ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​លើកលែង​ពន្ធ​២​ឆ្នាំ បើ​សហគ្រាស​ធុន​តូច ​និង​មធ្យមចុះបញ្ជី​មុន​ដំណាច់ឆ្នាំ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​សហគ្រាស​ធុន​តូច និង​មធ្យម​(SME)​ជា​វិស័យ​មួយ​កំពុង​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​គាំទ្រ​កំណើន​សេដ្ឋកិច្ចជាតិ និង​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា ប៉ុន្ដែ​វិស័យ​នេះ​ក៏​កំពុង​ជួប​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​កិច្ច​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ដែរ ។ ក្នុង​នោះ បញ្ហា​សំខាន់​ចំនួន​៥​ត្រូវ​បាន​រក​ឃើញ​ថា​ប្រឈម​ខ្លាំង​ជាងគេ គឺ​បញ្ហា​ពន្ធ​,…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​សហគ្រាស​ធុន​តូច និង​មធ្យម​(SME)​ជា​វិស័យ​មួយ​កំពុង​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​គាំទ្រ​កំណើន​សេដ្ឋកិច្ចជាតិ និង​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា ប៉ុន្ដែ​វិស័យ​នេះ​ក៏​កំពុង​ជួប​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​កិច្ច​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ដែរ ។ ក្នុង​នោះ បញ្ហា​សំខាន់​ចំនួន​៥​ត្រូវ​បាន​រក​ឃើញ​ថា​ប្រឈម​ខ្លាំង​ជាងគេ គឺ​បញ្ហា​ពន្ធ​, ប្រភព​ទុន​, ការ​ចុះបញ្ជី​, កង្វះ​ការ​គាំទ្រ និង​ខ្វះ​អ្នកសម្របសម្រួល ។

ដើម្បី​ដោះស្រាយ និង​ជួយ​លើក​ស្ទួយ​វិស័យ​នេះ រាជរដ្ឋាភិបាល​បាន​និង​កំពុង​គិតគូរ និង​មាន​គោលនយោបាយ​លើកទឹកចិត្ត​ជា​ច្រើន ធ្វើ​យ៉ាងណា ជួយ​ជ្រោមជ្រែង​វិស័យ​នេះ​ឲ្យ​ក្រោកឈរ​ឡើង និង​មាន​ភាព​ប្រកួតប្រជែង​ទាំង​ក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ តាម​រយៈ​ការ​បង្កើត​SME Bank, មូលនិធិ​គម្រោង​អភិវឌ្ឍ​សហគ្រិន​កម្ពុជា​, ការ​មិន​ដំឡើង​ពន្ធ មិន​បង្កើត​ពន្ធ និង​ការ​លុប​បំបាត់​ពន្ធ ជាដើម ។

បន្ថែម​លើ​នេះ សហគ្រាស​ធុន​តូច និង​មធ្យម ក៏​ដូច​ជា​ក្រុមហ៊ុន​ចាប់ផ្ដើម​ធុរកិច្ច​ថ្មី (Start up)​ទាំងអស់ នឹង​ទទួល​បានការ​លើកលែង​ពន្ធលើប្រាក់ចំណេញ​រយៈពេល​២​ឆ្នាំ ប្រ​សិន​ទៅ​ចុះបញ្ជី​ឲ្យ​បាន​មុន​ដំណាច់ឆ្នាំ​នេះ ។ ដោយឡែក សម្រាប់​សហគ្រាស​ដទៃ​ទៀត​ដែល​ធ្វើ​អាជីវកម្ម​ទទួល​បាន​ប្រាក់​ចំណេញ​យូរ​មក​ហើយ​នោះ ក៏​មិន​ត្រូវ​បាន​សើរើ​ផង​ដែរ ប្រសិនបើ​មក​ចុះបញ្ជី​ឲ្យ​បាន​មុន​ដំណាច់ឆ្នាំ​នេះ​ដូច​គ្នា ។

នៅ​ក្នុង​វេទិកា ស្ដី​ពី សហគ្រាស​ធុន​តូច និង​មធ្យម និង​ក្រុមហ៊ុន​ចាប់ផ្ដើម​ធុរកិច្ច​ថ្មី​លើ​វិស័យ​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​៧ ឧសភា លោក​ជំទាវ ប៊ុ​ន នារី អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ដែល​កំពុង​ដំណើរការ​នេះ មាន​គោលនយោបាយ​ច្បាស់លាស់​ក្នុង​ការ​លើកទឹកចិត្ត​ជា​ច្រើន​ដល់​វិស័យ​SMEs ដូច​ជា មិន​ដំឡើង​ពន្ធ មិន​បង្កើត​ពន្ធ​ថ្មី និង​មានការ​លើកទឹកចិត្ត​ជា​ច្រើន​ទៀត ។

លោក​ជំទាវ​ថ្លែង​យ៉ាង​ដូច្នេះ ៖« យើង​បាន​ផ្ដល់​នូវ​ការ​អនុ​គ្រោះជា​ច្រើន​ដល់​សហគ្រិន និង​និយោជក រួម​ទាំង​សហគ្រាស​ទាំងអស់ ដូច​ជា លុប​ចោល​លើ​ពន្ធ​មធ្យោបាយ​ដឹក​ជញ្ជូន​(​ពន្ធ​លើ​ម៉ូតូ​) និង​ជលយាន​យន្ដ​ដែល​មាន​កម្លាំង​សេស​ត្រឹម​១៥០​ចុះ​ក្រោម និង​លុប​ចោល​លើ​ពន្ធ​សត្តឃាត ជាដើម ។ ក្រៅពី​នេះ រាជរដ្ឋាភិបាល​បាន​លើកទឹកចិត្ត​ផ្នែក​ពន្ធ​តម្លៃបន្ថែម​(VAT) ទៅ​លើ​ម្ហូបអាហារ​ដែល​យើង​ទើបតែ​អនុវត្ត​ថ្មី​ៗ​នេះ និង​លើកទឹកចិត្ត​លើ​ការ​មិន​យកពន្ធ​VAT ទៅ​លើ​ការ​ប្រើប្រាស់​ទឹក និង​ភ្លើង ដែល​យើង​បាន​ចាប់ផ្ដើម​អនុវត្ត​រួច​មក​ហើយ ។ ទន្ទឹម​នឹង​នេះ រាជរដ្ឋាភិបាល​មិន​គិត​ពន្ធ​ទៅ​លើ​ប្រាក់ខែ​ដែល​ចាប់ពី​៨០​ដល់​២០០​ដុល្លារ ហើយ​ឥឡូវនេះ យើង​បាន​ដំឡើង​ដល់​២៥០​ដុល្លារ​ថែម​ទៀត ដែល​ទាំង​អស់នេះ គឺជា​គោលនយោបាយ​ដែល​រាជរដ្ឋាភិបាល​កំពុង​តែ​ធ្វើ និង​ជួយ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ » ។

លោក​ជំទាវ​ក៏​បាន​ប្រកាស​យ៉ាង​ឱឡារិក​ផង​ដែរ​ពី​ការ​លើកទឹកចិត្ត​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ក៏​ដូច​ក្រុមហ៊ុន​បង្កើត​ថ្មី​ទាំងអស់​ដែល​កំពុង​ដំណើរការ​អាជីវកម្ម ឬ​មាន​បំណង​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន ហើយ​ស្ម័គ្រចិត្ត​មក​ចុះបញ្ជី​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ២០១៧ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៨​នេះ សហគ្រាស​ទាំងអស់​នឹង​បានការ​លើកទឹកចិត្ត​លើកលែង​ពន្ធ​រយៈពេល​២​ឆ្នាំ ។

លោក​ជំទាវ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖« សម្រាប់​សហគ្រាស​ថ្មី ប្រសិនបើ​ប្រញាប់ប្រញាល់​ទៅ​ចុះបញ្ជី​ឲ្យ​បាន​មុន​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៨​នេះ ពន្ធលើប្រាក់ចំណេញ នឹង​ត្រូវ​បាន​លើកលែង​រយៈពេល​២​ឆ្នាំ ។ នីតិវិធី​នៃ​ការ​លើកលែង​ពន្ធ​នេះ មាន​ន័យ​ថា បើ​សហគ្រាស​មួយ​ចុះបញ្ជី​នៅ​ឆ្នាំ​នេះ ហើយ​នៅ​ឆ្នាំ​២០២០ ទើប​ទទួល​បាន​ប្រាក់​ចំណេញ នោះ​ចាប់ពី​ឆ្នាំ​២០២០​ទៅ ទើប​យើង​រាប់​ថា​ជា​ឆ្នាំ​ទី​១​នៃ​ការ​លើកលែង​ពន្ធ ។ ដោយឡែក​សម្រាប់​សហគ្រាស​ដទៃ​ទៀត​ដែល​បើក​រកស៊ី​តាំងពី​យូរ​មក​ហើយ​នោះ គឺ​យើង​លាងបាប​ជូន​ទាំងអស់ មាន​ន័យ​ថា ឲ្យ​មក​ចុះបញ្ជី​ឲ្យ​បាន​មុន​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ ប្រាក់​ចំណេញ​របស់​អ្នក​ទាំងអស់​គ្នា គឺ​ត្រូវ​គិត​ចាប់ពី​ថ្ងៃ​ដែល​ចុះបញ្ជី​ហ្នឹង​ទៅ ព្រោះ​កន្លង​មក ចំណេញ​ច្រើន​ណាស់​ដែល​មិន​បាន​បង់ពន្ធ​ឲ្យ​រដ្ឋ » ។

សហគ្រាស​ធុន​តូច ធុន​មធ្យម និង​សិប្បកម្ម​នៅ​កម្ពុជា​មាន​ប្រមាណ​ជាង​៥០​ម៉ឺន​មូលដ្ឋាន ដែល​បាន​និង​កំពុង​ធ្វើ​អាជីវកម្ម ផ្ដល់​ការងារ និង​បង្កើត​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ប៉ុន្ដែ​ភាគច្រើន​ពុំ​បាន​ចុះបញ្ជី​នៅឡើយ​ទេ ដែល​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​ពិបាក​ក្នុង​ការ​ជួយ​ជ្រោមជ្រែង និង​ចែក​រំ​លែង​ព័ត៌មាន ឬ​ចំណេះដឹង​ផ្សេង​ៗ ព្រោះ​ពួក​គេ​ស្ថិត​នៅ​ក្រៅ​ក្របខ័ណ្ឌ​ច្បាប់​។ នេះ​បើ​តាម​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ។

លោក​ទេស​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« យើង​មាន​សហគ្រាស​ធុន​តូច ធុន​មធ្យម និង​សិប្បកម្ម​ជាង​៥​សែន ក៏​ប៉ុន្ដែ​ស្ទើរតែ​ជាង​៩៥%​នៅ​មិន​ទាន់​បាន​ចុះបញ្ជី​នៅឡើយ​ទេ ដោយសារ​គាត់​ខ្លាច​រឿង​បង់ពន្ធ​ផង ឬ​ខ្លាច​អី​គ្រប់សព្វ ។ អីចឹង បើ​យើង​ចង់​ជួយ​គាត់ ក៏​ពិបាក ដោយសារ​គាត់​មិន​ទាន់​ស្របច្បាប់ ហើយ​វិធីសាស្ត្រ​របស់​យើង​ពេល​នេះ គឺ​ធ្វើ​ម៉េច​ឲ្យ​គាត់​ចុះបញ្ជី​សិន ទើប​យើង​អាច​តម្រែតម្រង់​គាត់ ហើយ​បើ​គាត់​មិន​ចុះបញ្ជី​ទេ គាត់​កើតមក ហើយ​ស្លាប់​ទៅ​វិញ ក៏​យើង​មិនដឹង​ដែរ ដោយសារ​គាត់​នៅ​ក្រៅ​ក្របខ័ណ្ឌ​ច្បាប់ » ។

លោក​ទេស​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖« រាល់​ថ្ងៃនេះ យើង​លើកទឹកចិត្ត​ថា ឲ្យ​ពួក​គាត់​មក​ចុះបញ្ជី សឹងតែ​មិន​គិតថ្លៃ​ទៅ​ហើយ ។ ការ​ចុះបញ្ជី​នេះ ដើម្បី​ដឹង​ថា នៅ​ភូមិ​ហ្នឹង​មាន SME​ប៉ុន្មាន0x017d7 កំពុង​ធ្វើ​អាជីវកម្ម​អី ដើម្បី​ថ្ងៃក្រោយ យើង​អាច​ចែករំលែក​ចំណេះដឹង​ដល់​ពួក​គាត់ ប៉ុន្ដែ​បើ​យើង​មិនដឹង​ថា គាត់​កើត​នៅ​កន្លែង​ណា​ផង តើ​យើង​ជួយ​គាត់​តាម​របៀប​ណា ? កន្លែង​ហ្នឹង​ដែល​ជា​ការ​ពិបាក ។ អីចឹង ជា​វិធីសាស្ត្រ គឺ​យើង​ធ្វើ​ម៉េច​ផ្ដល់​សំបុត្រ​កំណើត​ដល់ SME ទាំងអស់​សិន ទើប​យើង​អាច​ជួយ​គាត់​បាន » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ