ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ូ ស៊ី​រី​កា ថា​ មាន​អ្នកយំ​ស្តាយ​រូប​នាង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​បេក្ខភាព The Voice Cambodia រដូវ​កាល​ទី​១ និង​ជា​តារា​ចម្រៀង​​ប្រចាំ​ផលិតកម្ម​ថោ​ន កញ្ញា​ស៊ូ ស៊ី​រី​កា…

រាជធានី​ភ្នំពេញ ៖ អតីត​បេក្ខភាព The Voice Cambodia រដូវ​កាល​ទី​១ និង​ជា​តារា​ចម្រៀង​​ប្រចាំ​ផលិតកម្ម​ថោ​ន កញ្ញា​ស៊ូ ស៊ី​រី​កា បាន​បង្ហោះ​សារ​មួយ​ថា​នឹង​ចាក​ចេញពី​អាជីព​ចម្រៀង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​នាង​ស្រងាកចិត្ត ។

ស៊ូ ស៊ី​រី​កា បាន​ប្រកាស​ថា​នឹង​លាឈប់​ពី​វិស័យ​សិល្បៈ ដោយ​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​ឈប់​ជា​ស្ថាពរ ទីបំផុត​ខ្ញុំ​បាន​ជីវិត​ខ្ញុំ​មក​វិញ​ហើយ វិស័យ​ដែល​គួរ​ឲ្យ​ខ្លាច វិស័យ​តស៊ូ​គ្មាន​ន័យ ហត់​ណាស់ សង្ឃឹមថា​ការងារ​ថ្មី​របស់ខ្ញុំ​បងប្អូន​នៅ​តែ​គាំទ្រ ហើយ​ជួយ​ទិញ​ទាំងអស់​គ្នា​ណា​» ។

បណ្ដា​អ្នកគាំទ្រ​មួយ​ចំនួន​លើក​ឡើង​ថា​«​ឈប់​ទៅ​ល្អ​ជាង​គ្មាន​ប្រយោជន៍​ទេ ល្អមើល​មិនល្អ​ស៊ី​ទេ ខាត​តែ​ពេល​ទេ ការងារ​ថ្មី​នឹង​ជោគជ័យ​រហូត ហើយ​នៅ​តែ​រាប់អាន និង​ស្រឡាញ់​អូន មនុស្ស​ល្អ​មិន​ថា​ទៅ​ណា មិន​ថា​ធ្វើ​អ្វី គង់​មាន​គេ​ចូល​ចិត្តច្រើន​» ។ ទោះជា​យ៉ាងណា​ក្តី​អ្នកខ្លះ​ទៀត​មិន​ចង់​ឲ្យ​តារា​ស្រី​រូប​នេះ​ឈប់​ឡើង​ដោយ​ថា​«​កុំ​ឈប់​អី​បង ស្តាយ​ទេព​កោសល្យ​បងស្រី​ណាស់​» ។

ទាំង​អ្នកសិល្បៈ​មួយ​ចំនួន​ទៀត​អត់​ចង់ឱ្យ​ស៊ូ ស៊ី​រី​កា លាឈប់​ពី​អាជីព​ទេ ព្រោះ​នាង​មាន​ទេព​កោសល្យ​ល្អ ច្រៀង​ជា​ភាសា​ខ្មែរ​ពីរោះ​កម្រិត​ច្រៀង​ភាសា​អង់គ្លេស​វិញ​រឹតតែ​ល្អ ។ ស៊ី​រី​កា ជា​ចៅស្រី​បង្កើត​អ្នកស្រី​កែវ ម​ន្ថា អតីត​តារាភាពយន្ត​ជំនាន់​លោក​ណុ​ប ណែម និង​ជា​ក្មួយបង្កើត​អ្នកស្រី​ជុំ រស្មី ហៅ​ស្រី​ទូច តារា​កំប្លែង ។

ជំនួប​ផ្ទាល់​រវាង​កោះសន្តិភាព ជាមួយ​កញ្ញា​ស៊ូ ស៊ី​រី ក្នុង​ពិធី​ខួបកំណើត​លោក​រ៉ា វី​រៈ កាល​ពី​ពេល​ថ្មី​ៗ​កន្លង​មក នាង​បាន​បញ្ជាក់​ថា «​នាង​ខ្ញុំ​ឈប់​គិត​ចង់​លាឈប់​ពី​សិល្បៈ​វិញ​ហើយ​​បន្ទាប់​ពី​មាន មិត្ត​ៗ​ក្នុង​បណ្តាញ​សង្គម​ជា​ច្រើន​សុំ​កុំ​ឲ្យ​នាង​ខ្ញុំ​ដើរ​ចេញ​ព្រោះ​ស្តាយ​​ឱកាស​ដែល​ខិតខំ​ព្យាយាម​តាំងពី​ដំបូង ។ មាន​មិត្ត​ក្នុង​ហ្វេ​សបុ​៊​ក​ខ្លះ​យំ​មិន​ឲ្យ​នាង​ខ្ញុំ​ឈប់​ពី​សិល្បៈ​ឡើយ ។ ដោយសារ​កត្តា​ខាងលើ​នេះ​ហើយ​ទើប​នាង​ខ្ញុំ​ពិចារណា​ឡើង​វិញ​ថា មិន​ដកថយ ឆ្លើយ​តប​ការ​គាំទ្រ ។

ការ​គិត​កន្លង​មក គិត​តែឯង​មិន​បាន​ចូល​ទៅ​ពិភាក្សា​ជាមួយ​បងប្អូន​អ្វី​ទេ ដោយសារ​តែ​នាង​ខ្ញុំ​ហត់នឿយ​ការងារ ហើយ​យល់​ថា​សិល្បៈ​លំបាក​ណាស់ បើ​មិន​ព្យាយាម​ទៅ​មុខ​មិន​រួច​ព្រមទាំង​មានការ​ប្រជែង និង​រូបភាព​ជា​ច្រើន​ទៀត​បោកបក់​មក​លើ ។ តែ​មិន​ពាក់​ព័​ន្ឋ​ជាមួយ​រឿង​ស្នេហា​ជាមួយ​បុរស​ណា​ឡើយ គឺ​មិន​ទាន់​ហ៊ាន​ទទួល ហើយ​វា​គឺជា​ការ​គិតតែ​ខ្លួនឯង​ប៉ុណ្ណោះ ។ នាង​ខ្ញុំ​រំពឹង​ថា​បងប្អូន​បន្ត​គាំទ្រ​អាជីព​ចម្រៀង​នាង​ខ្ញុំ​ឡើង​វិញ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ