មធ្យោបាយពិសេសមួយសម្រាប់ភាពអាចមានកូនបានរបស់បុរសនោះគឺថា រាងកាយរបស់ពួកគេមានតុល្យភាពនៃអ៊័រម៉ូន និងប្រូតេអ៊ីន ទើបអាចជួយបង្កើតជាមេជីវិតឈ្មោលដែលផ្តល់សុខភាពល្អ ហើយក៏អាចបង្កើតជាកូនបានដែរ ។ សំណាងដែរមានវិធីច្រើនណាស់ដែលគេអាចជួយឲ្យបុរសមានសមត្ថភាពបង្កើនភាពមានកូនបាន ។
ដំបូងឡើយចូរចៀសឲ្យឆ្ងាយពីការប៉ះពាល់ប្រដាប់ភេទជាមួយនឹងកម្តៅ ដូចជា ការងូតទឹកក្តៅ ត្រាំទឹកក្តៅ ឬនៅក្នុងបន្ទប់សូណា។ ចូរកុំដាក់កុំព្យូទ័រឡេបថប់លើភ្លៅ និងដាក់ទូរស័ព្ទដៃឲ្យឆ្ងាយពីខ្លួន ។ បើសិនជាអ្នកត្រូវការប្រើថ្នាំដោយមានវេជ្ជបញ្ជា ចូរនិយាយជាមួយគ្រូពេទ្យថាតើថ្នាំទាំងនេះអាចប៉ះពាល់ដល់មេជីវិតឈ្មោល ឬអត់ ។
ជាទូទៅបើសិនជាបេះដូង ឬខួរក្បាលមានសុខភាពល្អហើយ វាក៏ល្អចំពោះពងស្វាសមនុស្សប្រុសដែរ ។ របៀបរស់នៅដែលមានការជក់បារី ញ៉ាំគ្រឿងស្រវឹង និងធាត់ជ្រុលពេកមិនមែនជារឿងល្អសម្រាប់សុខភាពទូទៅឡើយ ហើយវាក៏មិនល្អចំពោះសមត្ថភាពនៃការមានកូនដែរ ។
អ្នកជំនាញបានណែនាំថារបបអាហារដែលមានអង់ទីអុកស៊ីដង់ខ្ពស់ ដូចជាបន្លែ និងផ្លែឈើដែលមានពណ៌ ខុសៗគ្នា គឺជាជីវជាតិដ៏សំខាន់សម្រាប់ជំរុញដល់សុខភាព ហើយបង្កើនសមត្ថភាពមានកូនរបស់មនុស្សប្រុសថែមទៀត ។ ក្រៅពីនេះវាក៏មានជីវជាតិ ផ្សេងៗទៀតដែលជួយដល់ការមានកូនរបស់បុរសដែរដូចជា៖
• វីតាមីន C ៖ វាគឺជាវីតាមីនដែលរលាយក្នុងទឹក ហើយក៏បង្កើនគុណភាពមេជីវិតឈ្មោល ព្រមទាំងបន្ថយការខូចខាតរបស់កោសិកាជាច្រើននៃរាងកាយផងដែរ ។
• វីតាមីន E ៖ គឺជាអង់ទីអុកស៊ីដង់មួយប្រភេទដែលធ្វើការយ៉ាងល្អជាមួយនឹងវីតាមីន C ក្នុងការបោសសម្អាតសារធាតុ អាក្រក់ៗចោល និងបង្កើនគុណភាពមេជីវិតឈ្មោល ។
• Co Enzyme Q10 ៖ វាគឺជាសារធាតុដ៏សំខាន់មួយសម្រាប់មុខងាររបស់កោសិកាទាំងអស់ក្នុងខ្លួន ហើយក៏ត្រូវបានគេបង្ហាញថា ជួយពង្រឹងដល់ចំនួន និងការធ្វើចលនារបស់មេជីវិតឈ្មោលផងដែរ ។
• ជាតិស័ង្កសី ៖ គឺជាជាតិរ៉ែដ៏សំខាន់មួយដែលអាចជួយដល់មេជីវិតឈ្មោល និងបង្កើនអត្រានៃការមានផ្ទៃពោះដែរ ។
• សេឡេញ៉ូម ៖ គឺជាជាតិរ៉ែមួយប្រភេទដែលត្រូវបានរាងកាយប្រើប្រាស់ក្នុងការប្រឆាំងការខូចខាតដោយសារអង់ស៊ីតកម្ម និងពង្រឹងដល់លទ្ធភាពនៃការមានកូន និងសុខភាពទូទៅ ។
• តែបៃតង ៖ មានសារធាតុផ្តល់សុខភាពច្រើនដែលបង្កើនសមត្ថភាពមានកូនបាន ។ ការញ៉ាំតែបៃតងគឺជារឿងសំខាន់មួយចំពោះរឿងនេះ ។
• ទំពាំងបាយជូរពណ៌ក្រហម ៖ ទឹកទំពាំងបាយជូរក្រហម និងស្រាក្រហម៖ គឺមានសារធាតុ Resveratrol ខ្ពស់ ហើយក៏ត្រូវបានគេបង្ហាញថា ជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងមួយដែលអាចពង្រឹងដល់គុណភាពមេជីវិតឈ្មោលបាន ។
• សារធាតុ Lycopene ៖ វាមានមិនច្រើនឡើយលើបុរសដែលមិនអាចមានកូនបាន ប៉ុន្តែអ្នកអាចរកបានយ៉ាងល្អពីធម្មជាតិ ដែលមានក្នុងផ្លែឈើ និងបន្លែពណ៌ក្រហម ជាពិសេសផ្លែឪឡឹកតែម្តង ។
• វីតាមីន D ៖ បុរសដែលកង្វះវីតាមីននេះ ត្រូវបានគេរកឃើញទៀតថា មានចំនួនមេជីវិតឈ្មោលចុះទាប និងមិនងាយមានកូនឡើយ ៕
ស្រង់ពីគេហទំព័រសុខភាព
ចែករំលែកព័តមាននេះ