រាជធានីភ្នំពេញ ៖ បច្ចុប្បន្នគេសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរពេញនិយម នាំគ្នាទទួលទានពងទាកូន និងស៊ុបពងទាកូនណាស់ ពីព្រោះមានអ្នកខ្លះយល់ថា ការទទួលទានពងទាកូននេះ អាចជួយបង្កើនផ្លូវភេទ ។ ដោយឡែក មិនត្រឹមតែមានលក់នៅតាមផ្ទះប៉ុណ្ណោះទេ គឺថែមទាំងមានលក់តាមរទេះចល័តជាច្រើនទៀតផងនាពេលបច្ចុប្បន្ននេះ ជាពិសេសគឺនៅពេលល្ងាចតាមទីប្រជុំ ។

ជាការកត់សម្គាល់ បច្ចុប្បន្ននេះ បងប្អូនប្រជាពលរដ្ឋមិនថាប្រុសឬស្រីនោះទេ គឺពួកគេតែងនិយមហូបពងទាកូន តែការហូបពងទាកូននេះ គឺនៅតែមានប្រភពអះអាងថា អាចមានប្រយោជន៍អ្វីខ្លះចំពោះសុខភាព ។

ជួបជាមួយ លោកវេជ្ជបណ្ឌិត កុយ វ៉ាន់នី គ្រូពេទ្យមន្ទីរពេទ្យកាល់មែ៉តបានឱ្យដឹងថា មិនមានការរកឃើញជាឯកសារវិទ្យាសាស្ត្រមានទម្ងន់ធ្ងន់ទេ អំពីបញ្ហាទំនាក់ទំនងរវាងការទទួលទានពងទាកូន ជាមួយនិងបញ្ហាលើផ្លូវភេទនេះ គ្រាន់តែយើងដឹងថា ពងទាកូនឬពងមាន់ សំបូរទៅដោយពពួកខ្លាញ់ និងជាតិសាច់ឱ្យយើងមានកម្លាំងមានថាមពល ជាការដឹងពិតប្រាកដជាវិទ្យាសាស្ត្រ ។ ប៉ុន្តែគេតែងឱ្យយើងប្រយ័ត្នប្រយែងដែរ ក្នុងការទទួលទានសុតច្រើន អាចឱ្យយើងឡើងទម្ងន់ ឬឡើងជាតិខ្លាញ់ ។

ដូច្នេះហើយ ជាអន្តរជាតិគេមិនទូន្មានឲ្យយើងទាំងអស់គ្នា ទទួលទានសុតច្រើននោះទេ ព្រោះរបស់នេះសំបូរទៅដោយអាហារបម្រុង អាហារថាមពលចិញ្ចឹមច្រើន ។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា មិនមានវិទ្យាសាស្ត្រណារកឃើញថា ការទទួលទានពងទាកូនមានផលប៉ះពាល់រោគសញ្ញាសំខាន់ៗនោះទេ ។

ចែករំលែកព័តមាននេះ