រាធានីភ្នំពេញ ៖ នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ សហការជាមួយ នគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកតុប ឈុនឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឆ្មក់ចូលផ្ទះសំណាក់ស៊ីធី ដែលមានទីតាំង នៅផ្ទះលេខ ១២៨C ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ការឆែកឆេរនេះប្រព្រឹត្តទៅ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី២១ កុម្ភៈ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យប្រុស ស្រី៩នាក់ ពាក់ព័ន្ធទៅនឹងសកម្មភាពប្រើប្រាស់ និងជួញដូរគ្រឿងញៀន។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ច បានឃាត់ខ្លួនជនប្រុស ស្រីចំនួន៩នាក់ ក្នុងមាន ស្រី៦នាក់ និងប្រុស៣នាក់ដែលពួកគជាអ្នកជួញដូរ និងប្រើប្រាស់ថ្នាំញៀន ហើយសមត្ថកិច្ចបានដកហូតថ្នាំញៀនមួយចំនួន និងសម្ភារ សម្រាប់ការប្រើប្រាស់គ្រឿងញៀនផងដែរ ។
លោកវរសេនីយ៍ទោសោម មុនីប្រធានការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាននិយាយឲ្យអ្នកសារព័ត៌មានដឹងថា មានករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅផ្ទះសំណាក់ស៊ីធីដែលមានទីតាំងលេខ១២៨C ផ្លូវលេខ៧០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចក្រោមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ស្នងការនគរបាលរាជធានីភ្នំពេញ និងស្នងការរងបែន រ័ត្ន បានចុះទៅដល់គោលដៅនឹងឃាត់ខ្លួនជនពាក់ព័ន្ធបានភ្លាមៗតែម្តង ក្នុងនោះសមត្ថកិច្ចក៏បានរឹបអូសថ្នាំញៀនចំនួន៩កញ្ចប់រួមទាំងសម្ភារប្រើប្រាស់គ្រឿងញៀនផងដែរ ។
មន្រ្តីនគរបាលមូលដ្ឋានបាននិយាយថា ក្នុងកិច្ចប្រតិបត្តិការចុះបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅផ្ទះសំណាក់ស៊ីធីនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យសរុបប្រុសស្រីចំនួន១៧នាក់ ដែលស្ថិតក្នុងរង្វង់ប្រតិបត្តិការ ក៏ប៉ុន្តែក្រោយពីធ្វើការសាកសួរមានតែជនសង្ស័យ៩នាក់នេះទេដែលត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរបន្តក្នុងនោះមានប្រុស៣នាក់ និងម្ចាស់ផ្ទះសំណាក់ស៊ីធី ឈ្មោះ និន នាង អាយុ៤៧ឆ្នាំ ។
គួរបញ្ជាក់ថា កន្លងមកសមត្ថកិច្ចបានចុះបង្រ្កាបផ្ទះសំណាក់ស៊ីធីដែលមានទីតាំងលេខ១២៨C ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញដែលប្រមូលផ្តុំទៅដោយក្រុមក្មេងស្ទាវ ប្រុស ស្រីជួលបន្ទប់ស្នាក់នៅលួចប្រើប្រាស់គ្រឿងញៀន និងជួញដូរក៏ប៉ុន្តែផ្ទះសំណាក់នេះមិនត្រូវបានអាជ្ញាធរដាក់ពិន័យបិទធ្វើអាជីវកម្មនោះទេ ។ ប្រជាពលរដ្ឋ នៅទីនោះនឹងតាមដានមើលថា តើលើកនេះអាជ្ញាធរមូលដ្ឋានជាសាលាខណ្ឌដូនពេញ នឹងចាត់វិធានការបែបណាដល់ផ្ទះសំណាក់ស៊ីធីនេះ ៕
ចែករំលែកព័តមាននេះ