ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្នើ​ថៃ​យក​កម្ពុជា​ធ្វើ​ជា​មូលដ្ឋាន​ផលិតកម្ម​នាំ​ចេញ​ទៅ​ប្រទេស​ទី​៣

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ត្រ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (ACMECS) លើក​ទី​៨ ប្រទេស CLMV ដែល​ទើប​កន្លង​ផុត​ទៅ​ថ្មី​ៗ​នេះ លោក ប៉ាន…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ត្រ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (ACMECS) លើក​ទី​៨ ប្រទេស CLMV ដែល​ទើប​កន្លង​ផុត​ទៅ​ថ្មី​ៗ​នេះ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដែល​បាន​អមដំណើរ​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​កម្ពុជា ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​បាន​ស្នើ​ទៅ​ភាគី​ថៃ ជា​ពិសេស​ស្នើ​ចំ​ៗ​ដល់​ធុរជន​ថៃ ឲ្យ​ពិចារណា​មក​វិនិយោគ និង​យក​កម្ពុជា​ធ្វើ​ជា​មូលដ្ឋាន​ផលិតកម្ម ដើម្បី​ផលិត​នូវ​ផលិតផល​នានា​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ ។

លោក​បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ កម្ពុជា​មាន​យុវជន​ពេញកម្លាំង​បម្រើ​ការងារ​នៅ​តាម​វិស័យ​នានា​ច្រើន ដូចនេះ វិនិយោគិន​ថៃ នឹង​មិន​ចាំបាច់​ព្រួយបារម្ភ​ពី​បញ្ហា​កម្លាំង​ពលកម្ម​នោះ​ឡើយ ។
ក្រៅពី​ស្នើ​ទៅ​កាន់​ភាគី​ថៃ លោក ប៉ាន សូរ​ស័ក្តិ ក៏​បាន​រំឭក​ផង​ដែរ​ថា កន្លង​មក វិនិយោគិន​ថៃ​បាន​ចូល​មក​បណ្ដាក់ទុន​ច្រើន​ដែរ ហើយ​លោក​បាន​ថ្លែងអំណរគុណ​ដល់​វិនិយោគិន​ថៃ​ទាំងនោះ ក៏​ប៉ុន្តែ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​យុទ្ធសាស្ត្រ​របស់​ប្រទេស​ទាំង​ពីរ លោក​ថា ប្រទេស​ថៃ​គួរតែ​មក​វិនិយោគ​បន្ថែម​ទៀត ។ លោក​ថា ៖« យើង​នឹង​សន្យា​ផ្តល់​ការ​គាំទ្រ និង​ជួយ​សម្របសម្រួល​ធុរជន​ថៃ ក្នុង​ការ​ធ្វើ​ធុរកិច្ច​-​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​ធានា​ដោះស្រាយ​នូវ​រាល់​បញ្ហា​ផ្សេង​ៗ បើសិនជា​ពួក​គេ​ជួប​ប្រទះ » ។

លោក ចា​នី​ត ចាន់​ចៃ​ណា​រុង ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ​-​កម្ពុជា ថ្លែង​ថា បើសិនជា​មានការ​គាំទ្រ និង​ដោះស្រាយ​ជូន​វិនិយោគិន​ថៃ ក្នុង​ការ​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​នោះ លោករំពឹង​ថា វិនិយោគិន​ថៃ​នឹង​បណ្ដាក់ទុន​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ធ្វើ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​កើន​ឡើងជា​លំដាប់ ទៅ​តាម​អ្វី​ដែល​ភាគី​ទាំង​ពីរ​បាន​កំណត់​កាលពី​ពេល​កន្លង​មក ។

លោក​បន្ត​ថា វិនិយោគិន​ថៃ​បាន​ចាប់អារម្មណ៍​រួច​ហើយ​លើ​ការ​បង្កើន​ការ​វិនិយោគ​បន្ថែម​ទៀត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្តបន្ទាយមានជ័យ ព្រោះ​វា​ជា​តំបន់​ដែល​នៅ​ជិត​ព្រំប្រទល់​រវាង​ប្រទេស​ទាំង​ពីរ​ស្រាប់ ដូចនេះ វា​ងាយស្រួល​ដឹក​ជញ្ជូន​ទំនិញ​ចេញចូល និង​ងាយស្រួល​ទាក់ទង​គ្នា ។
លោក​ក៏​បាន​ស្នើ​ឲ្យ​ភាគី​កម្ពុជា​ជួយ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ឱ្យ​បាន​ល្អ​បន្ថែម​ទៀត​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន ជា​ពិសេស ច្រកព្រំដែន​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ខណៈ​ព្រំដែន​មួយ​នេះ​កំពុង​មាន​សក្ដានុពល​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក ។

សូម​បញ្ជាក់​ថា កិច្ចប្រជុំ​កំពូល​ដែល​មានការ​ចូលរួម​ពី​មេដឹកនាំ​ប្រទេស​CLMV ព្រមទាំង​មានការ​ចូលរួម​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ផង​នោះ ក្នុង​គោលបំណង​សំខាន់ ដើម្បី​ពិភាក្សា​ស្វែងរក​លទ្ធភាព​ជំរុញ​សក្តានុពល​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា លើ​វិស័យ​សំខាន់​ៗ​ដូច​ជា កសិកម្ម កម្មន្តសាល និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន សំដៅ​ពង្រឹង និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ ជា​ពិសេស បង្កើន​ឱកាស​ការងារ និង​ពង្រឹង​ការ​អភិវឌ្ឍ​ខ្សែ​សង្វា​ក់​ផលិតកម្ម​ក្នុង​បរិបទ​នៃ​យុទ្ធសាស្ត្រ​ថៃ​បូក​មួយ (Thailand-Plus-One Strategy) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ