ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួប​ផ្ទាល់ជាមួយ​កោះ​សន្តិភាព​​​​… ភូមិ​ដែល​មាន​មនុស្ស​ពុល​ស្លា.ប់​ច្រើន​នាក់​

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ អ្នក​ភូមិ​ស្រែ​ន​ន​និង​ភូមិ​អាល​ច ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី បាន​ជម្លៀស​ចេញពី​ភូមិ​ទៅ​រស់នៅ​តំបន់​ផ្សេង​ៗចោលផ្ទះ​សម្បែង គោក្របី ជ្រូក មាន់​ទា និង​បាន​អំពាវនាវ​ឱ្យអាជ្ញាធរ​ព​ន្លឿ​ន​ការ​ស្រាវជ្រាវ​រុក…

ខេត្តក្រចេះ ៖ អ្នក​ភូមិ​ស្រែ​ន​ន​និង​ភូមិ​អាល​ច ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី បាន​ជម្លៀស​ចេញពី​ភូមិ​ទៅ​រស់នៅ​តំបន់​ផ្សេង​ៗចោលផ្ទះ​សម្បែង គោក្របី ជ្រូក មាន់​ទា និង​បាន​អំពាវនាវ​ឱ្យអាជ្ញាធរ​ព​ន្លឿ​ន​ការ​ស្រាវជ្រាវ​រុក រក​ពី​មូលហេតុ​ជាក់លាក់ ដែល​នាំ​ឱ្យ​មានការ​ពុល​មនុស្ស​ស្លាប់ និង​មាន​វិធានការ​ទប់ស្កាត់​ឱ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ឱ្យ​ពួក​គាត់​ឆាប់​បាន​ចូល​មក​រស់នៅ​ក្នុង​ភូមិឋាន​ចាស់​នេះ​វិញ ។

ការ​អំពាវនាវ​របស់​អ្នក​ភូមិ​ដែល​ភាគច្រើន​ជា​ជនជាតិភាគតិច​ព្នង​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​អ្នក​ភូមិ​ក្នុង​ចំនួន​តិចតួច​ ដែល​គេច​ផុត​ពី​ការ​ពុល បាន​សម្រេចចិត្ត​ជម្លៀស​ខ្លួន​ចេញពី​ភូមិមួយ​នេះ​មួយ​រយៈ ខណៈ​ដែល​ស្ថានភាព​ពុល​បាន​សម្លាប់​អាយុជីវិត​អ្នក​ភូមិ​ប្រុស​ស្រី​ក្មេង​ចាស់​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

បើ​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​៧  ឧសភា គឺ​មាន​ចំនួន​៥​ថ្ងៃ​ហើយ ដែល​ការ​ពុល​នេះ​បាន​វាយលុក​យ៉ាង​ខ្លាំង​មក​លើ​អ្នក​ភូមិ​ស្រែ​ន​ន​ន និង​ភូមិ​អាល​ច ឃុំ​កន្ទួត ។ ការ​ពុល​ដែល​អាជ្ញាធរ​បាន​កំណត់​ថា បណ្តាល​មក​ពី​ទឹក​ព្រែក​និង​ទឹកអូរ​នោះ​ បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ភូមិ​ស្លាប់​កើនឡើង​រហូត​ដល់​១៣​នាក់​ ក្នុង​នោះ​ស្រី​៩​នាក់ ។ ស្របគ្នា​នេះ ចំនួន​អ្នក​រង​គ្រោះ​ដោយសារ​ការ​ពុល​ដែល​កើត​មាន​អាការ​ងងឹតមុខ តឹង​ណែន​ដើមទ្រូង ស្រវាំងភ្នែក ទន់ដៃទន់ជើង បាន​កើនឡើង​រហូត​ដល់​ជាង​២០០​នាក់​ហើយ ។

រថយន្ត​សា​មុ​យ​ជា​ច្រើន​គ្រឿង​ ដែល​បញ្ជូន​មក​ពី​តាម​អង្គភាព​សង្គ្រោះ​ផ្សេង​ៗ នៅ​តែ​បង្កើន​សកម្ម​ភាព​ដឹក​ជញ្ជូន​អ្នក​ភូមិ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ក៏​ដូច​ជា​ដឹក​សព​ពី​មន្ទីរពេទ្យ​ត្រឡប់​មក​ភូមិ​វិញ ខណៈ​ដែល​ការ​ពុល​អ្នក​ភូមិ​ថា ​បណ្តាល​មក​ពី​ទឹកអូរ​និង​ទឹក​ព្រែក​ទេរ​នោះ នៅ​តែ​មិន​ទាន់​ថមថយ​នៅឡើយ ។ មន្ត្រី​អាជ្ញាធរ​និយាយ​ថា ព្រែក​ទេរ​ជា​ព្រែក​ធំ​មួយ លាតសន្ធឹង​ពី​តំបន់​ភ្នំ​ប៉ែក​ខាងលើ​គឺ​ពី​ខេត្តមណ្ឌលគិរី ចែក​ចេញ​ជា​អូរ ស្ទឹងតូច​ធំ ហូរ​មក​ចូល​ទន្លេមេគង្គ​ខេត្តក្រចេះ ។ ពលរដ្ឋ​ជា​ច្រើន រយ​គ្រួសារ សព្វថ្ងៃ​ពឹងផ្អែក​លើ​ប្រភព​ទឹក​ព្រែក​ទេរ​នេះ ទាំង​ការ​ធ្វើ​កសិកម្ម និង​បរិភោគ​ប្រចាំ ថ្ងៃ ។ ខណៈ​រដូវ​នេះ​ជា​រដូវវស្សា ជំនន់​ទឹក ភ្លៀង​នៅ​ប៉ែក​ខាងលើ​បាន​ហូរ​ជន់​តាម​អូរ​តូច​ធំ​សំដៅចូល​ព្រែក​ទេរ ធ្វើ​ឱ្យ​ទឹក​ព្រែក​មាន​សភាព​ល្អក់ ។

អាជ្ញាធរ​សន្និដ្ឋាន​ថា ការ​ពុល​របស់​អ្នក​ភូមិ​ គឺផ្តើម​ចេញពី​ទឹក​ព្រែក​ទេរ ដែល​មាន​សារធាតុគីមី​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​បាញ់​សម្លាប់​ស្មៅ ហើយ​ហូរ​តាម​ទឹកភ្លៀង​ចូល​ក្នុង​ព្រែក​ ។ មួយវិញទៀត សារធាតុ​គីមី​ទាំង នេះ ​អាច​បណ្តាលមក​ពី​ការ​បំពុល​ទឹក​ចាប់​ត្រី​នៅ​ប៉ែក​ខាងលើ ហើយទឹក​ហូរ​មក​ក្រោម ឯ​ពលរដ្ឋ​ប្រើប្រាស់​ទឹក​នេះ​ក៏​បណ្តាល​ឱ្យ​ពុល ។ ជាមួយនឹង​ស្ថានភាព​បែប​នេះ សាលាខេត្ត​ក៏​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ជា​បន្ទាន់ឱ្យ​ពលរដ្ឋ​រស់នៅ​តាម​ដងព្រែក​ទេរ ក្នុងភូមិ​សាស្ត្រខេត្តក្រចេះ ត្រូវ​បញ្ឈប់​ការ​បរិភោគ​ និង​ប្រើ ប្រាស់​ទឹក​ព្រែក​ទេរ និង​ទឹកអូរ​តាម​ដៃ​ព្រែក​ទេរ ព្រមទាំង​ប្រភព​ទឹក​ផ្សេង​ទៀត​ ដែល​មិន​មាន​អនាម័យ​នៅ​តាម​តំបន់​នោះ ។

បុរស​ជនជាតិ​ព្នង​ម្នាក់​អាយុ​៥៥​ឆ្នាំ ឈ្មោះព្រាត នា​ត រស់នៅ​ក្នុងភូមិ​ស្រែ​ន​ន និយាយ​ថា អ្នក​ភូមិ​នេះ​សព្វថ្ងៃ​ពឹងផ្អែក​ប្រភព​ទឹក​ពី​ព្រែក​ទេរ ក៏​ដូច​ជា​អូរ​ជា​ដៃ​ព្រែក​តូច​ៗ​ផ្សេង​ទៀត​ដែល​នៅ​ក្បែរ​ៗ​ភូមិ ។ បងថ្លៃ​គាត់​មិន​បាន​ហូប​ទឹក​ព្រែក​ទេរ តែ​កើត​អាការ​ពុល​ស្លាប់​ដែរ ។បុរស​រូប​នេះ​និយាយ​ថា ផ្អែក​លើ​ជំនឿ​អរូបីខ្មោច​ព្រាយ​បិសាច គឺ​អ្នក​ភូមិ​បាន​ធ្វើ​ពិធី​សែនព្រេន​រួច​ហើយ តែ​ការ​ពុល​នៅ​តែ​មិន​ថមថយ ។ ដោយសារ​មាន​បាតុភាព​ចម្លែក​ក្នុងភូមិ គឺ​ពុល​មនុស្ស​ស្លាប់​នៅ​នឹង​មុខស្រស់​ៗ​បែប​នេះ ធ្វើ​ឱ្យ​រូប​គាត់​ក៏​ដូច​ជា​អ្នក​ភូមិ​ផ្សេង​ទៀត សម្រេច​បិទទ្វារ​ផ្ទះ​ចាក់សោ​ចោល លែងគោ​ក្របី​ចេញពី​ក្រោល និង​សម្រេច​ជម្លៀស​ខ្លួន​ទៅ​នៅ​ក្រៅ​ភូមិ​មួយ​រយៈ ​។ ជាមួយ​នេះ ក៏​សូម​អំពាវនាវ​ដល់​អាជ្ញាធរ ព​ន្លឿ​នការ​ស្រាវជ្រាវ​រក​មូលហេតុ និង​វិធានការ​ទប់ស្កាត់​ឱ្យ​បាន​ឆាប់រហ័ស ។ បុរស​រូប​នេះ​និយាយ​ថា ដោយសារ​ទំនៀមទម្លាប់​ជនជាតិភាគតិច ហើយ​ម្យ៉ាង​ក៏​គ្មាន​មនុស្ស​មក​ចូលរួម​បុណ្យ​ផង​នោះ សព​អ្នក​ភូមិ​ត្រូវ​បាន​ជីកដី​បញ្ចុះ​ដោយ​មិន​មាន​ធ្វើបុណ្យ ចាក់​មេក្រូ ដូច​សព្វដង​ទេ ហើយ​មាន​សព​ខ្លះ​មិន​ទាំង​ដាក់​ចូល​ក្តារ​មឈូស​ទៀត​ផង។

ចំណែកឯ​ស្ត្រី​ឈ្មោះ ភឿន រាំ​អី អាយុ​៣៨ឆ្នាំ ដែល​មាន​ម្តាយ​អាយុ​ជាង​៧០​ឆ្នាំ​ស្លាប់​ដោយសារ​រង​ការ​ពុល​នេះ​និយាយ​ថា មុន​នឹង​កើត​មានការ​ពុល​នេះ អ្នក​ភូមិ​បាន​ទៅ​ដងទឹក​ពី​ព្រែក​ទេរ​មក​ប្រើ និង​ឃើញ​មាន​ត្រី​ពុល​ងាប់​អណ្តែត​ពេញ​ក្នុង​ព្រែក ។ អ្នក​ភូមិ​បាន​យក​ត្រី​ទាំងនោះ​មក​ហូប ដោយ​ខ្លះ​យក​មក​ប្រឡាក់ ឬ​ធ្វើ​ប្រហុក និង​ផ្អក ។ ក្រោយ​ពី​នាំ​គ្នា​ហូប​ទឹក និង​ហូប​ត្រី​នោះ​មក ស្រាប់តែ​អ្នក​ភូមិ​កើត​អាការ​បែប​នេះ​។ ប៉ុន្តែ​អ្នក​ភូមិ​ខ្លះ​និយាយ​ថា ពួក​គាត់​មិន​បាន​ហូប​ទឹក និង​ហូប​ត្រី ឬ​ហូប​ស្រា​ទេ តែ​ក៏​បាន​ពុល​ដែរ។

បើ​ទោះជា​បែប​ណា ក្រុម​មន្ត្រី​បាន​ប្រាប់​ឱ្យដឹង​ថា សំណាក​ផ្សេង​ៗ​ដែល​សង្ស័យ​ថា​ពុល រួមមានទឹក​ព្រែក ស្រា​.​ស និង​គ្រឿង​បរិភោគ​ផ្សេងទៀត ត្រូវ​បាន​អាជ្ញាធរ​យក​ទៅ​ធ្វើ​កោសល្យវិច័យ តែ​លទ្ធផល​នៅ​មិន​ទាន់​បាន​បង្ហាញ​នៅឡើយ​ទេ ។អភិបាលខេត្ត លោក វ៉ា ថន ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​តែ​បង្កើន​សកម្មភាព​យ៉ាងសស្រាក់សស្រាំ​លើ​ការ​ដឹកនាំ​មន្ត្រី​តាម​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ចុះ​ទៅ​ដល់​ភូមិ​កើតហេតុ ដើម្បី​ជួយ​សង្គ្រោះ​អ្នក​ភូមិ ក៏​ដូច​ជា​បង្កើន​ការ​ស្រាវជ្រាវ​រក​មូលហេតុ ។ ក្នុង​ការ​ដឹកនាំ​ក្រុម​មន្ត្រី​ចុះ​ទៅ​ពិនិត្យ​យ៉ាង​ដុតដៃដុតជើង​ដែល​មាន​រយៈពេល​៤​ថ្ងៃ​ជាប់​ៗ​គ្នា លោក​អភិបាលខេត្ត​ក៏​បាន​នាំ​យកទឹក​ស្អាត ថវិកា និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន ទៀត​ទៅ​ចែក​ជូន​ដល់​អ្នក​ភូមិ​ដែរ សម្រាប់​ប្រើប្រាស់​ជា​បណ្តោះ អាសន្ន ។

លោក​អភិបាលខេត្ត​ថ្លែង​ថា អាជ្ញាធរ​នៅ​មិន​ទាន់​សន្និដ្ឋាន​ឱ្យ​បាន​ច្បាស់​ពី​ដើមចម ​ដែល​នាំ​ឱ្យ​អ្នក​ភូមិ​ធ្លាក់ ខ្លួន​ឈឺ និង​ស្លាប់​ក្នុង​ចំនួន​គួរ​ឱ្យ​ព្រួយបារម្ភ​ដូច្នេះ​នៅឡើយ​ទេ ដោយសារ​មន្ត្រី​ក្រសួងសុខាភិបាល​មិន​ទាន់​បាន​បង្ហាញ​លទ្ធផល​ពី​ការ​ពិសោធ​ជា​ផ្លូវការ ។ ប៉ុន្តែ​ភ្លាម​ៗ អាជ្ញាធរ​បាន​ប្រាប់​អ្នក​ភូមិ​ឱ្យ​ឈប់​ប្រើប្រាស់​ទឹក​ដែល​ដង​ពី​ព្រែក​នោះ​មក​ប្រើ​ជា​បណ្តោះអាសន្ន​សិន ដោយ​មិន​ត្រូវ​ងូត បោកគក់ លាងដៃ និង​បរិភោគ​ឡើយ  ។

អត្ថបទសរសេរ ដោយ