ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សុះ ម៉ាច មាន​អ្នក​អូស​ទាញ​ចូល​ឆាកនយោបាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក សុះ ម៉ាច បាន​ប្រកាស​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជា​សាធារណៈ ចង់​ចូលរួម​ក្នុង​ឆាកនយោបាយ​នៅ​ក្នុង​គណបក្ស​មួយ ដោយ​ត្រៀមខ្លួន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ ។ ការ​ប្រកាស​របស់​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​រូប​នេះ​ធ្វើ​ឡើង…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក សុះ ម៉ាច បាន​ប្រកាស​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជា​សាធារណៈ ចង់​ចូលរួម​ក្នុង​ឆាកនយោបាយ​នៅ​ក្នុង​គណបក្ស​មួយ ដោយ​ត្រៀមខ្លួន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ ។

ការ​ប្រកាស​របស់​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​រូប​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​តារា​មួយ​ចំនួន​ក្នុង​វ័យ​ស្រក​រលោក​កំពុង​តែ​ចូលរួម​ប្រឡូក​ក្នុង​ឆាកនយោបាយ ខណៈ​ពេល​ដែល​ពួក​គេ​ទាំងនោះ​បាត់​មុខ​ពី​សិល្បៈ​តែ​ម្តង ។

គោលបំណង​ចូលរួម​ក្នុង​ឆាកនយោបាយ​របស់​លោក​សុះ ម៉ាច នា​ពេល​នេះ​នៅ​មិន​ទាន់​ច្បាស់​មួយ​រយ​ភាគរយ​នៅឡើយ ដោយសារ​តែ​លោក​រង់ចាំ​ការ​ផ្តល់​មតិយោបល់​ពី​ប្រិ​យ​មិត្ត​គាំទ្រ​ជា​មុន​សិន ក្នុង​ពេល​ដែល​កម្រិតជីវភាព​របស់​លោក​ហាក់​នៅ​ទន់ខ្សោយ​នៅឡើយ​ដែរ ។

សំ​ណេ​រ​របស់​លោក​សុះ ម៉ាច ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា «​ខ្ញុំ​សូម​មតិយោបល់​ពី​លោកយាយ លោកតា ពុក​ម៉ែ​អ៊ុំ ពូ​មីងមា មិត្តភក្តិ​គ្រប់​ស្រទាប់វណ្ណៈ រួម​ទាំង​បណ្តា​មិត្ត​សិល្ប​:​ទាំងអស់​ថាបើ​សិន​ខ្ញុំ​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ជា​តំណាងរាស្ត្រ នៅ​គណ​បក្ស​ណាមួយ បងប្អូន​គាំទ្រ​ឲ្យ​ខ្ញុំ​ចូលរួម​ទេ ? ខ្ញុំ​ចង់​ចូលរួម​បម្រើ​ជាតិ​ទៅ​តាម​ចំណេះដឹង និង​មនសិការ​ជាតិ រួម​ទាំង​ការ​សិក្សា​ឈ្វេងយល់​របស់ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​ចេញ​ទៅ​បណ្តា​ប្រទេស ធំ​ៗ​នានា​ផង​ដែរ ។

ខ្ញុំ​តែងតែ​ស្រមៃ​ចង់បាន​ប្រទេស​ខ្ញុំ​រីក​ចម្រើន ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រកបដោយ​សុខ​សន្តិភាព ស្ថិរភាព សិទ្ធិ​សេរីភាព ភាព​ស្មើភាព​គ្នា មានការ​ងារ​មាន​ប្រាក់ខែ​ខ្ពស់​អាចរ​ស់​បាន​ស្រួល​ជាង​សព្វថ្ងៃ​ទៅ​ទៀត​…​។ និយាយ​រួម​ក្នុង​បំណង​របស់ខ្ញុំ​នៅ​ពេល​ដែល​ជីវភាព​គ្រួសារ​របស់ខ្ញុំ​ធូរធារ ខ្ញុំ​ចង់​ចូលរួម​បម្រើ​ជាតិ​ដូច​លោកឪពុក​ខ្ញុំ​ដែរ ទោះ​នៅ​ក្រប​ខណ្ឌ​ណា​​ក៏​ដោយ បក្ស​ណា​ក៏​ដោយ ។ ឥឡូវនេះ​មិត្តសម្លាញ់​របស់ខ្ញុំ​បាន​បបួល​ខ្ញុំ​ចូលរួម​បក្ស​នយោបាយ​មួយ​ដោយ​ឲ្យ​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ ។ ខ្ញុំ​កំពុង​តែ​ពិចារណា នៅ​ពេល​ដែល​ជីវភាព​រស់នៅ​របស់ខ្ញុំ​នៅ​មាន​កម្រិត​នៅឡើយ ណាមួយ​ខ្ញុំ​នៅ​ស្រឡាញ់​សិល្ប​:​ខ្លាំង​ណាស់ ម្យ៉ាងវិញទៀត​បរិយាកាស​នយោបាយ​សព្វថ្ងៃ​ហាក់​ពុំ​ទាន់​មាន​អំណោយ​ផល​ដល់​រូប​ខ្ញុំ​នៅឡើយ ។

ខ្ញុំ​សូម​យោបល់​ពី​ពុក​ម៉ែ មីងមា បងប្អូន មិត្ត​ទាំងអស់ ជួយ​ជា​មតិយោបល់​ថា​តើ​គួរ ឬ​ពុំគួរ »​?

ពាក់ព័ន្ធ​ទៅ​នឹង​រឿង​នេះ​លោក​សុះ ម៉ាច អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​បន្ថែម​កាលពី​ថ្ងៃ​ទី​៧ ឧសភា ២០១៨​ថា ទាំងនោះ​គឺជា​ការ​គិតពិចារណា​របស់​លោក​នៅឡើយ ព្រោះ​មាន​មិត្តភក្តិ​ម្នាក់​មាន​បំណង​ចង់​ឲ្យ​លោក​ចូលរួម ។ គណបក្ស​ដែល​លោក​មាន​បំណង​នឹង​ចូលរួម​នោះ​គឺ​មិនមែន​ជាប​ក្សធំ​ណាមួយ​ឡើយ ប៉ុន្តែ​គេ​មាន​គោលការណ៍​ដើម្បី​ជាតិ​មាតុភូមិ​ជា​ធំ ។

បើសិន​ចូលរួម​នៅ​ក្នុង​ឆាកនយោបាយ​ជាមួយ​គណបក្ស​នោះ​មែន លោក​សុះ ម៉ាច បារម្ភ​ពី​អាជីព​សិល្បៈ​របស់​លោក​ដែរ ក្នុង​ពេល​ដែល​ជីវភាព​គ្រួសារ​នៅ​ទន់ខ្សោយ ។

បើ​តាម​លោក​សុះ ម៉ាច បច្ចុប្បន្ន​ការងារ​សិល្បៈ​នៅ​តាម​ទូរទស្សន៍​របស់​លោក​មិនសូវ​មាន​ទេ គឺ​មាន​ម្តងម្កាល​ប៉ុណ្ណោះ ។ ការងារ​សិល្បៈ​របស់​លោក​សព្វថ្ងៃ គឺ​មាន​តែ​ច្រៀង​ប្រចាំ​ភោជនីយដ្ឋាន​២ និង​ធ្វើ​ជា​គ្រូបង្ហាត់​នៅ​សាលា​តន្ត្រី​មួយ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ