេល​បើក​ដំណើរការ​សាងសង់ ។ នេះ​បើ​តាម​មន្ត្រី​អ្នក​នាំ​ពាក្យ​​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​កំណត់​ពេលវេលា​ជាក់លាក់​ហើយ ដើម្បី​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ដោយ​កំណត់​យក​ខែវិច្ឆិកា​ចុងឆ្នាំ​នេះ ជា​ពេល​បើក​ដំណើរការ​សាងសង់ ។ នេះ​បើ​តាម​មន្ត្រី​អ្នក​នាំ​ពាក្យ​​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

លោក វ៉ា​ស៊ឹ​ម សុរិយា អ្នកនាំពាក្យ​រូប​នេះ​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា​ថា ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន ឬ Express Way ត្រូវ​បាន​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ប្រកាស​កំណត់​កាលបរិច្ឆេទ​ជាក់លាក់​ហើយ គឺ​យក​ខែវិច្ឆិកា ដើម្បី​បើក​ការ​ដ្ឋាន​​សាងសង់​ផ្លូវ​ល្បឿន​លឿន​លើក​ទី​១ នៅ​កម្ពុជា​នេះ ។

លោក​បន្ត​ថា កន្លង​មក ខាង​ក្រុមហ៊ុន​ចិន មានការ​បារម្ភ​ពី​ការ​ជាប់​គាំង​គម្រោង​កណ្តាល​ទី ហេតុនេះ ទើប​ពួក​គេ​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល ដោះស្រាយ​ផល​ប៉ះពាល់​ជាមួយ​ប្រជា​ពល​រដ្ឋ​លើ​គម្រោង​ផ្លូវ​នេះ​បញ្ចប់​សិន ។

លោក​បន្ត​ថា ៖« ការ​ដោះស្រាយ​ផល​ប៉ះពាល់​បាន​និង​កំពុង​ដំណើរការ និង​អាច​បញ្ចប់​នៅ​ពេល​ណាមួយ ហើយ​បើ​ចប់​មុន​ផែនការ ការ​សាងសង់​ផ្លូវ​នេះ​នឹង​ធ្វើ​មុន​ខែវិច្ឆិកា » ។

លោក​បន្ត​ថា ៖« ផ្លូវ​ប្រវែង​ជាង​១៩០​គីឡូម៉ែត្រ​នេះ នឹង​ចំណាយ​ថវិកា​ប្រមាណ​១.៨០០​លាន​ដុល្លារ​អា​មេ​រិ​ក និង​គ្រោង​ចំណាយពេល​៤​ឆ្នាំ ដើម្បី​បញ្ចប់​គម្រោង​នេះ » ។

លោក វ៉ា​ស៊ឹ​ម សុរិយា បាន​បន្ថែម​ថា ផ្លូវ​នេះ​នឹង​សាងសង់​មាន​កម្ពស់​ខ្ពស់​ប្រៀប​ដូច​ជា​ស្ពាន ហើយនឹង​មានការ​សាងសង់​របង​ព័ទ្ធ​ជុំវិញ ដើម្បី​កុំ​ឲ្យ​មាន​សត្វ ឬ​ចំណុច​ឆ្លងកាត់​ច្រើន ព្រោះ​វា​ជា​ផ្លូវ​ល្បឿន​លឿន និង​មិន​មាន​ចំណុច​ឆ្លងកាត់​ច្រើន​នោះ​ទេ ។

លោក​បន្ត​ថា ៖« ផ្លូវ​នេះ​នឹង​ជួយ​ជំរុញ​ការ​ដឹក​ជញ្ជូន​កាន់តែ​លឿន​, កាត់​បន្ថយ​ពេលវេលា​, កាត់​បន្ថយ​ការ​ចំណាយ និង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ » ។

លោក​បណ្ឌិត ម៉ី កល្យាណ ប្រធាន​ក្រុមប្រឹក្សា​វិទ្យាស្ថាន​សិក្សាការ​អភិវឌ្ឍ បាន​ថ្លែង​ថា បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រឿង​ប្រឈម​មួយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ​រាជ​រដ្ឋា​ភិបាល​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​រៀបចំ​គោលនយោបាយ និង​វិនិយោគ​លើ​ហេដ្ឋា​រចនាសម្ព័ន្ធ​យ៉ាងច្រើន ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ។ លោក​បន្ត​ថា អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើ គឺ​ស្ថិត​ក្នុង​ទិស​ដៅ​ត្រឹមត្រូវ​មួយ​ហើយ ប៉ុន្តែ​លោក​ស្នើ​សុំ​ឲ្យ​មាន​ការ​ព​ន្លឿ​ន​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​កាត់​បន្ថយ​តម្លៃ​ដើម​នៃ​ការ​ដឹក​ជញ្ជូន ។

លោក​បន្ត​ថា ៖« វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ជំរុញ​សេដ្ឋ​កិច្ច​កម្ពុជា​ទៅ​កាន់​ដំណាក់កាល​ថ្មី​មួយទៀត ព្រោះ​បើ​ចង់​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កើនឡើង និង​ឈាន​ទៅ​កាន់​លំដាប់​ថ្មី កម្ពុជា​ត្រូវការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ