តាមស្រាវជ្រាវចុងក្រោយរបស់ក្រុមអ្នកវិទ្យាសាស្ត្រមកពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺប្រចាំខេត្តជាំងស៊ូ (Jiangsu) ប្រទេសចិនបានបង្ហាញថា មនុស្សធំដែលទទួលទានមើមខ្ទឹមសឆៅទៀងទាត់២ដងក្នុងមួយសប្តាហ៍អាចកាត់បន្ថយអត្រាប្រឈមនឹងជំងឺមហារីកសួតបាន៤៤ភាគរយ ។ ចំពោះអ្នកជក់បារីវិញដែលនិយមខ្ទឹមសក៏អាចកាត់បន្ថយអត្រាប្រឈមបាន៣៣ភាគរយ ។
យ៉ាងណាក៏ដោយ ការសិក្សាដែលបានចុះផ្សាយនៅក្នុងព្រឹត្តិបត្រ Cancer Prevention Research នេះមិនបានបញ្ជាក់ឱ្យបានច្បាស់លាស់ថាតើការទទួលទានមើមខ្ទឹមសចម្អិនឆ្អិនមានប្រសិទ្ធភាពដូចគ្នានឹងឆៅដែរឬយ៉ាងណានោះទេ ។
ប្រសិទ្ធភាពរបស់មើមខ្ទឹមសឆៅ ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញថា ស្ថិតនៅលើសារធាតុគីមីមួយប្រភេទឈ្មោះ Allicin ។ Allicinនេះបានបញ្ចេញឥទ្ធិពលរបស់ខ្លួននៅពេលដែលកំពឹសមើមខ្ទឹមត្រូវបានបំបែកឬទំពា ។ ក្រៅពីមានប្រសិទ្ធភាពកាត់បន្ថយមហារីក ខ្ទឹមសត្រូវគេរកឃើញថា អាចបន្សើមការរលាកក្នុងរាងកាយ ហើយដើរតួជាសមាសធាតុប្រឆាំងអុកស៊ីដកម្មកាត់បន្ថយការបំផ្លាញបណ្តាកោសិការាងពីសំណាក់រ៉ាឌីកាល់សេរី ។
អត្ថប្រយោជន៍មើមខ្ទឹមសមានច្រើនចំណុចទៀតក្នុងនោះមានដូចជា ទប់ស្កាត់មហារីកពោះវៀនធំ បំបាត់ការពុលអាហារ ជំងឺផ្តាសាយធម្មតា…។ តាមការសិក្សាមួយធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រសាកលវិទ្យាល័យ University Of South Australia ប្រទេសអូស្ត្រាលីបានបង្ហាញថា ទទួលទានមើមខ្ទឹមសឆៅអាចទប់ស្កាត់ការដុះដុំសាច់ក្នុងពោះវៀនធំបានមួយចំណែកដែរ ៕
ចែករំលែកព័តមាននេះ