ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ! អ្នក​បច្ចេក​ទេស​អើយ… ស្លា.ប់ក៏មាន របួសក៏មាន

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ដល់​កម្លាំង​សមត្ថកិច្ចឱ្យធ្វើ​ការ​ស្រាវជ្រាវ​ជា​បន្ទាន់​ ដើម្បី​រក​អ្នកម៉ៅការ​សំណង់ ឱ្យមក​ទទួលខុសត្រូវ​ចំពោះ​ជន​រង​គ្រោះ បន្ទាប់​ពី​មានការ​បាក់​ធ្លាក់​ដំបូល…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ដល់​កម្លាំង​សមត្ថកិច្ចឱ្យធ្វើ​ការ​ស្រាវជ្រាវ​ជា​បន្ទាន់​ ដើម្បី​រក​អ្នកម៉ៅការ​សំណង់ ឱ្យមក​ទទួលខុសត្រូវ​ចំពោះ​ជន​រង​គ្រោះ បន្ទាប់​ពី​មានការ​បាក់​ធ្លាក់​ដំបូល (​ប្លង់​សេ​)​ ជាន់​ទី​២៣ នៃ​អគារ​ខុន​ដូ​ និង​សណ្ឋាគារ Mekong view tower 6 ដែល​បណ្តាល​​ឱ្យ​កម្មករ​សំណង់​២​នាក់ ស្លាប់​និង​រង​របួស​កម្មករ​ប្រុស​ស្រី​៥​នាក់​ទៀត ។

ការ​ដាក់​បទបញ្ជា​នេះ ខណៈ​ពេល​ដែល​លោក​អភិបាល​រាជធានី​ភ្នំពេញ អមដំណើរ​ដោយ​លោក​អភិបាលរង​ក្រុង និង​លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វា ព្រមទាំង​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ទាំង​យប់ ។ ទោះបីជា​យ៉ា់ងណា គេ​ពុំ​ដឹង​ពី​មូលហេតុ​នៃ​ការ​បាក់​ធ្លាក់​ពិតាន​នេះ​នៅឡើយ​ទេ​ថា បណ្តាល​មក​ពី​មូលហេតុ​អ្វី​នោះ ។

គួរ​បញ្ជាក់​ថា ដំបូល​ជាន់​ទី​២៣​ដែល​ជា​ជាន់​បង្ហើយ នៃ​អគារ​ខុន​ដូ​និង​សណ្ឋាគារ Mekong view tower 6 ដែល​មាន​ទីតាំង​ក្នុងភូមិ ទី​២​ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា បាន​បាក់​ធ្លាក់​បណ្តាល​ឱ្យ​កម្មករ​សំណង់​ប្រុស​ស្រី​៥​នាក់​រង​របួស​(​ធ្ងន់​៣​នាក់ និង​ស្រាល​២​នាក់​) ព្រមទាំង​បាត់​ខ្លួន​កប់​ក្នុង​ភក់​បេតុង ក្រោម​ក្តារពុម្ព​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ទើប​រក​សព​ឃើញ​ក្រោយ​ពេល​កាយ​បេតុង​ចេញ ។

ហេតុការណ៍​បាក់​ផ្ទៃ​ប្លង់​សេ​ដែល​កើតឡើង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ បង្ក​ឱ្យ​មានការ​ឆោឡោ​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​និង​ដឹង​ដល់​សមត្ថកិច្ច​នៅ​វេលា​ម៉ោង​ប្រមាណ​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១ កក្កដា ។
កម្មករ​សំណង់​ដែល​ស្លាប់​១-​ឈ្មោះ បាន លាស់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​តា​ពុំ ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​, ២-​ឈ្មោះ នាម ហ៊ីង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ខេត្តសៀមរាប ។

ជន​រង​គ្រោះ​ទាំង​២​នាក់ បាន​កប់​ក្រោម​បេតុង​ក្តារពុម្ព​និង​ដែក​ជ​ន្ទ​ល់រ​ហូត​ដល់​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ទើប សមត្ថកិច្ច និង​ក្រុម​កម្មករ ព្រមទាំង​ក្រុម​ជាង​ប្រមាណ​ជិត​៥០​នាក់ បាន​នាំ​គ្នា​បុក​បំបែក​បេតុង ដើម្បី​ស្វែងរក​សព​កម្មករ​ទាំង​២​នាក់​ឃើញ ។ ចំណែក​អ្នក​រង​របួស​ភ្លាម ពុំ​បាន​ស្គាល់ឈ្មោះ​ពិតប្រាកដ​ឡើយ ១-​ឈ្មោះ នឿ​ន ភេទ​ប្រុស របួស​ជើង ជា​ជាង​, ២-​ឈ្មោះ ផាត របួស​ជើង​, ៣-​ឈ្មោះ រិ​ទ្ធ ភេទ​ប្រុស របួស​ស្មា​, ៤-​ឈ្មោះ ស្រី លន ភេទ​ស្រី របួស​ស្មា និង​៥-​ជា​ស្ត្រី មិន​ស្គាល់ឈ្មោះ​បាន​របួស​កែងដៃ ។

តាម​ឈ្មោះ ប៉ង សា​រុន ភេទ​ប្រុស ជា​ប្រធាន​ផ្នែក​រដ្ឋបាល​នៃ​ការដ្ឋាន​អគារ​ខុន​ដូ​និង​សណ្ឋាគារ Mekong view tower 6 បានឱ្យ​ដឹង​ថា ផ្ទៃ​ប្លង់​សេ​ដែល​បាក់​នោះ​មាន​ទំហំ​១២​ម៉ែត្រ​គុណ​នឹង​២៤​ម៉ែត្រ និង​មាន​កម្រាស់​០,១៤​ម៉ែត្រ ស្ថិត​នៅ​ដំបូល​ជាន់​ទី​២៣ បាន​បាក់​នៅ​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល ខណៈ​ពេល​ដែល​មាន​ជាង​ឈ្មោះ ផាត និង​ឈ្មោះ មឿ​ន ជា ជា​អ្នក​ទទួលខុសត្រូវ ព្រមទាំង មាន​វិស្វករ​ឈ្មោះ សៅ ផា​ណូ ជា​អ្នកត្រួតពិនិត្យ​មើល​បច្ចេកទេស ។

ទាក់ទិន​នៃ​ការ​បាក់​ធ្លាក់​ប្លង់​សេ​នេះ ប្រធាន​រដ្ឋបាល​រូប​នោះ ពុំ​បានឱ្យ​ដឹង​ពី​មូលហេតុ​នៃ​ការ​បាក់​នេះ​ឡើយ ។ នៅ​ក្នុង​ការ​បាក់​នេះ​បណ្តាល​ឱ្យ​កម្មករ​និង​ជាង​ចំនួន​៥​នាក់ ក្នុង​នោះ​មាន​ប្រុស​៣ និង​ស្រី​២​នាក់ បាន​រង​របួស និង​បាន​បាត់​ខ្លួន​ចំនួន​២​នាក់ ដោយ​កប់​ក្នុង​បេតុង​ដែល​ទើប​ចាក់​រួច ។

តាម​ជាងសំណង់​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​ ក្រុម​ជាង​ប្រមាណ​១៧​នាក់ បាន​នាំ​គ្នា​ចាក់​ប្លង់​សេ​ដំបូល​ជាន់​ទី​២៣​នៃអគារ​ខុន​ដូ ​និង​សណ្ឋាគារ ។ លុះ​នៅ​វេលា​រសៀល​ក៏​បន្ត​បាញ់​បេតុង​លាយ​ស្រាប់​ចាក់​ប្លង់​សេ​ទៀត ស្រាប់តែ​បណ្តាល​អោយ​បាក់​ជ​ន្ទ​ល់​ជ្រែង ក៏​ធ្លាក់​បេតុង​មក​ក្រោម​បណ្តាល​ឱ្យ​កម្មករ និង​ជាង​រង​របួស ដែល​នៅ​ផ្នែក​ខាងលើ ព្រមទាំង​សង្កត់​ជាង​២​នាក់ ដែល​កាន់​វិទ្យុទាក់ទង និង​ចាំ​មើល​ជ​ន្ទ​ល់​ក៏​បាត់​ខ្លួន​ដោយ​ជាប់​នៅ​ពីក្រោម​ពិតាន​នោះ​តែ​ម្តង ។

តាម​ប្រភព​ថា ការ​រុករក​ជាង​(​កម្មករ​)​ដែល​បាត់​ខ្លួន ត្រូវ​បាន​ប្រើ​ម៉ូ​ទ័​របុក​បំបែក​បេតុង និង​កាត់​គាស់​រហូត​ដល់​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​យប់ គឺ​អស់​រយៈពេល​ប្រមាណ​ជាង​៩​ម៉ោង ទើប​រក​សាកសព​ជាង​២​នាក់​ដែល​កប់​នៅ​ក្រោម​ក្តារពុម្ព និង​ជ​ន្ទ​ល់​ព្រមទាំង​បេតុង ដោយ​ដៃ​កាន់​ជាប់​ដែល​ជ​ន្ទ​ល់​យ៉ាង​អាណោចអាធ័ម ។ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ៕​

អត្ថបទសរសេរ ដោយ