ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​ធ្វើ​ស៊ី​ភ្ញៀវ ផឹកស្រា​បៀរ​អស់​ជិតកន្លះកេស​គិតលុយ​អស់​៥៨​ម៉ឺន​រៀល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​សន្តិសុខ​ឯកជន​បី​នាក់​ត្រូវ​ក្រុម​អ្នក​ស្ទាក់ផ្លូវ​ហៅ​ម៉ូយ​កាក់​ឲ្យ​ចូល​ទៅ​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ​ ក្នុងហាង​យីហោ​ម៉ា​ន់​នី​ KTV ដោយ​ប្រាប់​ថា ស្រា​បៀរ​មួយ​ឈុត​តម្លៃ​២០​ដុល្លារ លុះដល់​ពេល​គិតលុយ​អស់​រហូត​ដល់​ទៅ​៥៨​ម៉ឺន ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ភ្លាម​ៗ​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​សន្តិសុខ​ឯកជន​បី​នាក់​ត្រូវ​ក្រុម​អ្នក​ស្ទាក់ផ្លូវ​ហៅ​ម៉ូយ​កាក់​ឲ្យ​ចូល​ទៅ​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ​ ក្នុងហាង​យីហោ​ម៉ា​ន់​នី​ KTV ដោយ​ប្រាប់​ថា ស្រា​បៀរ​មួយ​ឈុត​តម្លៃ​២០​ដុល្លារ លុះដល់​ពេល​គិតលុយ​អស់​រហូត​ដល់​ទៅ​៥៨​ម៉ឺន ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ភ្លាម​ៗ​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨ ត្រង់​ចំណុចហាង​ខារ៉ាអូខេ​យីហោ ម៉ា​ន់​នី​ KTV តាម​បណ្តោយ​ផ្លូវ​២០០៤ ស្ថិត​ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

 បើ​តាម​សម្តី​ពី​បុរស​ម្នាក់​ឈ្មោះ សុខ ជា អាយុ​២៣​ឆ្នាំ ជា​សន្តិសុខ​ឯកជន ស្នាក់​នៅ​ម្តុំ​អាកាស​យាន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ ស្ថិត​ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​អូរ​រាំង​ឳ ខេត្ត​ត្បូងឃ្មុំ ជា​ភ្ញៀវ​ម្នាក់​ក្នុង​ចំណោម​បី​នាក់​ខាងលើ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​ទាំង​បី​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក វី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​ ១AC-៤៤២៤ ទើបតែ​ចេញពី​កន្លែងធ្វើការ​នៅ​ម្តុំ​វិទ្យាល័យ​សន្ធរ​ម៉ុ​ក គោលបំណង​ជិះ​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ​ពោធិ៍​ចិន​តុង បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២០០៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។ លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​បុរស​ពីរ​ទៅ​បី​នាក់​បាន​រត់​ចេញ​​ពី​ក្នុង​ហាង​មក​កាក់​ពី​ខាង​មុខ​ម៉ូតូ​របស់​ពួក​គាត់​ ហើយ​បាន​ហៅ​ពួក​គាត់​ឲ្យ​ចូល​ទៅ​ផឹក​នៅ​ខាងក្នុង​ហាង​ខាងលើ ដោយ​ប្រាប់​ថា ស្រា​បៀរ​មួយ​ឈុត​តម្លៃ​តែ​២៨​ដុល្លារ ។ ពេល​នោះ​ពួក​គាត់​ក៏​បាន​ប្រកែក​មិន​ព្រម​ចូល​នោះ​ទេ បន្ទាប់​មក​បុរស​ដែល​បាន​រត់​មក​ស្ទាក់​ពួក​គាត់​បាន​បញ្ចុះតម្លៃ​ត្រឹម​២៥​ដុល្លារ រហូត​នៅ​សល់​តែ​២០​ដុល្លារ​ក្នុង​មួយ​ឈុត ក្នុង​នោះ​មាន​ស្រា​បៀរ​មួយ​កេស និង​សាច់​ក្លែម​បួន​មុខ ហើយ​សាច់​ក្លែម​បួន​មុខ​នោះ​មាន សណ្តែកដី​មួយ​ចាន ស្វាយ​ក្រឡុក​មួយ​ចាន ប្រហិត​ក្តាម​មួយ
ចាន និង​សាច់​ប៉ាត់​តេ​មួយ​ចាន​។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​ដោយ​ពួក​គាត់​គិត​ថា​តម្លៃ​ថោក​គួរសម​ដែរ​ក៏​សម្រេចចិត្ត​នាំ​គ្នា​ចូល​ទៅ​ផឹកស៊ី​ច្រៀង​លេង​កំសាន្ត​នៅ​ក្នុង​ហាង​កើតហេតុ​ខាងលើ​ ដោយ​បានឱ្យ​នារី​បម្រើ​ការ​នៅ​ក្នុង​ហាង​នោះ​មក​អង្គុយ​ជាមួយ​ចំនួន​បី​នាក់​ផង​ដែរ​។ លុះដល់​ពេល​ផឹក​អស់​ជិត​កន្លះ​កេស ក៏​ស្រាប់តែ​មាន​អ្នក​រត់​តុ​លើក​សាច់​ក្លែម​មក​ឲ្យ​ពួក​គាត់​បី​ទៅ​បួន​ចាន​បន្ថែម​ទៀត​។ ពេល​នេះ​ពួក​គាត់​ក៏​បាន​សួរ​ទៅ​អ្នក​រត់​តុ​ថា​គាត់​មិន​បាន​ហៅ​សាច់​ក្លែម​ទាំងនេះ​ទេ ម៉េច​ក៏​យក​មក? អ្នក​រត់​តុ​ក៏​បាន​ឆ្លើយ​មក​វិញ​ថា អត់​អី​ទេ​បង​ គឺ​សាច់​ក្លែម​ទាំងនេះ Free ទេ​បង ​។ ដោយ​ឃើញ​សភាព​មិន​ស្រួល ​ពួក​គាត់​ក៏​បាន​ឲ្យ​អ្នក​រត់​តុ​គិតលុយ មួយ​ស្ទុះ​ក្រោយមក​អ្នក​រត់​តុ​ក៏​បាន​ចេញ​វិក្កយបត្រ​មក​ឲ្យ​ពួក​គាត់ គឺ​អស់​រហូត​ទៅ​ដល់​៥៨​ម៉ឺន​រៀល​ឯណោះ តែ​គាត់​មិន​បាន​មើល​ថា​គេ​គិត​ទៅ​លើ​អ្វីខ្លះ​នោះ​ទេ​។ ដោយសារ​តម្លៃ​នេះ​គឺ​លើស​ពី​តម្លៃ​ដែល​ពួក​គាត់​បាន​និយាយ​តថ្លៃ​គ្នា​ជាមួយនឹង​បុគ្គលិក​ដែល​បម្រើ​ការ​នៅ​ក្នុង​ហាង​នេះ មុន​ពេល​ពួក​គាត់​ចូល​ផឹកស៊ី ដោយ​ក្នុង​មួយ​ឈុត​តម្លៃ​តែ​២០​ដុល្លារ​ប៉ុណ្ណោះ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​មក​ពួក​គាត់​ប្រកែក​មិន​ព្រម​បង់លុយ​ទៅ​ឲ្យ​ម្ចាស់​ហាង​នោះទេ​ ស្រាប់តែ​មាន​បុរស​បួន​ទៅ​ប្រាំ​នាក់​បាន​មក​ជេរ​ដៀល និង​គំរាម​វាយ​ទៅ​លើ​ពួក​គាត់ ប្រសិនបើ​មិន​ព្រម​បង់លុយ​ឲ្យ​ទៅ​តាម​វិក្កយបត្រ​ដែល​បាន​ចេញ​មក​ហើយ​នោះ ព្រម​​ទាំង​ចង់​យក​ម៉ូតូ​របស់​ពួក​គាត់​ទៅ​ទុក​នៅ​ក្នុង​ហាង​ថែម​ទៀត​ផង ។ ទោះបីជា​ពួក​គាត់​ព្រម​សម្រួល​បង់លុយ​ឲ្យ​ចំនួន​៣០​ម៉ឺន​រៀល​យ៉ាងណា​ក៏​ដោយ ក៏​ខាង​ម្ចាស់​ហាង​កើតហេតុ​ខាងលើ​មិន​ព្រម​ឲ្យ​ពួក​គាត់​ចេញ​ទៅ​ដែរ​។ ភ្លាម​ៗ​នោះ​ពួក​គាត់​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះ​មក​ធ្វើការ​អន្តរាគមន៍​​តែ​ម្តង​។ ខណៈ​ពេល​ដែល​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​ស្រាប់តែ​ខាង​ម្ចាស់​ហាង​បាន​ចេញ​វិក្កយបត្រ​ថ្មី​មួយទៀត​ដែល​អស់​តម្លៃ​តែ​៥០​ដុល្លារ ក្នុង​នោះ​ស្រា​បៀរ​មួយ​កេស​តម្លៃ​២០​ដុល្លារ និង​សាច់​ក្លែម​បួន​ចាន់​ទៀត​អស់​ចំនួន​៣០​ដុល្លារ​។ ចំណែក​ឯខាង​ភាគី​ម្ចាស់​ហាង​កើតហេតុ​ខាងលើ​មិន​បាន​ចេញ​មុខ​មក​បកស្រាយ​ឱ្យ​ដឹង​ច្បាស់​ជុំវិញ​ករណី​ខាងលើ​នេះ​ទេ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​នាំ​បុរស​ទាំង​៣​នាក់​ខាងលើ​ដែល​ជា​ភ្ញៀវ​រង​គ្រោះ និង​បុរស​ម្នាក់​ដែល​ជា​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​ហាង​កើតហេតុ​ខាងលើ​ទៅ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ឯ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​ទី​១ ទើប​ភាគី​ខាង​ហាង​ខារ៉ាអូខេកើតហេតុ​ខាងលើ​ព្រម​ទទួលយក​ប្រាក់​ពី​ភាគី​ខាង​ជន​រង​គ្រោះ​ដែល​ជា​ភ្ញៀវ​ចំនួន​២០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅ​ប៉ុស្តិ៍​សមត្ថកិច្ច ដោយឡែក​ម្ចាស់​ហាង​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​តម្រូវ​ឲ្យ​ធ្វើកិច្ចសន្យា​ឲ្យ​ឈប់​ធ្វើ​សកម្មភាព​បែប​នេះ​ទៅ​លើ​ភ្ញៀវ​ដទៃ​ទៀត​ បើ​មិន​ដូច្នេះ​សមត្ថកិច្ច​នឹង​ធ្វើការ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ