ខេត្តស្វាយរៀង ៖ មានស្រីចិត្តធំហ៊ានធ្វើចោរលួចកាច់សោម៉ូតូបានសម្រេច រួចជិះពីក្រុងបាវិតមកលក់នៅផ្សារជីភូ ភ្លាត់ស្នៀតពេលអ្នកទិញសួររកកាតគ្រីគ្មានឯកសារត្រឹមត្រូវ ទើបប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្ដង ។ ករណីចោរស្រីចិត្តធំនេះត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង០៥និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅផ្សារជីភូ ។
បើតាមសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រៃអង្គុញ បានឲ្យដឹងថា ក្រោយពីនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃអង្គុញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍តាមទូរស័ព្ទថា មានមនុស្សស្រីម្នាក់បានជិះម៉ូតូដើរលក់គ្មានឯកសារសម្គាល់នៅផ្សារជីភូ ទើបសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ហើយក៏ធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង ។
សមត្ថកិច្ចសង្កាត់ព្រៃអង្គុញបានឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ ថាច់ ស្រី ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ក្រោយពីការឃាត់ខ្លួនក៏បាននាំជនសង្ស័យ និងម៉ូតូមកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃអង្គុញ ធ្វើការសាកសួរនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានលួចម៉ូតូនៅបាវិត ។ បន្ទាប់មកបានត្រួតពិនិត្យម៉ូតូឃើញមានឯកសារសៀវភៅប័ណ្ណចុះឈ្មោះធានារ៉ាប់រងក្នុងកែបម៉ូតូដែលមានលេខទូរស័ព្ទ ហើយសមត្ថកិច្ចបានទំនាក់ទំនងម្ចាស់ម៉ូតូ ហើយម្ចាស់ម៉ូតូបានតបមកវិញថា ម៉ូតូរបស់ខ្លួនត្រូវចោរលួចបាត់កាលវេលាម៉ោង០២និង០០នាទីរសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ម៉ូតូម៉ាក់ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ផ្លាកលេខ ស្វាយរៀង ១I-៧២៧១ ដែលបញ្ឈរទុកនៅខាងមុខផ្ទះ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
សមត្ថកិច្ចបានឲ្យម្ចាស់ម៉ូតូឈ្មោះ សូ ចន្នី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីមកពិនិត្យមើលម៉ូតូនៅចំពោះមុខសមត្ថកិច្ច ម្ចាស់ម៉ូតូបានឆ្លើយថា ម៉ូតូនេះពិតជាម៉ូតូរបស់ខ្លួនពិតប្រាកដមែន ហើយសមត្ថកិច្ចបានប្រគល់ម៉ូតូឲ្យម្ចាស់ខាងលើនេះវិញ ។ បច្ចុប្បន្នជន សង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ