ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ថៃប្ដេជ្ញា​ជំរុញ​លំហូរ​ទេសចរ​ទៅ​វិញ​ទៅ​មក និង​រួម​គ្នា​ទាក់ទាញ​ទេសចរ​ទី​៣

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា កម្ពុជា​-​ថៃ បាន​ប្ដេជ្ញា​ជំរុញ​លំហូរ​ភ្ញៀវ​ទេសចរ​ទៅ​វិញ​ទៅ​មក និង​រួម​គ្នា​ធ្វើ​យ៉ាងណា ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ទី​៣ ឲ្យ​កាន់តែ​មាន​កំណើន​ថែម​ទៀត ។ លោក…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា កម្ពុជា​-​ថៃ បាន​ប្ដេជ្ញា​ជំរុញ​លំហូរ​ភ្ញៀវ​ទេសចរ​ទៅ​វិញ​ទៅ​មក និង​រួម​គ្នា​ធ្វើ​យ៉ាងណា ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ទី​៣ ឲ្យ​កាន់តែ​មាន​កំណើន​ថែម​ទៀត ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​បែប​នេះ បន្ទាប់​ពី​ជំនួប​ពិភាក្សា​ជាមួយ​លោក ប៉ាន់​យ៉ា​រ៉ា​ក់ ពល​ទ័ព ឯកអគ្គរាជទូត​ថៃ​ថ្មី​ប្រចាំ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៨​នេះ ។

លោក​រដ្ឋមន្ត្រី​បន្ដ​ថា ប្រទេស​ថៃ​គឺជា​កន្លែង​ប្រមូលផ្តុំ​ទេសចរ​បរទេស ដែល​ក្នុង​១​ឆ្នាំ​ៗ​ប្រទេស​នេះ​ទទួល​ទេសចរ​បរទេស​ជាង​៣០​លាន​នាក់ ។ ទន្ទឹម​នឹង​នេះ ប្រទេស​ថៃ​សម្បូរ​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​នានា​ក្នុង​ពិភពលោក ដូច​ជា មក​ពី​អឺរ៉ុប អា​មេ​រិ​ក អូ​សេ​អា​នី ជប៉ុន កូរ៉េ ចិន ខណៈ​ដែល​កម្ពុជា​មិន​ទាន់​មាន​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​ឆ្ងាយ​ៗ​មួយ​ចំនួន​នៅឡើយ ។ ដូច្នេះ​ហើយ នេះ​ជា​ឱកាស​ដែល​កម្ពុជា​ត្រូវ​សហការ​ជាមួយ​ប្រទេស​ថៃ ដើម្បី​រួម​គ្នា​ទាក់ទាញ​ទេសចរ​ប្រទេស​ទី​៣​ឲ្យ​បាន​កាន់តែ​ច្រើន ។

លោក​រដ្ឋមន្ត្រី​ថ្លែង​អះអាង​ថា នៅ​ឆ្នាំ​២០១៧ ទេសចរ​ថៃ​មក​កម្ពុជា​មាន​ជិត​៤០​ម៉ឺន​នាក់ ប៉ុន្តែ​ទេសចរ​កម្ពុជា​ទៅ​លេង​ប្រទេស​ថៃ​វិញ​មាន​ជាង​៧០​ម៉ឺន​នាក់ ច្រើន​ជាង​ទេសចរ​ថៃ​មក​លេង កម្ពុជា ហើយ​នៅ​ឆ្នាំ​២០១៨​នេះ ប្រទេស​ទាំង​ពីរ​ក៏​រំពឹង​ទុក​ថា ទេសចរ​ដែល​ទៅ​មក​ប្រទេស រៀង​ៗ​ខ្លួន​នឹង​បន្ត​កើនឡើង​ផង​ដែរ ប៉ុន្តែ​ត្រូវ​តែ​មានការ​បើក​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​-​ថៃ ឲ្យ​បាន​ច្រើន​ថែម​ទៀត ។

ថ្វី​ដ្បិត​ភាគី​ទាំង​ពីរ​ចាំបាច់​ត្រូវ​បើក​ច្រក​ទ្វារ​អន្តរជាតិ​បន្ថែម​ក៏​ពិតមែន ប៉ុន្តែ​ការ​សម្រួលការ​ធ្វើ​ដំណើរ និង​ការ​ដឹក​ជញ្ជូន​ទេសចរ ក៏​ត្រូវ​យកចិត្តទុកដាក់​ផង​ដែរ ។ ត្រង់​ចំណុច​នេះ កម្ពុជា​កំពុង​ពិភាក្សា​លើ​ការ​សម្រួលការ​ដឹក​ជញ្ជូន​ទេសចរ​ពី​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ទាំងឡាយ ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​មក​ពី​ប្រទេស​ថៃ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក ពិសេស បែបបទ​ចេញចូល​សម្រាប់​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្ទាល់ខ្លួន ឬ​ជា​គ្រួសារ ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​និន្នាការ​ថ្មី គឺ​ទេសចរណ៍​បើកបរ​ដោយ​ខ្លួនឯង ។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន ក៏​បាន​ស្នើ​ឲ្យ​ភាគី​ថៃ​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​កម្ពុជា ក្នុង​វិស័យ​ទេសចរណ៍​ផង​ដែរ ព្រោះ​ថៃ​មានបទពិសោធន៍​ច្រើន​ឆ្នាំ ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​លើ​វិស័យ​ទេសចរណ៍ ក៏​ដូច​ជា​ការ​គ្រប់គ្រង​រមណីយដ្ឋាន​ទេសចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ