ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​រថយន្ដ​ឡើង​ស៊េរី ខុសច្បាប់​ ឬយ៉ាងណា?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ ការ​គ្រប់គ្រង​យានយន្ដ​គ្រប់​ប្រភេទ​ដែល​កំពុង​ចរាចរ​នៅ​តាម​​ដងផ្លូវ អាច​និយាយ​បាន​ថា​ នៅ​មាន​ភាព​ធូររលុង​នៅឡើយ ខណៈ​ដែល​ម្ចាស់​យាន​យន្ដ​មួយ​ចំនួន​បាន​កែ​ច្នៃ​រថយន្ដ​របស់​ខ្លួន​ស្រេច​តែ​ចិត្ត ដូច​ជា បិទ​ស្កុ​ត ឬ​បាញ់ថ្នាំ​ប្ដូរ​ពណ៌…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ ការ​គ្រប់គ្រង​យានយន្ដ​គ្រប់​ប្រភេទ​ដែល​កំពុង​ចរាចរ​នៅ​តាម​​ដងផ្លូវ អាច​និយាយ​បាន​ថា​ នៅ​មាន​ភាព​ធូររលុង​នៅឡើយ ខណៈ​ដែល​ម្ចាស់​យាន​យន្ដ​មួយ​ចំនួន​បាន​កែ​ច្នៃ​រថយន្ដ​របស់​ខ្លួន​ស្រេច​តែ​ចិត្ត ដូច​ជា បិទ​ស្កុ​ត ឬ​បាញ់ថ្នាំ​ប្ដូរ​ពណ៌ ឬ​ឡើង​ស៊េរី​ជាដើម ។ ការ​កែ​ច្នៃ​ធ្វើ​ឲ្យ​ខុស​ពី​រូបរាង​ដើម​នេះ បាន​និង​កំពុង​បង្ក​លក្ខណៈ​ស្មុគស្មាញ​ដល់​សមត្ថកិច្ច​ដែល​កំពុង​ត្រួតពិនិត្យ​ចរាចរណ៍​តាម​ដងផ្លូវ ឬ​ធ្វើ​ឲ្យ​សាធារណជន​ភាន់ច្រឡំ​ក្នុង​ករណី​មានរឿង​ហេតុ​មិន​ប្រក្រតី​កើតឡើង ជាដើម ។

មាន​ការ​លើក​ជា​សំណួរ​ថា ជា​ធម្មតា រថយន្ដ​ត្រូវ​តែ​យក​ទៅ​ពិនិត្យ (​ឆែក​) រៀង​រាល់​១​ឬ​២​ឆ្នាំ​ម្ដង ចុះបើ​រថយន្ដ​ខុស​ទៅ​នឹង​កាត​គ្រី ហេតុ​អ្វី​បានជា​ក្រសួង​នៅ​តែ​អនុញ្ញាត ? តើ​ការ​ឡើង​ស៊េរី​រថយន្ដ​បែប​នេះ​ខុសច្បាប់​ដែរ​ឬទេ ? ហើយ​ទៅ​ថ្ងៃ​អនាគត ក្រសួង​មាន​ផែន​ការ​​បែប​ណា ? ទាក់ទង​នឹង​បញ្ហា​កំពុង​ស្មុគស្មាញ​នេះ បើ​តាម​អគ្គនាយករង​ដឹក​ជញ្ជូន​ផ្លូវគោក នៃ​ក្រសួង​​សាធារណការ និង​ដឹក​ជញ្ជូន បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ កម្ពុជា​មិន​ទាន់​មាន​ប្រកាស ឬ​អនុក្រឹត្យ​ណា​ចែង​ថា ការ​កែ​ច្នៃ​រថយន្ដ​ឡើង​ស៊េរី ខុសច្បាប់​នោះ​ទេ គឺ​មាន​តែ​អនុក្រឹត្យ​ដែល​បាន​ចែង​ទៅ​លើ​ការ​កែ​ច្នៃ​រថយន្ដ​ធុន​ធំ​ដូច​ជា ដំឡើង​ឬត​ទ្រង់​ខុស​បច្ចេក​ទេស គឺ​ខុសច្បាប់ ។ ចំណែក​ការ​កែ​ច្នៃ​ដោយ​គ្រាន់តែ​ប្ដូរ​កាង ឬ​តុបតែង​ផ្សេងៗ​ ដើម្បី​ឡើង​ស៊េរី​នោះ មិន​ខុសច្បាប់​ទេ ។

លោក សួន វ៉ា​ន់​ហុង អគ្គនាយករង​ដឹក​ជញ្ជូន​ផ្លូវគោក​រូប​នេះ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «ការ​ឡើង​ស៊េរី​រថយន្ត គ្រាន់តែ​កែ​កាង ឬ​តុបតែង​អ្វី​ផ្សេង​ៗ យើង​អត់​ទាន់​មានច្បាប់​អ្វី​ហាមឃាត់ ឬ​ចោទ​ថា​គេ​ខុស​នោះ​ទេ ប៉ុន្តែ​ទៅ​ថ្ងៃ​អនាគត យើង​នឹង​មិន​ឱ្យ​មានការ​កែ​ច្នៃ​បន្ត​ទៀត​ទេ ដើម្បី​កុំឱ្យ​សមត្ថកិច្ច​ពិបាក​សម្រេចចិត្ត​ក្នុង​ការ​ឃាត់​រថយន្ត​ណាមួយ​ពេល​មាន​បញ្ហា » ។ លោក​បន្ត​ថា ៖« សព្វ​ថ្ងៃនេះ យើង​អត់​ទាន់​មាន​ប្រកាស ឬ​អនុក្រឹត្យ​ណា​ចែង​ថា កែ​ច្នៃ​ឡើង​ស៊េរី​នេះ ខុស​ទេ ។ យើង​មាន​តែ​អនុក្រឹត្យ​លេខ​១៨០ បាន​ចែង​ទៅ​លើ​​ការ​កែ​ច្នៃ​រថយន្ត​ធុន​ធំ ដូច​ជា ដំឡើង​ទ្រង់ ឬត​ទ្រង់​ខុស​បច្ចេកទេស គឺ​ខុសច្បាប់ » ។
លោក​លើក​ឡើង​ថា ការ​ឡើង​ស៊េរី​រថយន្ត​នេះ វា​មិន​ប៉ះពាល់​ដល់​ស្តង់ដា​សុវត្ថិភាព​នោះ​ទេ បើ​គ្រាន់តែ​អ្នក​ប្រើប្រាស់​រថយន្ត​ដូរ​កាង​តូច​ចេញ​យក​កាង​ធំ ឬ​ដូរ​តា​ប្លូ ជាដើម​នោះ ។ ចំណែក​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​សព្វ​ថ្ងៃនេះ បើ​វា​ពាក់ព័ន្ធ​នឹង​រថយន្ដ ភាគ​ច្រើន​ទៅ​លើ​ប្រព័ន្ធ​ហ្វ្រាំង​, ចង្កូត ហើយ​ក្រៅពី​នេះ​មាន​កត្តា​ផ្លូវថ្នល់ និង​ពិសេស​គឺ​កត្តា​អ្នកបើកបរ ។  លោក​បញ្ជាក់​ថា ៖« សព្វថ្ងៃ បើ​យើង​មើល​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​មនុស្ស គឺ​ច្រើន​ជាង​កត្តា​រថយន្ត និង​កត្តា​ផ្លូវថ្នល់ » ។ បើ​ទោះបីជា​ការ​ឡើង​ស៊េរី​រថយន្ដ ឬ​ផ្លាស់​ប្ដូរ​ខុស​ពី​រូបរាង​ដើម មិន​ខុសច្បាប់ តែ​អ្នក​នៅ​ក្នុង​វិស័យ​យានយន្ដ​យល់​ឃើញ​ថា វា​អាច​បង្កើត​ជា​ការ​បោកប្រាស់​ដល់​មហាជន​, ប៉ះពាល់​ប្រព័ន្ធ​សុវត្ថិភាព​រថយន្ដ ឬ​គេចវេះ​ពី​ការ​មិន​ទទួលខុសត្រូវ​ណាមួយ ពិសេស​នៅ​ពេល​មាន​បញ្ហា ជា​ដើម។

អនុប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា លោក ង​ន សាំង បាន​មាន​ប្រសាសន៍​ថា ៖« រថយន្ត​កែ​ស៊េរី វា​អាច​ជា​ការ​បោក​បញ្ឆោត និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​សុវត្ថិភាព ។ ពេល​​យើង​ធ្វើការ​កែ​ច្នៃ​ខុស​លក្ខណៈ​ស្តង់ដា អីចឹង អាច​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​កើតឡើង​ដោយ​ចៃដន្យ​បាន​។ ជា​ឧទាហរណ៍ កន្លង​មក មាន​រថយន្ត​ឆេះ​នៅ​តាម​ផ្លូវ ជាដើម អាច​មក​ពី​ការ​ច្នៃ​ប្រព័ន្ធ​ខ្សែភ្លើង​មិន​ត្រូវ​តាម​លក្ខណៈ​ស្តង់ដា » ។ លោក​បន្ដ​ថា ៖« តាម​លក្ខណៈ​​បច្ចេកវិទ្យា យើង​មិន​គួរ​ឱ្យ​មានការ​កែ​ច្នៃ​រថយន្ត​អីចឹង​ទេ​។ អ្វី​សំខាន់ អាច​មាន​ការ​បោក​បញ្ឆោត​នៅ​លើ​ទីផ្សារ និង​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​តាម​ផ្លូវ​ដោយ​ប្រការ​ណាមួយ​ពុំ​បានដឹង​ជា​មុន » ។

បច្ចុប្បន្ន​នេះ យានដ្ឋាន​ជួសជុល និង​កែ​ច្នៃ​រថយន្ត ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​សាធា​រណកា​រ និង​ដឹក​ជញ្ជូន មាន​ជាង​១​ពាន់​កន្លែង ។ ដោយឡែក យានយន្ត​ដែល​បាន​ចុះ​បញ្ជី​​ស្របច្បាប់ មាន​ប្រមាណ​៤,២​លាន​គ្រឿង ក្នុង​នោះ​រថយន្ត​លក្ខណៈ​គ្រួសារ​មាន​៤០​ម៉ឺន​គ្រឿង​, រថយន្ត​ធុន​ធំ​២២​ម៉ឺន​គ្រឿង និង​ម៉ូតូ​៣,៦​លាន​គ្រឿង ។ នេះ​បើ​តាម​លោក សួន វ៉ា​ន់​ហុង អគ្គនាយករង​ដឹក​ជញ្ជូន​ផ្លូវគោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ