ខេត្តកំពង់ស្ពឺ ៖ បន្ទាប់ពីភិក្ខុសង្ឃមួយអង្គនាម សូរ រិទ្ធី អតីតចៅអធិការវត្តវិបស្សនាជ្រោះព្រះគន្លោង បានលួចចេញចូលក្នុងវត្ត ដោយលួចលាក់មកស្រោចទឹកបោកប្រាស់ពុទ្ធបរិស័ទមកពីទីឆ្ងាយ ដែលមិនបានដឹងរឿងនោះ ព្រះអនុគណស្រុកសំរោងទងនាម លាង ប៊ុនហាក់ បានមានថេរដីកាថា បុគ្គល សូរ រិទ្ធី ដែលលួចចេញចូលក្នុងវត្តវិបស្សនាជ្រោះព្រះគន្លោង ដោយលួចលាក់នោះ គឺខុសនឹងវិន័យសង្ឃ ដោយសារមិនដឹងថា បុគ្គលរូបនោះបានទៅបួសនៅទីណាទេ ក្រោយការផ្សឹក ព្រោះមានអាបត្តិឬក៏លួចស្លៀកស្បង់ចីវរដោយខ្លួនឯង ក៏មិនដឹង។ ដោយឡែក កាលពីព្រឹកថ្ងៃទី២៩ មេសាកន្លងទៅ ដែលត្រូវនឹងថ្ងៃ១៥កើត ពេញ បូណ៌ មីខែពិសាខ ជាថ្ងៃបុណ្យវិសាខបូជាផងនោះ ក៏មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈពុទ្ធបរិ ស័ទ បានឃើញវត្តមានអតីតចៅអធិការវត្តវិបស្សនាជ្រោះព្រះគន្លោងនាម សូរ រិទ្ធី ដែលត្រូវបានសមត្ថកិច្ចខេត្តកណ្តាល និងខាងធម្មការចាប់ផ្សឹករឿងសេពមេថុន ជាមួយស្ត្រីរោងចក្រនៅបន្ទប់ជួលមួយកន្លែងក្នុងភូមិពោធិ៍ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២០ មេសា ឆ្នាំ២០១៧កន្លងទៅ ។
សូមបញ្ជាក់ថា បុគ្គលរូបនេះ ត្រូវបានព្រះអនុគណស្រុកសំរោងទង ចូលរួមផ្សឹកតាមវិន័យព្រះពុទ្ធសាសនាព្រោះអាបត្តិបរាជិកនោះ ស្រាប់តែពេលនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារឃើញមកគ្រប់ គ្រងតំណែងជាចៅអធិការវត្តដូចដើម ហើយថែមទាំងធ្វើហោរាទស្សន៍ទាយ និងស្រោចទឹកឱ្យពុទ្ធបរិស័ទថែមទៀតផង ។ ដោយចង់ដឹងរឿងនេះ ឱ្យបានច្បាស់ថា តើអ្នកណាជាអ្នកអនុញ្ញាតឱ្យបួសជាសង្ឃឡើងវិញ អ្នកយកព័ត៌ មានយើងបានព្យាមសុំជួបលោក សូរ រិទ្ធី ដើម្បីបកស្រាយ តែលោកបដិសេធមិនឱ្យជួប ហើយថែមទាំងរត់ឡើងរថយន្តឡង់គ្រីស្ស័រមួយគ្រឿង ពណ៌ស្លែចាស់ ពាក់ផ្លាកលេខភ្នំពេញ ២J-១៣៤៦ ជិះគេចចេញពីវត្តបាត់ទៅ ។
បើតាមការសាកសួរ គឺរថយន្តនោះជារបស់លោកផ្កាយ២និងលោកជំទាវមួយរូប រស់នៅក្នុងរាជធានីភ្នំពេញ ជាអ្នកឱ្យលោកបានបួស ហើយគ្រងតំណែងចៅអធិការដូចដើមវិញ និងលួចលាក់ ចេញចូលក្នុងវត្ត ដោយមិនមានអ្នកណាម្នាក់ហ៊ានជាមួយលោកផ្កាយ២ម្នាក់នោះឡើយ សូម្បីតែអាជ្ញាធរមូលដ្ឋាន អនុគណស្រុក និងមន្ទីរធម្មការខេត្តក្តី ។ ពាក់ព័ន្ធនឹងករណីនេះ ព្រះអនុគណស្រុកសំរោងទងនាម លាង ប៊ុនហាក់ មានថេរដីកាថា ព្រះអង្គមិនបានដឹងថា សង្ឃអង្គនោះ (សូរ រិទ្ធី)បួសនៅឯណានោះទេ ។ ករណីបុគ្គល សូរ រិទ្ធីលួចបួសនៅឯណាក៏គ្មានអ្នកណាដឹង ហើយបន្ទាប់ពីព្រះអង្គជាអនុគណស្រុក បានចូលរួមផ្សឹកបុគ្គលនោះរួចមក ខាងអនុគណនិងមន្ទីរធម្មការខេត្តបានជ្រើសរើសភិក្ខុសង្ឃអង្គថ្មីមកធ្វើជាចៅអធិការហើយ ប៉ុន្តែលោកបានលាចាកសិក្ខាបទមុនចូលឆ្នាំទៅហើយ ។
ព្រះអង្គអនុគណ មានថេរដីកាទៀតថា ទង្វើបែបនេះរបស់បុគ្គល សូរ រិទ្ធី គឺខុសនឹងវិន័យសង្ឃធ្ងន់ណាស់ ដែលតាមវិន័យនោះប្រសិនបើបុគ្គល សូរ រិទ្ធី ហ៊ានចេញចូលក្នុងវត្តវិបស្សនាជ្រោះព្រះគន្លោងដោយលួចលាក់ទៀត ព្រះអង្គនឹងឱ្យអាជ្ញាធរធ្វើការឃាត់ខ្លួនជាក់ជាមិនខានឡើយ ។ ជាមួយនេះ ក្នុងនាមព្រះអង្គជាព្រះអនុគណស្រុកសំរោងទង យ៉ាងយូរ១សប្តាហ៍ទៀត នឹងធ្វើការជ្រើសរើសរកភិក្ខុសង្ឃអង្គណា
ដែលកាន់ធម៌វិន័យខ្ជាប់ខ្ជួន មកគង់ក្នុងវត្តវិបស្សនាជ្រោះព្រះគន្លោងនេះ ។
ពាក់ព័ន្ធនឹងការលេចមុខអតីតចៅអធិការវត្តវិបស្សនាជ្រោះព្រះគន្លោង មានវត្តមាននៅក្នុងវត្តនេះដែលមិនដឹងថាលួចបួសនៅវត្តណា ឬក៏លួចស្លៀកស្បង់ចីវរលួចចេញចូលក្នុងវត្តខាងលើនេះ លោក សម សោ ភាន់ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត មិនបានដឹងរឿងនេះឡើយ ។ លោកថានឹងដាក់កម្លាំងតាម ដាន ឃ្លាំមើលបុគ្គល សូរ រិទ្ធី នេះដែលធ្វើទង្វើផ្តេសផ្តាស នាំឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាខ្លាំងណាស់ ។ ប្រសិន បើស៊ើបដឹងថាបុគ្គល សូរ រិទ្ធីនេះ ចេញចូលអមដោយលោកផ្កាយ២ទៀតនោះលោកនឹងឱ្យអាជ្ញាធរធ្វើការឃាត់ខ្លួន ដើម្បីសួរនាំសិនរួចទើបមានចំណាត់ការតាមក្រោយ ។ បើតាមប្រភពព័ត៌មានពីប្រជាពល រដ្ឋនៅភូមិតានង់ ឃុំក្រាំងអំពិល ស្រុកសំរោងទង នៅថ្ងៃទី៦ខែឧសភា បាននិយាយឱ្យដឹងតាមទូរស័ព្ទថា នៅវត្តវិបស្សនាជ្រោះព្រះគន្លោងនេះ ឃើញមានវត្តមានលោក សូរ រិទ្ធី ចេញចូលដដែល បើអាជ្ញាធរមូលដ្ឋាន ព្រះអនុគណស្រុក មន្ទីរធម្មការខេត្ត បណ្តែតបណ្តោយឱ្យបុគ្គល សូរ រិទ្ធី រូបនេះនៅតែចេញចូលលួចលាក់ស្រោចទឹកឱ្យពុទ្ធបរិស័ទដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះ នឹងធ្វើឱ្យខូចសាសនា ដែលជាសាសនារបស់រដ្ឋ ។
ជាមួយនេះ គួរណាស់តែលោកប្រធានមន្ទីរធម្មការខេត្ត និងព្រះអនុគណស្រុកសំរោងទង មានវិធាន ការឱ្យបានហ្មឺងម៉ាត់ចំពោះបុគ្គលខាងលើ ចៀសវាងបុគ្គលរូបនេះនិងបក្សពួកបន្តសកម្មភាពរបស់ខ្លួន ដើរបោក ប្រាស់ប្រជាពុទ្ធបរិស័ទដែលមានជំនឿលើព្រះពុទ្ធសាសនាបានតទៅទៀត ៕
ចែករំលែកព័តមាននេះ