ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពៅ លី​ដា ក្នុង​ពេល​តែ​មួយស្រវា​ចាប់​យក​ដល់​ទៅ​៤

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កញ្ញា​ពៅ លី​ដា គ្រង​តំណែង​តួឯក​ច្រើន និង​ច្រើន​ឆ្នាំ​មក​ហើយ តែ​តំណែង​នេះ​មិន​ទាន់​សាប​ទេ គឺ​បច្ចុប្បន្ន​នាង​នៅ​តែ​រក្សា​តំណែង​នេះ​ដដែល ។ តារា​សម្ដែង​កញ្ញា​ពៅ…

រាជធានី​ភ្នំពេញ ៖ កញ្ញា​ពៅ លី​ដា គ្រង​តំណែង​តួឯក​ច្រើន និង​ច្រើន​ឆ្នាំ​មក​ហើយ តែ​តំណែង​នេះ​មិន​ទាន់​សាប​ទេ គឺ​បច្ចុប្បន្ន​នាង​នៅ​តែ​រក្សា​តំណែង​នេះ​ដដែល ។

តារា​សម្ដែង​កញ្ញា​ពៅ លី​ដា ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ទីផ្សារ​សិល្បៈ​ឆ្នាំ​២០១៨ របស់​នាង​ពិតជា​ប្លែក​មិន​ធ្លាប់​ជួប​ចាប់តាំងពី​បោះ​ជំហាន​ចូល​ពិភព​សិល្បៈ​មក​។ ប្លែក​នៅ​ត្រង់​ថា គឺជា​ឆ្នាំ​មួយ ដែល​នាង​មាន​សកម្មភាព​ខ្លាំង​បំផុត ទាំង​ខ្សែភាពយន្ត​ភាគ និង​រឿង​ដុំ​ចាក់​បញ្ចាំង​តាម​រោង ។

ពៅ លី​ដា និយាយ​ថា​៖ «​ឆ្នាំ​នេះ​សិល្បៈ​របស់ខ្ញុំ​ហាក់​មាន​សកម្មភាព​ខ្លាំង ហើយ​វា​ខុស​ពី​ឆ្នាំ មុន​ៗ មាន​ចំនួន​តិចតួច តែ​ឆ្នាំ​នេះ​ហាក់​ច្រើន ។ ខ្ញុំ​ផ្ទាល់​សឹងតែ​មិន​ជឿ​ពី​ការងារ​មមាញឹក​នេះ​» ។

ពៅ លី​ដា ថា​នាង​នឹង​ប្រឹង​បង្កើន​សមត្ថភាព​ខ្លួន​ផង​ដែរ​ដើម្បី​ធ្វើ​យ៉ាងណា​ឆ្លើយ​តប​តាម​ការ​ចង់បាន​របស់​ទស្សនិកជន ។ សកម្មភាព​ដ៏​មមាញឹក​នៃ​ការ​ថត​ភាពយន្ត​ច្រើន​ក្នុង​ឆ្នាំ​ថ្មី បាន​ធ្វើ​ឱ្យ​ប្រជាប្រិយភាព និង​ចំណូល​របស់​តារា​សម្ដែង​ពៅ លី​ដា មិន​ចាញ់​តារា​មួយ​ចំនួន​ទៀត​ទេ ។ ចំណូល​ពី​សិល្បៈ​របស់​លី​ដា ទទួល​បាន​ច្រើន​ជាង​បណ្ដា​ឆ្នាំ មុន​ៗ ។

តារា​សម្ដែង​ពៅ លី​ដា ដែល​កំពុង​ក្ដោប​ក្ដាប់​ការងារ​សិល្បៈ​ពេញដៃ និង​ហាក់​មមាញឹក​ខ្លាំង​ជាមួយ​ការ​ថត​ខ្សែភាពយន្ត​នោះ នាង​ឲ្យ​ដឹង​ថា នាង​កំពុង​ចូលរួម​សម្ដែង​នៅ​ក្នុង​ខ្សែភាពយន្ត​ចំនួន​៤​រឿង​ក្នុង​ពេល​តែ​មួយ​ក្នុង​តំណែង​ជា​តួឯក ។ ខ្សែភាពយន្ត​ទាំងនោះ​មានរឿង «​សំពាយ​បុណ្យ​» រឿង​«​ដួង​ចន្ទ​ដួងចិត្ត​» រឿង «​ធនញ្ជ័យ​» និង​ខ្សែភាពយន្ត​មួយទៀត​សុំ​លាក់​ចំណងជើង​សិន ។ ខ្សែភាពយន្ត​ទាំង​៤​រឿង​នេះ​ជា​ប្រភេទ​រឿង និង​រឿង​ដុំ ។

ដោយសារ​ថត​៤​រឿងដំណាល​គ្នា ដូច្នេះ​ហើយ​ពៅ លី​ដា ត្រូវ​លៃលក​ពេលវេលា​មួយ​ច្បាស់លាស់ ដោយ​នាង​បញ្ជាក់​ថា «​ដើម្បី​សម្ដែង​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នៃ​ខ្សែ​ភាព​យន្ត ដែល​មាន​ឈុត​ខ្ញុំ​សម្ដែង ខ្ញុំ​បាន​លៃលក​កាលវិភាគ ដូច​ជា​រឿង​មួយ​៣​ថ្ងៃ មួយ​រឿង​ទៀត​២​ថ្ងៃ និង​មួយ​រឿង​ទៀត​១​ថ្ងៃ ជាដើម​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ