ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​មាន​ខ្សែ​រថភ្លើង​ពី​ក្រុង​បាត់ដំបង​-​ខេត្ត​ពោធិ៍សាត់ហើយ ឆាប់ៗនេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អះអាង​ថា ផ្លូវ​រថភ្លើង​ពី​ក្រុង​បាត់ដំបង មក​ក្រុង​ពោធិ៍សាត់ នឹង​ចាប់ផ្តើម​បើក​ដំណើរការ​នៅ​ថ្ងៃ​ទី​២៩ ឧសភា ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អះអាង​ថា ផ្លូវ​រថភ្លើង​ពី​ក្រុង​បាត់ដំបង មក​ក្រុង​ពោធិ៍សាត់ នឹង​ចាប់ផ្តើម​បើក​ដំណើរការ​នៅ​ថ្ងៃ​ទី​២៩ ឧសភា ខាង​មុខ​នេះ ។

លោក វ៉ា​ស៊ី​ម សុរិយា មន្ត្រី​អ្នកនាំពាក្យ​រូប​នេះ​បាន​ថ្លែង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា ថា ខ្សែ​រថភ្លើង​ត​ភ្ជាប់​ពី​ខេត្តបាត់ដំបង មក​កាន់​ក្រុង​ពោធិ៍សាត់ នឹង​រួចរាល់​នៅ​ចុងខែ​ឧសភា​នេះ ដែល​ជា​ផ្នែក​សំខាន់​នៃ​កា​រត​ភ្ជាប់​បណ្តាញ​ដឹក​ជញ្ជូន​របស់​រាជ​រដ្ឋា​ភិបាល ដើម្បី​លើកកម្ពស់​ពាណិជ្ជកម្ម ទេសចរណ៍ និង​កាត់​បន្ថយ​ថ្លៃដើម​នៃ​ការ​ដឹក​ជញ្ជូន ។

លោក​បន្ត​ថា ជាមួយនឹង​កា​រត​ភ្ជាប់​ពី​ក្រុង​ប៉ោយ​ប៉ែ​ត មក​ដល់​ស្រុក​មង្គលបុរី និង​ត​ភ្ជាប់​មក​កាន់​ក្រុង​បាត់ដំបង កាលពី​ពេល​ថ្មី​ៗ​នេះ បណ្តាញ​ខ្សែ​រថភ្លើង​នេះ​កំពុង​ជួសជុល ដើម្បី​ត​ភ្ជាប់​មក​ដល់​តំបន់​បាត់ដឹង ក្នុងស្រុក​ឧដុង្គ នា​ខែកក្កដា ឬ​សីហា ឆ្នាំ​នេះ ។

លោក​​បន្ត​ថា ៖« ការ​ដឹក​ជញ្ជូន​សំខាន់​នា​ពេល​នេះ គឺ​ការ​ដឹក​មនុស្ស​និង​ទំនិញ ដែល​ជា​ផ្នែក​មួយ​ជួយ​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ កាត់​បន្ថយថ្លៃ​ដឹក​ជញ្ជូន និង​ជួយ​សម្រួល​ដល់​ភ្ញៀវ​ទេសចរ » ។

ការ​ស្តារ​ឡើង​វិញ​នូវ​ផ្លូវដែក ដែល​បាន​បោះបង់​អស់​រយៈពេល​ជាង​៤០​ឆ្នាំ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ថវិកាជាតិ និង​ថវិកា​ជំនួយ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​វិនិយោគ​ទូរថភ្លើង​ដោយ​ក្រុមហ៊ុន Royal Railway ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Royal Group ។

លោក វ៉ា​ស៊ី​ម សុរិយា បាន​បន្ត​ថា ខ្សែ​រថភ្លើង​នេះ​អាច​រត់​បាន​ក្នុង​ល្បឿន​៣០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ក្នុង​១​ម៉ោង ប៉ុន្តែ​ផ្លូវ​របស់​យើង​អាច​រត់​បាន​ក្នុង​ល្បឿន​៥០ ទៅ​៦០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង តែ​ការ​រត់​ល្បឿន​យឺត​ៗ​នេះ​ជា​ការ​កំណត់​របស់​ក្រុមហ៊ុន ។ លោក​បន្ត​ថា ការ​ដែល​រថភ្លើង​មិន​អាច​រត់​បាន​លឿន​នៅ​កម្ពុជា ដោយសារ​កត្តា​មួយ​ចំនួន ដូច​ជា ផ្លូវ​រថភ្លើង​កម្ពុជា​មាន​បណ្តាញ​ផ្លូវ​តូច​ៗ​ឆ្លងកាត់​ច្រើន​ពេក ផ្លូវ​រថភ្លើង​របស់​យើង​មាន​ចំនួន​តូច និង​ហេតុផល​មួយ​ចំនួន​ទៀត ។

លោក​បណ្ឌិត ម៉ី កល្យាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​សិក្សាការ​អភិវឌ្ឍ បាន​ថ្លែង​ថា កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រឿងចាំបាច់​មួយ​សម្រាប់​កម្ពុជា​ក្នុង​បរិការណ៍​​នេះ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ទៅ​កាន់​ដំណាក់កាល​ថ្មី​មួយ ព្រោះ​បើ​ចង់​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​កំណើន​ល្អ​ប្រសើរ​ថែម​ទៀត ទាមទារ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ពី​រាជរដ្ឋាភិបាល និង​ការ​ចូលរួម​វិនិយោគ​ពី​វិស័យ​ឯកជន ។

លោក​បន្ត​ថា ៖« កា​រត​ភ្ជាប់​ផ្លូវដែក​ជា​រឿង​ល្អ ដែល​គួរ​អបអរសាទរ ប៉ុន្តែ​ថា​តើ​ប្រភព​ទំនិញ​សម្រាប់​ដឹក​ជញ្ជូន​តាម​ខ្សែ​រថភ្លើង​នេះ​ពី​ប្រទេស​ជិតខាង​កម្រិត​ណា យើង​មិន​ទាន់​ដឹង​នៅឡើយ​ទេ » ។

លោក​បន្ត​ថា ៖« វា​ពិតជា​សំខាន់​ក្នុង​ការ​ពង្រីក​កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស កម្ពុជា​ជាមួយ​ប្រទេស​ជិតខាង ដែល​នឹង​ជួយ​កាត់​បន្ថយ​តម្លៃ​នៃ​សេវាកម្ម​ដឹក​ជញ្ជូន ដែល​​សេវាកម្ម​ដឹក​ជញ្ជូន​នៅ​កម្ពុជា​មាន​តម្លៃ​ថ្លៃ ធៀប​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ