ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ស្ត្រីម្នាក់ត្រូវប្រុសព្រានបោកយកទាំងខ្លួន និងអស់ទាំងប្រាក់ រួចគេចខ្លួនបាត់ស្រមោល បន្ទាប់ពីពួកគេចូលផ្ទះសំណាក់ រស់នៅជុំគ្នាជាច្រើនយប់ ស្ថិតក្នុងក្រុងប៉ោយប៉ែត ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅថ្ងៃទី២៨ ឧសភា នេះ ។
សេចក្តីរាយការណ៍បន្តថា ស្ត្រីរងគ្រោះឈ្មោះឡត មុំ អាយុ៣៧ឆ្នាំ មេម៉ាយកូន២ មានទីលំនៅក្នុងភូមិលាបទង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។ ដោយបានអង្គុយអស់សង្ឃឹម និងរៀបរាប់ថា នាងមានទំនាក់ទំនងស្នេហ៍ជាមួយបុរសម្នាក់តាមហ្វេសប៊ុកជាភាសាថៃឈ្មោះវ៉ាន់ រយៈជិត១ខែមកហើយ ។ កាលពីប៉ុន្មានថ្ងៃមុន បុរសរូបនោះបានលួងលោមនាងកុហក់ថា គេជាបុរសពោះម៉ាយ និងសុំយកនាងធ្វើជាប្រពន្ធ។
នាងបន្តថា បុរសនោះបានបបួលនាងទៅធ្វើការនៅប្រទេសថៃ ហើយឱ្យនាងរកប្រាក់១ម៉ឺនបាត ធ្វើលិខិតឆ្លងដែន ខ្វះប៉ុន្មានគេជាអ្នកជួយចេញ ។ លុះនាងធ្វើដំណើរមកដល់ក្រុងប៉ោយប៉ែតជួបគ្នា ប្រុសព្រានក៏នាំនាងឡើងផ្ទះសំណាក់ រស់នៅជុំគ្នាដូចប្តី-ប្រពន្ធ ។ នាងថា ក្រោយពីបុរសនោះ ទទួលប្រាក់ចំនួន១ម៉ឺនបាតរួច បែរជាគេថា សាច់ញាតិគេក៏ត្រូវទៅធ្វើការនៅស្រុកថៃដែរ ហើយកុហក់ថាខ្វះប្រាក់ នាងក៏ទាក់ទងទៅស្រុកឱ្យម្តាយចងការប្រាក់អ្នកជិតខាងវេរឱ្យបន្ថែមចំនួន៣លានរៀលទៀត ។
នាងនិយាយទៀតថា ការរត់ការឯកសារ ដើម្បីធ្វើលិខិតឆ្លងដែនដំបូង បុរសនោះថា ធ្វើតែ២ថ្ងៃបាន ដឹងអីនាងមកស្នាក់នៅក្នុងក្រុងប៉ោយប៉ែតជាច្រើនយប់ ហើយមិនទាន់បានសួរសុំលុយវិញ ដើម្បីធ្វើដំណើរវិលត្រឡប់ទៅស្រុក ស្រាប់តែនៅព្រឹកថ្ងៃទី២៨ ឧសភា នេះ នាងរវល់ងូតទឹកចេញមកវិញ ស្រាប់បាត់បុរសនោះ និងកាបូបខោអាវរបស់នាងពីបន្ទប់ផ្ទះសំណាក់តែម្តង ។
ស្ត្រីរងគ្រោះបន្តថា បុរសនោះគេចទៅបាត់ ប៉ុន្តែទូរស័ព្ទនៅទាក់ទងបានហើយ ពេលនាងសួរតាមទូរស័ព្ទគេប្រាប់ឱ្យនាងទៅអង្គុយរង់ចាំនៅក្នុងបរិវេណវត្តបាលិលេយ្យ គេទៅដកប្រាក់ឲ្យវិញ។ ទីបំផុត ប្រុសព្រានដែលនាងសង្ស័យថា បោកប្រាស់នាងមែន គឺហ្វេសប៊ុករបស់គេដែលធ្លាប់លេងជុំគ្នាក៏បិទ ឯលេខទូរស័ព្ទដែលទំនាក់ទំនងនោះ ក៏មិនអាចទាក់ទងបាន។
យ៉ាងណាក៏ដោយ ជុំវិញករណីនេះគេឃើញនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោប៉ែត បានដឹកនាងតាមម៉ូតូទៅកាន់ផ្ទះសំណាក់ស្ទឹងមាស ដែលជាប់ដងផ្លូវជាតិលេខ5 ក្នុងភូមិក្បាលស្ពាន01 សង្កាត់ប៉ោយប៉ែត ដើម្បីសុំឆែកកាមេរ៉ាសុវត្ថិភាព ដើម្បីរកមុខសញ្ញាជនសង្ស័យផងដែរ ។ នៅក្នុងកាមេរ៉ាសុវត្ថិភាពរបស់ផ្ទះសំណាក់ស្ទឹងមាស គេឃើញរូបប្រុសព្រានខាងលើ កាន់កាបូបខោអាវរបស់ស្ត្រីរងគ្រោះមកទុកចោលខាងក្រោមរួចគេចទៅបាត់ ។
មកទល់រសៀលថ្ងៃដដែលនេះ ជនរងគ្រោះហាក់នៅតែលតោលព្រោះគ្មានប្រាក់ធ្វើដំណើរត្រឡប់ទៅស្រុកវិញ ហើយអះអាងទាំងបង្ខំចិត្តថា ចង់នៅរកការងារធ្វើក្នុងក្រុងប៉ោយប៉ែត ដើម្បីតាមរកមុខប្រុសព្រាន ។ករណីចោទប្រកាន់ខាងលើ បុរសពាក់ព័ន្ធឈ្មោះវ៉ាន់ វ័យជាង៣០ឆ្នាំ ដែលប្រើហ្វេសប៊ុកជាភាសាថៃឈ្មោះវ៉ាន់ ហើយប្រើប្រាស់ទូរស័ព្ទលេខ097 5 938 568 មិនអាចសុំការបំភ្លឺបានទេ ៕
ចែករំលែកព័តមាននេះ