រាជធានីភ្នំពេញ ៖ ផ្ទះលក់សំបកបាវធ្វើអំពីឈើប្រក់សង្ក័សីមួយខ្នង ខណៈម្ចាស់កំពុងលង់លក់ក្នុងដំណេក ស្រាប់តែឆ្លងចរន្តអគ្គិសនីឆេះស្ទើរតែទាំងស្រុង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ឧសភា នៅផ្ទះលេខ៤៦២C មហាវិថីព្រះមុនីវង្សកែងនឹងផ្លូវលេខ៧០ ភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ម្ចាស់ផ្ទះមានឈ្មោះ ចាប រ៉េត ភេទប្រុស អាយុ៤៨ឆ្នាំ ជាអ្នកលក់សំបកបាវ ស្នាក់នៅផ្ទះកើតហេតុខាងលើ ត្រូវបានភ្លើងឆេះអស់ស្ទើរទាំងស្រុង ។ ផ្ទះនេះ មានទំហំ៦គុណនឹង១១ម៉ែត្ រធ្វើអំពីឈើលើថ្មក្រោម ដំបូលប្រក់សង្ក័សី ។ តាមសម្តីម្ចាស់ផ្ទះបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេបានដេកលង់លក់ក្នុងដំណេក លុះមកដល់ម៉ោងកើតហេតុក៏ដឹងខ្លួន ស្រាប់តែឃើញមានភ្លើងឆេះចេញពីបន្ទប់ជាន់ក្រោម ដែលមានផ្ទុកសំបកបាវជាច្រើនសម្រាប់លក់ ។ នៅពេលដែលដឹងថា មានភ្លើងឆេះហើយ ពួកគាត់បាននាំគ្នារត់ចេញមកក្រៅស្រែកឱ្យគេជួយ និងបានប្រមូលអីវា៉ន់ខ្លះចេញពីអណ្តាតភ្លើងដែលឆេះខ្លាំងទៅៗ ទម្រាំតែដំណឹងនេះដឹងដល់សមត្ថកិច្ច និងរថយន្តពន្លត់អគិ្គភ័យ គឺភ្លើងបានឆេះរាលដាលពេញបន្ទុកទៅហើយ ។

ក្នុងហេតុការណ៍នេះដែរ ឃើញមានរថយន្តពន្លត់អគ្គិភ័យ បានចេញមកអន្តរាគមន៍ជាច្រើនគ្រឿង បាញ់ទឹកអស់៤គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យរបស់ស្រាបៀរកម្ពុជា មកបាញ់ទឹកអស់១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃបាញ់អស់៣គ្រឿង ទើបភ្លើងរលត់ទៅវិញនៅវេលាម៉ោង២រំលងអធ្រាត្រថ្ងៃដដែលនោះ ។

មូលហេតុនៃការឆេះនេះ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា មកពីឆ្លងចរន្តអគ្គិសនី តែមិនមានអ្នករងរបួសទេ គឺឆេះសម្ភារនៅក្នុងផ្ទះស្ទើរអស់ទាំងស្រុង ៕

ចែករំលែកព័តមាននេះ