ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​គ្មាន EBA ពី​សហគមន៍​អឺរ៉ុប តើ​សេដ្ឋកិច្ច​កម្ពុជា​នឹង​ទៅ​ជា​យ៉ាងណា ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ស្ថាប័នហិរញ្ញវត្ថុ​ជាតិ និង​អន្តរជាតិ​វាយតម្លៃ​ថា នៅ​តែ​រក្សា​បាន​កំណើន​រឹង​មាំ បើ​ធៀប​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់ ។ ប៉ុន្តែ​ប្រសិនបើ​គ្មាន​ភាព​អនុគ្រោះ​ពាណិជ្ជកម្ម អ្វី​ៗ​គ្រប់យ៉ាង…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ស្ថាប័នហិរញ្ញវត្ថុ​ជាតិ និង​អន្តរជាតិ​វាយតម្លៃ​ថា នៅ​តែ​រក្សា​បាន​កំណើន​រឹង​មាំ បើ​ធៀប​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់ ។ ប៉ុន្តែ​ប្រសិនបើ​គ្មាន​ភាព​អនុគ្រោះ​ពាណិជ្ជកម្ម អ្វី​ៗ​គ្រប់យ៉ាង លើកលែងតែ​អាវុធ «EBA» ពី​សហគមន៍​អឺរ៉ុប តើ​សេដ្ឋកិច្ច​កម្ពុជា​នឹង​ទៅ​ជា​យ៉ាងណា​នា​ពេល​បច្ចុប្បន្ន និង​អនាគត ?

លោក គី សេរី​វឌ្ឍន៍ បណ្ឌិត​សេដ្ឋកិច្ច និង​អ្នក​ស្រាវជ្រាវ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​៨ ឧសភា ថា បើ​និយាយ​ពី EBA វា​ល្អ​សម្រាប់​កម្ពុជា ប៉ុន្តែ​បើ​អត់​មាន តើ​កម្ពុជា​មាន​គ្រោះថ្នាក់​ដែរ​ឬទេ ? បើ​គ្មាន EBA កម្ពុជា​នៅ​តែ​អាច​នាំ​ចេញ​ទៅ​បរទេស​បាន​ដូច​គ្នា ដោយសារ​តែ​ផលិតភាព​ផលិត​របស់​កម្មករ​កាត់ដេរ​ខ្ពស់ ធៀប​នឹង​ប្រទេស​ផ្សេង​ទៀត និង​ធៀប​នឹង​ប្រាក់ខែ ក្នុង​ន័យ​នេះ កម្ពុជា​មាន​ឧត្តមភាព​រួច​ស្រេច​ទៅ​ហើយ ក្នុង​ការ​នាំ​ចេញ​ផលិតផល​ផ្សេង​ៗ​ដែល​ប្រើ​កម្លាំង​ពលកម្ម គេ​ហៅ​ថា ឧស្សាហកម្ម​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន ។

លោក​បន្ត​ថា បើ​កម្ពុជា​ពុំ​ទទួល​បាន​ភាព​អនុគ្រោះ​ពាណិជ្ជកម្ម​ពី​សហគមន៍​អឺរ៉ុប​នៅ​ពេល​បច្ចុប្បន្ន ក៏​ដូច​នៅ​ពេល​ខាង​មុខ​ក្តី កម្ពុជា​មិន​ស្លាប់​ទេ សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​ទៅ​មុខ និង​មានការ​ទាក់ទាញ ដោយ​ផ្អែក​ទៅ​លើ​កត្តា​ស្នូល​ធំ​ៗ​ចំនួន​៤ ដូច​ជា ៖
១-​តម្លៃ​ពលកម្ម​របស់​កម្ពុជា​ទាប​ជាង​ប្រទេស​ដទៃ​ទៀត បើ​យើង​ធៀប​នឹង​ផលិតភាព​។ ក្នុង​ផ្នែក​សេដ្ឋកិច្ច គេ​យក​ផលិតភាព​មក​វាស់ ឬ​ចែក​ជាមួយ​ប្រាក់ខែ​ពលកម្ម មាន​ន័យ​ថា បើ​វិនិយោគិន​ចំណាយ​១​ដុល្លារ​នៅ​ស្រុក​យើង តើ​គេ​បាន​ផលិតភាព​មក​វិញ​ប៉ុន្មាន ហើយ​ចំណាយ​១​ដុល្លារ​ដូច​គ្នា​ដែរ​នៅ​ប្រទេស​ផ្សេង​ទៀត តើ​បាន​ផលិតភាព​មក​វិញ​ប៉ុន្មាន ? ប្រទេស​ភូមា ដែល​មាន​ប្រាក់​ឈ្នួល​ពលកម្ម​ទាប​ជាង​យើង មិន​ប្រាកដ​ថា មាន​ផលធៀប​នៃ​ផលិតភាព​ទៅ​នឹង​ប្រាក់​ឈ្នួល​ទាប​ជាង​យើង​ទេ ព្រោះ​យើង​មាន​ផលិតផល​ខ្ពស់​ជាង ក្នុង​ន័យ​នេះ យើង​អាច​មានឱកាស​ទាញ​វិនិយោគិន​មក​ច្រើន​ជាង​ប្រទេស​ភូមា ។

២-​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ​។​ឥឡូវនេះ មិនសូវ​មានការ​បង្កចលាចល និង​បាតុកម្ម ដែល​ជា​កត្តា​រារាំង​ដល់​អ្នក​វិនិយោគ​ទេ ។ កាលណា​កម្មករ​មាន​បាតុកម្ម​ច្រើន អ្នក​វិនិយោគ​មិន​ហ៊ាន​ចូល​មក​ផលិត គាត់​នឹង​ទទួល​រង​គ្រោះ​ខាតបង់​ប្រាក់ ដោយសារ​កម្មករ​ធ្វើ​បាតុកម្ម ។ ខ្ញុំ​សង្កេត​ឃើញ​ថា កន្លះ​ឆ្នាំ​កន្លង​មកនេះ សកម្មភាព​បាតុកម្ម​ស្ទើរតែ​កាត់​បន្ថយ​អស់ ។ ករណី​នេះ ខ្ញុំ​គិត​ថា ជា​កត្តា​ល្អ​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​មក​កាន់​កម្ពុជា​កាន់តែ​ច្រើន ។

៣-​ប្រព័ន្ធ​បណ្តុះបណ្តាល​វិជ្ជាជីវៈ គឺ​ខ្ញុំ​បានឃើញ​ក្រសួង​អប់រំ​ធ្វើ​កំណែទម្រង់រដ្ឋបាល​អប់រំ មាន​ន័យ​ថា ការ​ប្រឡង ការ​រៀនសូត្រ​នា​ពេល​បច្ចុប្បន្ន​នេះ បាន​ពង្រឹង​វិន័យ​ក្នុង​ការ​រៀនសូត្រ​បាន​ល្អ​ប្រសើរ ។ ខ្ញុំ​ជឿ​ថា នៅ​ពេល​ទៅ​មុខ​បន្តិចទៀត រាប់​ទាំង​វិន័យ​រដ្ឋបាល​ការ​រៀនសូត្រ​នេះ ក្រសួង​នឹង​ពង្រឹងគុណភាព​បន្ថែម​ទៀត នឹង​ធ្វើ​ឱ្យ​ផលិតភាព​កាន់តែ​ខ្ពស់ ។ នេះ​ជា​ចំណុច​នៃ​ការ​ឈាន​ទៅ​រក​ចំណុច​លូតលាស់​នៃ​កម្លាំង​ពលកម្ម ហើយ​ក៏​ទាក់ទាញ​វិនិយោគិន​មក​ប្រទេស​យើង​ច្រើន​ដែរ ។

៤-​កម្ពុជា​នៅ​សល់​ធនធាន​ច្រើន ដែល​អាច​ឱ្យ​វិនិយោគិន​ចូលរួម​វិនិយោគ​ច្រើន​ជាង​មុន ដោយ​សារភាព​សម្បូរ​បែប​នៃ​ធនធាន មាន​ន័យ​ថា ផលិតកម្ម​នៅ​ក្នុង​ប្រទេស​យើង​មាន​ថ្លៃ​ទាប​ជាង ឬ​មាន​ឧត្តមភាព​សម្រាប់​នាំ​ចេញ​ទៅ​ប្រទេស​ផ្សេង​ទៀត ខណៈ​យើង​មាន​លក្ខណៈ​សម្បូរ​បែប​នៃ​ធនធាន ។
លោក​បន្ថែម​ថា ៖« បើ​ទោះបី​យើង​អត់ EBA ក៏​កម្ពុជា​អាច​រុញ​ឱ្យ​មាន​កំណើន និង​ទាក់ទាញ​វិនិយោគិន​បាន​ដែរ ព្រោះ​យើង​មានច្បាប់​វិនិយោគ ពន្ធដារ និង​គណនេយ្យ​រៀបចំ​ស្រប​តាម​ស្តង់ដា​អន្តរជាតិ​រួច​ហើយ » ។
លោក ស៊ា​ង ថៃ មន្ត្រី​នាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ថា ៖« ទាក់ទង​នឹង​ភាព​អនុគ្រោះ​ពាណិជ្ជកម្ម អ្វី​ៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA) ដែល​សហគមន៍​អឺរ៉ុប​បាន​ផ្តល់​ជូន​កម្ពុជា​តាំងពី​ឆ្នាំ​២០០១ គឺ​អត់​កំណត់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទេ ឱ្យ​តែ​ប្រទេស​ក្រីក្រ ។ ប៉ុន្តែ​លក្ខខណ្ឌ​ធំ ទាល់តែ​យើង​ឆ្លង​ផុត​ពី​ប្រទេស​ក្រីក្រ​ទៅ គេ​លែង​ផ្តល់​ជូន​ទៀត​ហើយ » ។
លោក​បន្ត​ថា ៖« ផលប្រយោជន៍​ដែល​កម្ពុជា​ទទួល​បាន​ពី EBA នេះ គឺ​យើង​នាំ​ចេញ​ទំនិញ​ទៅ​សហគមន៍​អឺរ៉ុប​រួច​ពន្ធ ហើយ​យើង​មាន​ប្រៀប​ជាង​ប្រទេស​ដទៃ ក្នុង​ការ​ទាក់ទាញ​វិនិយោគិន ។ គេ​ចូល​មក​វិនិយោគ​នៅ​ស្រុក​ខ្មែរ​នាំ​ចេញ​ទៅ​អត់​បង់ពន្ធ តែបើ​វិនិយោគិន​ទៅ​ប្រទេស​ថៃ​វិញ គឺ​នាំ​ចេញ​ត្រូវ​បង់ពន្ធ ។ សហគមន៍​អឺរ៉ុប​ផ្តល់ EBA ជូន​ប្រទេស​ក្រីក្រ នៅ​ពេល​យើង​អស់ EBA បាន​ន័យ​ថា យើង​នឹង​ផុត​ពី​ប្រទេស​ក្រីក្រ ។ អីចឹង ខ្ញុំ​យល់​ថា ប្រសិនជា​ដល់​ពេល​នោះ យើង​អស់ EBA ក៏​អត់​មាន​អ្វី​ប៉ះពាល់​ដែរ ពីព្រោះ​កម្រិត​សេដ្ឋកិច្ច​របស់​យើង​ឆ្លង​ផុត​ពី​ប្រទេស​ក្រីក្រ​ទៅ​ហើយ » ។

តាម​របាយការណ៍​នាយកដ្ឋាន​នាំ​ចេញ​-​នាំ​ចូល​របស់​ក្រសួងពាណិជ្ជកម្ម​ឱ្យ​ដឹង​ថា កម្ពុជា​បាន​នាំ​ចេញ​ទៅ​សហគមន៍​អឺរ៉ុប ក្នុង​ទឹកប្រាក់​ប្រមាណ​៤.៣៤៣​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧ កើន​ពី​ទឹកប្រាក់​ប្រមាណ​៣.៩៥០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ ។
ទោះបីជា​១​ទសវត្សរ៍​ចុង​ក្រោយ​នេះ កម្ពុជា​កំពុង​បោះ​ជំហាន​ទៅ​មុខ​ផ្នែក​សេដ្ឋកិច្ច​ប្រកបដោយ​កំណើន​រឹង​មាំ​ក្តី ប៉ុន្តែ​កម្ពុជា​នៅ​ពុំ​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​នៅឡើយ​ទេ ។ តួយ៉ាង គុណភាព​នៃ​ការ​ផលិត​ផលិតផល ការ​ផ្តល់​សេវា និង​អគ្គិសនី​នៅ​មាន​តម្លៃ​ថ្លៃ​នៅឡើយ បើ​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់ ដែល​ទាមទារ​ឲ្យ​កម្ពុជា​យកចិត្តទុកដាក់​ឱ្យ​បាន​ខ្លាំងក្លា​បន្ថែម​ទៀត​លើ​ចំណុច​ខ្វះខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ