ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស៊ី​ឈ្នួល​​​វាស់​​​វែង​​​ដី​បោក​ថា ​ជា​មន្ត្រី​​សុរិយោ​ដី​​យក​លុយ​​​ធ្វើ​​ប្លង់​​រឹង​​ចាយ​ហ្មត់​

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ពលរដ្ឋ​១​គ្រួសារ ទន្ទឹងរង់ចាំ​ប្លង់​ដី​រឹង​ពី​ការិយាល័យ​ភូមិបាល​ក្រុងប៉ៃលិន ពី​មួយ​ខែ​ទៅ​មួយ​ខែ រហូត​មក​ដល់​ពេល​នេះ អស់​រយ​:​ពេល​ជាង​កន្លះ​ឆ្នាំទៅ​ហើយ មិន​ទាន់​ឃើញ​លទ្ធផល​អ្វី​សោះ ។ មន្ត្រី​សុរិយោដី​ឈ្មោះ…

ខេត្ត​ប៉ៃលិន ៖ ពលរដ្ឋ​១​គ្រួសារ ទន្ទឹងរង់ចាំ​ប្លង់​ដី​រឹង​ពី​ការិយាល័យ​ភូមិបាល​ក្រុងប៉ៃលិន ពី​មួយ​ខែ​ទៅ​មួយ​ខែ រហូត​មក​ដល់​ពេល​នេះ អស់​រយ​:​ពេល​ជាង​កន្លះ​ឆ្នាំទៅ​ហើយ មិន​ទាន់​ឃើញ​លទ្ធផល​អ្វី​សោះ ។ មន្ត្រី​សុរិយោដី​ឈ្មោះ មុំ រតនា ដែល​ទទួល​ការ​ពឹងពាក់​ហើយ​ក៏​ស្ងាត់ឈឹង ។ អ្វី​ដែល​គួរ​ឱ្យ​ហួសចិត្ត​នោះ គឺ​ខណៈ​ម្ចាស់​ដី​សួរ​ទៅ​ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុងបែរជា​ប្រាប់​ថា មិន​ទាន់​បាន​ទទួល​ឯកសារ នៅឡើយ ។

ប្រភព​ព័ត៌មាន​ពី​ម្ចាស់​ដី​ឈ្មោះ ឃុ​ត ឃ​ន អាយុ​៥៨​ឆ្នាំ ប្រពន្ធ​ឈ្មោះ បេង មាំ អាយុ​៥៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​ស្ងួត សង្កាត់​ប​រយ៉ា​ខាក្រុងប៉ៃលិន រៀបរាប់​ថា គាត់​មាន​ដី​១​ប្លង់ទំហំ​៤៣​ម៉ែត្រ​គុណ​នឹង​ជាង​៧០​ម៉ែត្រ នៅ​ក្បែរផ្លូវលំ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​អូរ​ច្រា​លិច សង្កាត់ប​រយ៉ា​ខា ក្រុងប៉ៃលិន និង​បាន​លក់​តម្លៃ​៤.៥០០
ដុល្លារ​ឱ្យទៅ​ឈ្មោះ ចាន់ គ្រី ភេទ​ប្រុស រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

គាត់​បន្ត​ថា ការ​លក់​ដី​នេះ​គេ​មិន​ទាន់​ឱ្យប្រាក់​គ្រប់​ចំនួន​ទេ​ដោយ​កក់​ជាង​១​ពាន់​ដុល្លារ ហើយ​ខាង​អ្នកទិញ​សន្យា​ថា បើសិនជា​ខាង​គាត់ជា​ម្ចាស់​ដី​ធ្វើ​ប្លង់​រឹង​រួចរាល់​គេ​នឹង​ប្រគល់​ប្រាក់ឱ្យ​គ្រប់​ចំនួន ។ ពេល​នោះ​គាត់​ក៏​បាន​ពឹង​ឱ្យស្មៀន​សង្កាត់​ប​រយ៉ា​ខា ទាក់ទង​ទៅ​ខាង​មន្ត្រី​សុរិយោដី​ក្រុងប៉ៃលិន ចុះ​ទៅ​វាស់វែង​ធ្វើ​ប្លង់​រឹង​ឲ្យ​បាន​ឆាប់ ។ ពេល​នោះ​មាន​បុរស​ម្នាក់​ឈ្មោះមុំ រតនា ដែល​អះអាង​ថា​ខ្លួន​ជា​មន្ត្រី​សុរិយោដី​ក្រុងប៉ៃលិន បាន​នាំ​ក្រុមការងារ​ចំនួន​២​នាក់​ទៀត​ទៅ​វាស់វែង​ដី​របស់​គាត់​ដើម្បី​ធ្វើ​ប្លង់​រឹង ។

បន្ទាប់​ពី​វាស់វែង​រួច អ្នកទិញ​ដី​បាន​ប្រគល់លុយ​ឱ្យទៅ​បុរស​រូប​នោះ​ចំនួន​៥៥០​ដុល្លារ ដើម្បី​យក​ទៅ​រត់ការ​ធ្វើ​ប្លង់​កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៧​។ ប៉ុន្តែ​ការ​រង់ចាំ​ពី​១​ខែ​ទៅ​១​ខែ​ពុំ​ឃើញបាន​ប្លង់​សោះ ក៏​ទូរស័ព្ទ​ទៅ​សួរ​បុរស​នោះ​និង​បាន​ឆ្លើយ​ប្រាប់​ថា​ប្រហែល​២​ទៅ​៣​ថ្ងៃ​ទៀត​រួចរាល់​ហើយ ។ លុះ​រង់ចាំ​រហូត​ដល់​ជាង​១​អាទិត្យគេ​ប្រាប់​ថា នៅ​រត់ការ​កន្លែង​ពន្ធដារ​ទៀត ។ ការ​រង់ចាំ​ក៏​នៅ​តែ​ចាំ​បាត់​ៗ រហូត​មក​ដល់​ពេល​នេះ​ជាង​កន្លះ​ឆ្នាំទៅ​ហើយ ឯការ​រត់ការ​របស់បុរស​រូប​នោះ​នៅ​តែ​ប្រាប់​ថា​មិន​ទាន់​រួចរាល់​នៅឡើយ ។ លុះ​គាត់​សួរ​ទៅ​ខាង​ការិយាល័យ​ភូមិបាល​ក្រុង​គេ​ប្រាប់​ថា អត់​ទាន់​ឃើញ​មាន​ឯកសារណាមួយ​ទៅ​ដល់​នៅឡើយ​ទេ ។

ដោយ​មិន​អស់ចិត្ត គាត់​បាន​សួរនាំ​ទៅ​ខាង​ច្រក​ចេញចូល​តែ​មួយ ក៏​មិន​ទាន់​ឃើញ​មាន​ឯកសារ​ណាមួយ​ចូល​ទៅ​ដល់ទី​នោះ​ដែរ ហើយ​លុយកាក់​ដែល​អ្នកទិញ​ត្រូវ​បង់​បង្គ្រប់​ក៏​អត់​បាន​ទទួល ព្រោះ​អត់​ទាន់​មាន​ប្លង់​រឹង​ឱ្យ​គេ ។ គាត់​ពិតជា​អស់ជំនឿ​លើ​មន្ត្រី​សុរិយោដី​ក្រុងប៉ៃលិន​យ៉ាង​ខ្លាំង ដែល​សន្យា​ខ្យល់ ថ្ងៃនេះ​ថ្ងៃ​នោះ​ជា​រហូត តែ​ប្លង់​របស់​គាត់​អត់​បាន​ធ្វើ​ទេ ។គាត់​សង្ស័យ​ថា បុរស​រូប​នោះ​យក​ប្រាក់​ទៅ​ចាយអស់ហើយ​មិន​ព្រម​ធ្វើ​ប្លង់​ដី​ឱ្យ​គាត់ ។ នៅ​ព្រឹកថ្ងៃ​ទី​២៤ ខែឧសភា គាត់​ក៏​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាសង្កាត់​ដើម្បី​ឱ្យ​កោះហៅ​បុរស​រូប​នេះ​មក​សួរនាំ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក ស៊ី វឿ​ន ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា ខាង​លោក​អត់​ទាន់​បាន​ទទួល​ឯកសារណាមួយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ប្លង់​រឹង​ពី​លោក មុំ រតនា ដែល​ជា​មន្ត្រី​ស៊ីឈ្នួល​វាស់វែង​ដី​នៅឡើយទេ ។ ចំណែក​លោក ហុ​ក សុផល ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែឧសភា​ថា ឈ្មោះ មុំរតនា មិនមែន​ជា​មន្ត្រី​សុរិយោដី​ទេ រូបគេ​គ្រាន់តែ​ជា​អ្នកស៊ីឈ្នួល​ដើរ​វាស់វែង​ដីធ្លី​ឱ្យ​ប្រជា​ពលរដ្ឋ​បាន​ប្រាក់​១​ថ្ងៃ​រស់​១​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ក៏​គ្មាន​ប្រាក់ខែ ត្រូវ​បើក​ឱ្យ​នោះ​ដែរ ។ ដូច្នេះ បើ​ម្ចាស់​ដី​ចង់បាន​ប្លង់​រឹង​ឆាប់រហ័ស មាន​តែ​ទៅ​ទាក់ទង​ខាង​ច្រក​ចេញចូល​តែ​មួយ​ប៉ុណ្ណោះ បើ​រង់ចាំ​បុរស​ខាងលើ​នេះ​គ្មាន​សង្ឃឹម​ទេ ៕

 

អត្ថបទសរសេរ ដោយ