ការថប់អារម្មណ៍គឺជាផ្នែកមួយនៃជីវិត ព្រោះមនុស្ស យើងតែងតែមានអារម្មណ៍បែបនេះដោយចៀសមិនផុតឡើយ ។ នៅពេលយើងមានអារម្មណ៍ថប់ក្នុងអារម្មណ៍ មានរឿងមួយចំនួនតូចដែលអ្នកអាចធ្វើបានដើម្បីបន្ថយអារម្មណ៍មួយនេះ។ បើសិនជាអ្នកមានអារម្មណ៍តក់ស្លុតជាញឹកញាប់ ហើយគ្មានអ្វីអាចជួយបាននោះ ចូរពិគ្រោះជាមួយគ្រូពេទ្យ ប៉ុន្តែយកល្អគួរតែសាកល្បងរឿងខាងក្រោមនេះសិនដើម្បីបន្ថយអារម្មណ៍ថប់ៗក្នុង ទ្រូង៖
ហាត់ប្រាណ
អ្នកមិនបាច់ហ្វឹកហាត់ឲ្យដូចការលេងកីឡាអូឡាំពិកឡើយ គឺគ្រាន់តែចំណាយពេលដើរ១០នាទី ក៏អាចមានប្រយោជន៍ដូចការហាត់ប្រាណ ៤៥នាទីដែរ ។ អ្នកនឹងមានអារម្មណ៍ល្អឡើងវិញបានពីរបីម៉ោងឯណោះដូចការលេបថ្នាំបំបាត់ការឈឺចាប់ដែរ ។ បើសិនជាអ្នកហាត់ប្រាណបានរាល់ថ្ងៃ យ៉ាងហោចណាស់៣ដងក្នុងមួយសប្តាហ៍ អ្នកក៏មិនសូវមានអារម្មណ៍តក់ស្លុងទៀតដែរ។
ទៅខាងក្រៅផ្ទះ
ទោះបីជាមានរុក្ខជាតិមួយក្នុងបន្ទប់ ឬរូបភាពធម្មជាតិជាច្រើន ក៏អាចធ្វើឲ្យអារម្មណ៍តានតឹង ខឹង ឬស្ត្រេសរបស់អ្នកធូរស្រាលមកវិញដែរ។ ប៉ុន្តែយកល្អគួរតែដើរចេញទៅមើលពិភពខាងក្រៅវិញ ។ អ្នកនឹងទទួលបានអារម្មណ៍ល្អ ហើយវាក៏អាចបន្ថយសម្ពាធឈាម ចង្វាក់បេះដូង សម្ពាធសាច់ដុំ និងស្ត្រេសអ៊័រម៉ូនទៀត ។
ការថែសួន
យកល្អគួរតែចេញទៅខាងក្រៅផ្ទះ ហើយឲ្យដៃប្រឡាក់ខ្លះទៅ ។ ការថែសួនធ្វើឲ្យខួរក្បាលបញ្ចេញសារធាតុគីមីដើម្បីសម្រួលដល់អារម្មណ៍ល្អ ហើយបន្ថយភាពថប់អារម្មណ៍ទៀត។ ជាមួយគ្នានេះដែរ អ្នកនឹងទទួលបានការហាត់ប្រាណមួយចំនួន និងចំណាយពេលវេលាច្រើននៅខាងក្រៅផ្ទះដែលវាសុទ្ធសឹងតែល្អសម្រាប់អ្នក ។
រួមភេទ
វាអាចជារឿងចុងក្រោយមួយក្នុងចិត្តអ្នកនៅពេលមានអារម្មណ៍តក់ស្លុត ប៉ុន្តែការរួមភេទអាចបន្ថយការឆ្លើយតបនឹងភាពស្ត្រេសរបស់រាងកាយបាន ។ នៅពេលជីវិតផ្លូវភេទមានសុខភាពល្អ ជាពិសេសជាមួយនឹងដៃគូដែលស្មោះត្រង់នឹងគ្នាទៀតនោះ វាពិតជាអាចជួយឲ្យអ្នកកាន់តែសប្បាយចិត្ត និងសុខភាពល្អ ព្រមទាំងចៀសផុតពីការថប់អារម្មណ៍ផងដែរ ។
ការតាំងសមាធិ
វិធីសាស្ត្រមួយនេះនឹងជួយបន្ថយការបារម្ភរបស់អ្នកបាន ប៉ុន្តែវានឹងមិនអាចបំបាត់អស់នោះទេ ។ ការតាំងសមាធិអាចជួយអ្នកបង្កើនការផ្ចង់អារម្មណ៍លើការដកដង្ហើម និងជួយឲ្យមានអារម្មណ៍ស្រស់ស្រាយបាន ។ នៅពេលការបារម្ភកើតមាន អ្នកអាចលុបបំបាត់វាបានយ៉ាងលឿន ៕
ស្រង់ពីគេហទំព័រសុខភាព
ចែករំលែកព័តមាននេះ