ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ជ្រើសរើសផ្លូវខុស ដោយបានធ្វើសកម្មភាពស្ទាក់ផ្លូវចាប់នារីម្នាក់អារ.កប្រុងសម្លាប់ចោល ដោយសារតែនារីរងគ្រោះបដិសេធការសុំស្រលាញ់របស់គេ ។
ការប៉ុនប៉ងមនុស្សឃាតនេះធ្វើឡើង ខណៈនាងត្រឡប់មកពីរាំក្នុងពិធីមង្គលការកូនអ្នកភូមិជាមួយគ្នា តែត្រូវបានអ្នកភូមិជួយអន្តរាគមន៍បញ្ជូននារីរងគ្រោះទៅសង្គ្រោះ និងចាប់ជនសង្ស័យប្រគល់អោយសមត្ថកិច្ចចាត់ការតាមច្បាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៩នាទីយប់ថ្ងៃទី១៣ ឧសភា ២០១៨ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យឈ្មោះ ជឿន ភក្ដី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះបានដើរត្រឡប់មកពីចូលរួម និងរាំលេងកម្មវិធីមង្គលការកូនអ្នកភូមិជាមួយគ្នា លុះពេលត្រឡប់មកវិញ ស្រាប់តែត្រូវជនសង្ស័យស្ទាក់ផ្លូវ ហើយបានធ្វើសកម្មភាពយកកណ្ដៀវអារ.កនារីរងគ្រោះពីកញ្ចឹងកខាងក្រោយដល់គុម្ពត្រចៀកខាងស្ដាំ និងរបួសដៃធ្ងន់ធ្ងរ ហើយត្រូវបានអ្នកភូមិជួយចាប់ជនសង្ស័យប្រគល់អោយសមត្ថកិច្ច ចំណែកនារីរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា មូលហេតុដែលខ្លួនធ្វើសកម្មភាពចាប់នារីរងគ្រោះអារ.ក ព្រោះតែខឹងនាងមិនព្រមទទួលយកសេចក្តីស្រលាញ់ពីខ្លួន។
លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គបានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ឧសភា ថា ជនសង្ស័យគឺជាមុខសញ្ញាទើបចេញពីពន្ឋនាគារបាន២ខែប៉ុណ្ណោះ ដោយជាប់ចោទពីបទហិង្សាដោយចេតនា។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ