ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ.ជ.ប ៖ ការិយាល័យបោះឆ្នោតសរុប២២,៩៦៧ ភ្នំពេញមានចំនួនការិយាល័យច្រើនជាងគេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងប្រព្រឹត្តទៅតាមការគ្រោងទុក ដោយគ្មានការពន្យា ឬក៏លើកលែងការបោះឆ្នោតនោះទេ ជាក់ស្តែងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨…

រាជធានីភ្នំពេញ ៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងប្រព្រឹត្តទៅតាមការគ្រោងទុក ដោយគ្មានការពន្យា ឬក៏លើកលែងការបោះឆ្នោតនោះទេ ជាក់ស្តែងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសឲ្យដឹងថា ការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខនេះ គឺមានមណ្ឌលបោះឆ្នោតចំនួន២៥មណ្ឌលរាជធានី-ខេត្ត និងការិយាល័យបោះឆ្នោតមានចំនួន ២២,៩៦៧ ការិយាល័យទូទាំងប្រទេស។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ (គ.ជ.ប) បានបង្ហាញឲ្យដឹងថា រាជធានីភ្នំពេញមានការិយាល័យសរុបចំនួន២,១៣៨ ការិយាល័យច្រើនជាងគេបង្អស់ទូទាំងប្រទេស  ខណៈខេត្តព្រៃវែង មានចំនួនលេខរៀងបន្ទាប់ ដែលមានការិយាល័យសរុប១,៨២៧ ខេត្តកណ្តាលចំនួន១,៧៣៤ កំពង់ចាមមានចំនួន១,៦៥៩ និងខេត្តបាត់ដំបងមានចំនួនការិយាល័យបោះឆ្នោតសរុប១,៦៥៥  ។ សម្រាប់ខេត្តដែលមានចំនួនការិយាល័យតិចជាងគេបង្អស់ គឺខេត្តកែប  ដែលមានការិយាល័យត្រឹមតែ៦៧ ការិយាល័យ  និងខេត្តកោះកុងមាន១៨២ ការិយាល័យ  ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ (គ.ជ.ប) ដដែលបានបញ្ជាក់ថាប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតមានចំនួន៨.៣៨០.២១៧ នាក់ ។

សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ បានបង្ហោះសារក្នុងបណ្តាញសង្គមរម្លឹកប្រជាពលរដ្ឋឲ្យបានដឹងថា  «ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គឺកាន់តែខិតជិតមកដល់ហើយ គឺនៅតែជាង២ខែទៀតប៉ុណ្ណោះ!» ជាមួយគ្នានោះផងដែរ លោកនាយករដ្ឋមន្ត្រីក៏បានអំពាវសូមបងប្អូនជនរួមជាតិ  និងកូនក្មួយយុវជនទៅបោះឆ្នោតនៅក្នុងថ្ងៃបោះឆ្នោតថ្ងៃទី២៩​  ខែកក្កដា ឆ្នាំ២០១៨  ខាងមុខទាំងអស់គ្នា ។

សម្តេចនាយរដ្ឋមន្ត្រីហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាក៏បានអំពាវឲ្យអ្នកបោះឆ្នោតបន្តបោះឆ្នោតជូនបក្សកាន់អំណាចដែលសំណេររបស់សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា ៖ «អរគុណបងប្អូន និងកូនក្មួយដែលមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ​ ហើយបន្តបោះឆ្នោតឲ្យគណបក្សប្រជាជន​ ដើម្បីខ្ញុំមានឱកាសដឹកនាំប្រទេសជាតិដែលធានាបាននូវសុខសន្តិភាព  និងការអភិវឌ្ឍគង់វង្សយូរអង្វែង»​​​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ