ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ដន្ទាទោស​មន្ត្រី​នគរបាល​ពាក់​ស័​ក្ដ​៤ ធាក់​មន្ត្រី​ជាប់កិច្ចសន្យា​ដាក់​ពន្ធនាគារ​៦​ខែ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កោ វ​ណ្ឌី អនុប្រធាន​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ជំនុំជម្រះ​រឿង​ក្តី មន្ត្រី​នគរបាល​ម្នាក់ បាន​ប្រើ​អំពើ​ហិង្សា​វាយ​ទាត់​ធ្លាក់​មន្ត្រី​ចរាចរណ៍​ជាប់កិច្ចសន្យា កាលពី​ព្រឹក​ថ្ងៃ​ទី​០៧…

រាជធានី​ភ្នំពេញ ៖ លោក កោ វ​ណ្ឌី អនុប្រធាន​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ជំនុំជម្រះ​រឿង​ក្តី មន្ត្រី​នគរបាល​ម្នាក់ បាន​ប្រើ​អំពើ​ហិង្សា​វាយ​ទាត់​ធ្លាក់​មន្ត្រី​ចរាចរណ៍​ជាប់កិច្ចសន្យា កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ មិថុនា ២០១៨ ដោយ​បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ តែ​ទោស​នេះ​អនុវត្ត​ពន្ធនាគារ​ត្រឹម​៦​ខែ ទោស​សល់​ប៉ុន្មាន​ត្រូវ​ព្យួរ​សាកល្បង និង​ពិន័យ​ជា​ប្រាក់​ចំនួន​៤​លាន​រៀល បង់​ចូល​ថវិការដ្ឋ ក្រោម​ការ​ចោទប្រកាន់ ពី​បទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង បទ​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធ​នូវ​សញ្ញា​សម្គាល់​ដែល​កំណត់​ដោយ អាជ្ញាធរ​សាធារណៈ​។ ការ​សម្រេច​នេះ​បើកផ្លូវ​ឲ្យ​ជនជាប់ចោទ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​បើ​មិន​សុខចិត្ត និង ការ​កាត់ក្តី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ជនជាប់ចោទ​ឈ្មោះ សៅ បញ្ញា អាយុ​៣៣​ឆ្នាំ បម្រើ​ការងារ​នៅ ការិយាល័យ​រដ្ឋបាល​សរុប នៃ​នាយកដ្ឋាន​ប្រ​ឆាំ​បទល្មើស​បច្ចេកវិទ្យា​ក្រសួងមហាផ្ទៃ​។

គួរ​បញ្ជាក់​ថា រឿង​ក្ដី​នេះ​មន្ត្រី ប៉ូលិស​ស័​ក្ដ​៤ ជាប់​ពាក់ព័ន្ធ​ប្រើ​អំពើ​ហិង្សា​ធាក់​ទៅ​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ជាប់កិច្ចសន្យា កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា ២០១៨​។ សវនាការ​នេះ​ដឹកនាំ​ដោយ​លោក​ចៅក្រម កោ វ​ណ្ឌី អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក កុ​ល បុ​ន ជា​តំណាង​អយ្យការ​។ ក្នុង​សវនាការ​ជនជាប់ចោទ​បាន​សារភាព​ថា ខ្លួន​គេ​ពិតជា​បាន​ធាក់​មន្ត្រី​ប៉ូលិស​ចរាចរណ៍​មែន ដោយសារ​ខឹង​ខ្លាំង​ពេក​។ គួរ​រំលឹក​ទៀត​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ពេជ្រ វិជ្ជាធរ កាលពី​រសៀល​ថ្ងៃ​ទី​១១ មក​រា ២០១៨ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ឈ្មោះ សៅ បញ្ញា ដាក់​ព័ន្ធ​នាគារ​ជា បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​សំណាក់​លោក សៀង សុខ ព្រះរាជអាជ្ញា​រង ចំនួន​២​បទល្មើស ទី​១.​បទ ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​ទី​២.​បទ​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​សញ្ញា​សម្គាល់ ដែល​កំណត់ ដោយ​អាជ្ញាធរ​សាធារណៈ តាម​មាត្រា​២១៨ និង​មាត្រា​៦១៤ នៃ​ក្រមព្រហ្មទណ្ឌ​។

នៅ​រសៀល​ថ្ងៃ​ទី​១០ មក​រា ២០១៨ មន្ដ្រី​នគរបាល​ដែល​ប្រើ​ហិង្សា​លើកជើង​ធាក់​មន្ត្រី​នគរបាល​ចរាចរណ៍​បណ្ដាល​ឲ្យ​ដួល​អុកគូទ ត្រូវ​បាន​កម្លាំង​នគរបាល កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​។ អំពើ​ហិង្សា​នោះ​បាន កើតឡើង នៅ​ចំណុច​ភ្លើងស្ដុប​ត្រឡោក​បែក ដែល​នគរបាល​រូប​នេះ បាន​បើករថយន្ដ​ម៉ាក Ford ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-9099 ដោយ​បើក​ខុសច្បាប់​ចរាចរណ៍ ក៏​ត្រូវ​បាន​ក្រុម​មន្ដ្រី​ជាប់កិច្ចសន្យា​ឃាត់ ដើម្បី​ធ្វើការ​ផាក​វិន័យ​តាម​ច្បាប់ ចរាចរណ៍​។ ប៉ុន្ដែ​ការ​អនុវត្ត​ច្បាប់​បែប​នេះ ធ្វើ​ឲ្យ​នគរបាល​នោះ​ខឹង​រហូត​ចុះ​ពីលើ​រថយន្ដ​ទា​ញក​អាវ​អូស ថែម​ទាំង​ធាក់​ចំ ដើមទ្រូង​មួយ​ជើង​ផ្ងារ​ទៅ​ក្រោយ បើ​ទោះបី​ជន​រង​គ្រោះ​បាន​លត់​ជង្គង់ និង​លើកដៃ​គោរព​ក្នុង​ន័យ​បង្ហាញ​ថា សុំ​ទោស​ក៏​ដោយ​។ ជន​រង​គ្រោះ​ត្រូវ​មន្ត្រី​នគរបាល​ធាក់​មួយ​ជើង​ចំ​កណ្ដាលដើមទ្រូង​បណ្ដាល​ដួល​អុកគូទ​នោះ ឈ្មោះ អឿ​ន ចំណាន ជា​មន្ត្រី​ជាប់កិច្ចសន្យា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ