រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា រថភ្លើងលើអាកាស (Sky Train) ដែលជាប្រព័ន្ធដឹកជញ្ជូនដ៏ស៊ីវិល័យ នឹងសាងសង់នៅឆ្នាំ២០១៩ខាងមុខនេះ ដោយគ្រោងនឹងបញ្ចប់នៅមុនព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលព្រះរាជណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

គម្រោងនេះអភិវឌ្ឍន៍ដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA ដោយគ្រោងនឹងចំណាយទឹកប្រាក់ចំនួន៨០០លានដុល្លារអាមេរិក និងមាន៤ខ្សែ ឆ្លងកាត់មហាវិថីសំខាន់ៗមួយចំនួនដូចជា មហាវិថីព្រះមុនីវង្ស, កម្ពុជាក្រោម, ហ្សាដឺហ្គោល, ព្រះមុនីរេត, វេងស្រេង និងមហាវិថីសហព័ន្ធរុស្ស៊ី ។
គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងលើអាកាសនេះ គឺជាគំនិតផ្ដួចផ្តើមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃនៅប្រទេសជប៉ុន កាលខែសីហា ឆ្នាំ២០១៧កន្លងមក ។
ក្នុងឱកាសនោះ សម្តេចតេជោបានស្នើរដ្ឋាភិបាលទីក្រុងតូក្យូ ឲ្យជួយគិតគូរផ្ដល់ជំនួយជាហិរញ្ញវត្ថុនិងបច្ចេកទេស ដើម្បីអភិវឌ្ឍន៍លើវិស័យដឹកជញ្ជូន ជាពិសេស រៀបចំឲ្យមានរថភ្លើងស្វ័យប្រវត្តិលើអាកាសបែបនេះ ដើម្បីកាត់បន្ថយនូវការចំណាយរបស់ពលរដ្ឋ ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗ ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងកាលពីថ្ងៃទី១៩ ឧសភា ថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) កំពុងសិក្សាលើបណ្តាញ និងការសាងសង់រថភ្លើងលើអាកាស (Sky Train) នៅកណ្តាលរាជធានីភ្នំពេញ ដែលនឹងអាចសាងសង់នាដើមឆ្នាំ២០១៩ខាងមុខនេះ ដើម្បីឲ្យគម្រោងនេះបញ្ចប់មុនពេលកម្ពុជារៀបចំស៊ីហ្គេម ។
លោកបន្តថា គម្រោងសាងសង់ផ្លូវរថភ្លើងអាកាសនេះ មានប្រវែងសរុប១៨គីឡូម៉ែត្រ ដោយរត់កាត់មហាវិថីធំៗជាច្រើននៅរាជធានីភ្នំពេញ និងតភ្ជាប់ទៅកាន់ព្រលានយន្តហោះអន្តរជាតិផងដែរ ។
មន្ត្រីនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ា ស៊ីមសូរិយា បានថ្លែងថា ការសិក្សាពីគម្រោងរថភ្លើងលើអាកាសនេះ មិនទាន់បញ្ចប់នៅឡើយទេ ហើយការវិនិយោគរថភ្លើងបែបនេះ រាជរដ្ឋាភិបាលមានបំណងឲ្យវិស័យឯកជនចូលរួមវិនិយោគ ប៉ុន្តែការសម្រេចជាក់លាក់បែបណា គឺមិនទាន់ដឹងនៅឡើយទេ។ លោកបន្តថា គម្រោងនេះត្រូវបានស្នើឡើងដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសជប៉ុន កាលពីចុងឆ្នាំមុន ។
លោកបន្តថា ៖« រហូតមកទល់ពេលនេះ ខ្ញុំមិនអាចបញ្ជាក់បានលម្អិតថា គម្រោងនេះនឹងសិក្សាចប់ក្នុងឆ្នាំនេះ ហើយអាចចាប់ផ្តើមសាងសង់ពេលណាទេ ព្រោះគម្រោងនេះត្រូវការការរៀបចំផែនការយូរ » ។
លោកបណ្ឌិត វ៉ាន់ វ៉ាត អ្នកឯកទេសផ្នែករៀបចំដែនដី និងនគរូបនីយកម្ម បានថ្លែងថា ការសាងសង់ផ្លូវរថភ្លើងលើអាកាសពិតជាល្អប្រសើរ ព្រោះវាមិនត្រឹមតែជួយសម្រួលបញ្ហាចរាចរណ៍ទេ ប៉ុន្តែវាក៏ជួយលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ និងជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរផងដែរ ។
លោកបន្តថា ៖« រថភ្លើងលើអាកាស វាបង្ហាញពីភាពស៊ីវិល័យរបស់ទីក្រុងមួយ ដែលមានការរីកចម្រើន និងជួយធ្វើឲ្យទីក្រុងកាន់មានភាពរស់រវើក និងជាមធ្យោបាយមួយទៀតជួយសម្រួលការកកស្ទះចរាចរ » ។ លោកបន្តថា ៖«វានឹងផ្តល់ជម្រើសច្រើនដល់ប្រជាពលរដ្ឋសម្រាប់ការធ្វើដំណើរ ហើយរថភ្លើងបែបនេះជោគជ័យឬអត់ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ខ្ញុំគិតថា ប្រជាពលរដ្ឋនឹងចាប់អារម្មណ៍ » ។
លោកបណ្ឌិត វ៉ាន់ វ៉ាត បានបន្ថែមថា ទោះជាយ៉ាងណា អ្វីៗទាមទារឲ្យមានការអប់រំពីសារសំខាន់នៃការប្រើប្រាស់មធ្យោបាយសាធារណៈដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគេងាកមកប្រើប្រាស់សេវាសាធារណៈបានច្រើន ជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើដងផ្លូវ ។
លោក មាស ម៉េតភ័ក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ៕
ចែករំលែកព័តមាននេះ