ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត… ចោរលួច​គ្រឿងសង្ហារឹមឈើនេះ មក​​ផឹក​ក្នុងហាងរាល់យប់​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ចោរ​២​នាក់​ដែល​ដើរ​លួច​តុ កៅអី ​តាម​ហាង និង​តាម​លំនៅ​ឋាន​ នូវ​អ្វី​គ្រប់យ៉ាង​ឱ្យ​តែ​យក​បាន ​ត្រូវ​កម្លាំង​បង្ការ​បង្ក្រាបនៃស្នងការដ្ឋាន​ខេត្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន កាលពី​រសៀល​ថ្ងៃ​ទី​១៩ ឧសភា…

ខេត្តបាត់ដំបង ៖ ចោរ​២​នាក់​ដែល​ដើរ​លួច​តុ កៅអី ​តាម​ហាង និង​តាម​លំនៅ​ឋាន​ នូវ​អ្វី​គ្រប់យ៉ាង​ឱ្យ​តែ​យក​បាន ​ត្រូវ​កម្លាំង​បង្ការ​បង្ក្រាបនៃស្នងការដ្ឋាន​ខេត្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន កាលពី​រសៀល​ថ្ងៃ​ទី​១៩ ឧសភា នៅ​ចំណុច​ស្រែ​១០០ ស្ថិត​ក្នុង​សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង និង​បាន​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ ។
លោក ឈឿ​ង គឹ​ម​សុង នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​២​នាក់ ឈ្មោះ​វង្ស ណា​រិ​ទ្ធ អាយុ​២៦​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ធុ​ច វិ​ន អាយុ​២៦​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត​ ។ លោក​បាន​ឲ្យ​ដឹង​ថា ជន​ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​របស់​លោក​ឃាត់ខ្លួន ក្រោយ​ពី​ធ្វើ​សកម្មភាព​លួច​គ្រឿងសង្ហារិម​នៅ​ក្នុង​អាហារ​ដ្ឋា​ន​មួយ​កន្លែង​យីហោ​ «​បុប្ផា​ជ្រៃ​កោង​» ដែល​ស្ថិត​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ដែល​ម្ចាស់​ឈ្មោះ​ភី សុខ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​។ លោក​គឹ​ម សុង បាន​បញ្ជាក់​ថា ជន​ទាំង​២​នាក់​នេះ​ធ្លាប់​ប្រព្រឹត្ត​អំពើ​ចោរកម្ម​ច្រើន​លើក​ច្រើន​សា ហើយ​ថែម​ទាំង​ថត​ជាប់​សកម្មភាព​លួច​នេះ​ នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ម្ចាស់​ហាង​ទៀត​ផង ។

លោក​ភី សុខ ម្ចាស់​អាហារ​ដ្ឋា​ន​ «​បុប្ផា​ជ្រៃ​កោង​» បាន​ឱ្យ​​ដឹង​ថា គ្រឿងសង្ហារិម​នៅ​ក្នុង​ហាង​របស់​លោក​ត្រូវ​ចោរ​ចូល​លួច​ច្រើន​លើក​ហើយ​ ។ ប៉ុន្តែ​ដោយសារ​បាត់​ញឹក​ពេក ​ទើប​លោក​បំពាក់​កាមេរ៉ា​សុវត្ថិភាព​តែ​ម្ដង ដើម្បី​ចាំ​តាមដាន​ក្រុម​ចោរ​ដែល​ពូកែ​ចូល​លួច ។ លោក​ភី សុខ បាន​ប្រាប់​ថា សកម្មភាព​ចោរ​ចូល​លួច​តុ ក្តារ ឈើ និង​លួច​កៅអី​២​លើក​ចុង​ក្រោយ​នេះ​ បាន​ជាប់​រូប​ចោរ​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាពយ៉ាង​ច្បាស់​ហើយ​លោក​បាន​បង្ហាញ​សមត្ថកិច្ច ទើប​មានការ​​ស្រាវជ្រាវ​ឃាត់ខ្លួន​ជន​ដៃដល់​បាន​២​នាក់ ។ បើ​តាម​សកម្មភាព​ក្រុម​​​ចោរ​ដែល​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព នៅ​ពេល​រំលង​អធ្រាត្រ​លើក​ទី​១ គេ​ឃើញ​ជន​ទាំង​២​នាក់​បាន​ចូល​ទៅ​ក្នុង​ហាង រួច​លើក​ជញ្ជូន​យក​តុ ក្តារ ឈើ ចំនួន​៩​ដុំ​ចេញពី​ក្នុង​ហាង​យ៉ាង​គឃ្លើន ហើយ​ដឹក​តាម​ម៉ូតូ​ដោយ​​សុ​វត្តិភាព ។

ដោយឡែក​ សកម្មភាព​លើក​ទី​២ដែល​ជា​លើក​ចុង​ក្រោយ​នេះ ដំបូង​គេ​ឃើញ​ជន​ម្នាក់​ស្លៀកខោ​អត់​អាវ ​តែ​រុំ​មុខ​ជិត បាន​ដើរ​ចូល​ទៅ​កន្លែង​តុ​គិតលុយ​ក្នុង​ហាង រួច​បម្រុង​លើក​កៅអី​ហង្ស​តេ តែ​ទំនង​លើក​មិន​រួច ក៏​ដើរ​ចេញ​ទៅ​ក្រៅ​វិញ ដើម្បី​ហៅ​បក្សពួក​ម្នាក់​ទៀត ​ដែល​រង់ចាំ​នៅ​ខាងក្រៅ​ឲ្យ​ជិះ​ម៉ូតូ​ចូល​ដឹក​ដល់​ក្នុង​ហាង ហើយ​ជិះ​ចេញ​វិញ​ដោយ​សុវត្ថិភាព​ទៀត ។ បើ​តាម​ថៅកែ​ហាង លោក​ភី សុខ បាន​និយាយ​ថា តាម​ពិត​ក្រុម​ចោរ​នេះ ​បាន​ចូល​ផឹកស៊ី​ក្នុង​ហាង​របស់​លោក​ស្ទើរ​រាល់​យប់​ ។ ពេល​ខ្លះ​ ពួក​គេ​ដើរ​ចូល​ហាង​ទាំង​ពាក់មួក​សុវត្ថិភាព​ទៀត​ផង ហើយ​ដើរទៅ​អង្គុយ​នៅ​ខ្យូ​ស​ខាងក្រោយ​ មិនសូវ​អង្គុយ​ខាង​មុខ​ទេ តែ​លោក​មិន​ដែល​ចាប់​អារ​ម្មរណ៍​ឡើយ ។

លោក​បាន​បញ្ជាក់​ថា ដោយសារ​បាត់​ហង្ស​តេ​លើក​ចុង​ក្រោយ ហើយ​ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព​ឃើញ​ជន សង្ស័យ​ម្នាក់​ពាក់មួក​សុវត្ថិភាព ទើប​ចាប់អារម្មណ៍​លើ​ម៉ូយ​មួយ​ក្រុម ដែល​តែង​ចូល​ហាង​ពាក់មួក​នេះ​ដែរ ក៏​បង្ហាញ​តម្រុយ​នេះ​ដល់​សមត្ថកិច្ច រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​តែ​ម្ដង ។

ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ បើ​តាម​លោក​ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា សមត្ថកិច្ច​ដកហូត​បាន​នូវ​វត្ថុ​តាង​រួម​មាន ហង្ស​តេ​ចំនួន​៣ កៅអី​ឈើ​៣ និង​រូបចម្លាក់​ត្រី​ចំនួន​២ ​។ លោក​បាន​បន្ថែម​ថា បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់​ហើយ ៕ ​

អត្ថបទសរសេរ ដោយ