ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​ម្រេច​កំពត​កាន់តែ​ចង្អៀត ស្រប​ពេល​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំណើន​នៃ​ការ​វិនិយោគ​លើ​ដំណាំ​ម្រេច​នៅ​ខេត្តកំពត កាន់តែ​ច្រើន​ឡើង ធ្វើ​ឲ្យ​ទីផ្សារ​ផលិតផល​មួយ​នេះ​ហាក់​មាន​ភាព​ចង្អៀត ព្រោះ​ទិន្នផល​លើស​តម្រូវការ ។ ទោះជា​យ៉ាងណា នៅ​តែ​រក្សា​បាន​តម្លៃ​ខ្ពស់​ដដែល ។…

រាជធានី​ភ្នំពេញ ៖ កំណើន​នៃ​ការ​វិនិយោគ​លើ​ដំណាំ​ម្រេច​នៅ​ខេត្តកំពត កាន់តែ​ច្រើន​ឡើង ធ្វើ​ឲ្យ​ទីផ្សារ​ផលិតផល​មួយ​នេះ​ហាក់​មាន​ភាព​ចង្អៀត ព្រោះ​ទិន្នផល​លើស​តម្រូវការ ។ ទោះជា​យ៉ាងណា នៅ​តែ​រក្សា​បាន​តម្លៃ​ខ្ពស់​ដដែល ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​ខេត្តកំពត ។

លោក ងួ​ន ឡាយ ប្រធាន​សមាគម​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ទីផ្សារ​ផលិតផល​ម្រេច​កំពត​នេះ ហាក់​មាន​ភាព​ចង្អៀត​បន្តិច​មែន ដោយសារ​តែ​ផ្ទៃដី​ដាំ​ដុះ ពិសេស​មាន​ក្រុមហ៊ុន​ធំ​ៗ​ចុះ​ទៅ​ដាំ​ផ្ទាល់​ផង​នោះ ធ្វើ​ឲ្យ​ទិន្នផល​កើនឡើង​ហួស​ពី​តម្រូវការ​លើ​ទីផ្សារ ។

លោក​ថា ៖« បើ​កំណើន​អ្នក​ដាំ​កាន់តែ​ច្រើន ផលិតផល​ម្រេច​ក៏​កាន់តែ​ច្រើន​ដែរ ដូចនេះ វា​នឹង​ធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ តែ​យ៉ាងណា​ក៏​ដោយ សមាគម​បាន​ស្វះ​ស្វែងរក​ទីផ្សារ​បន្ថែម​ទៀត​សម្រាប់​ផលិតផល​មួយ​នេះ ។ ជាក់ស្ដែង​កាលពី​ឆ្នាំ​២០១៦ និង​២០១៧ កន្លង​ទៅ​នេះ ក្រុមហ៊ុន​ដែល​ជា​ដៃគូ​របស់​យើង​មាន​តែ​២១​ក្រុមហ៊ុន​ប៉ុណ្ណោះ តែ​បច្ចុប្បន្ន​បាន​កើនឡើង​ដល់​៣១​ក្រុមហ៊ុន​ហើយ » ។

លោក​បន្ត​ថា តម្រូវការ​លើ​ទីផ្សារ​ម្រេច​កំពត​ក្នុង​១​ឆ្នាំ មាន​តែ​ជាង​៦០​តោន​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​កសិករ​ដែល​ស្ថិត​នៅ​ក្រោម​សមាគម បាន​ផលិត​ម្រេច​រហូត​ដល់​ជាង​១០០​តោន​ក្នុង​១​ឆ្នាំ ដូចនេះ​ហើយ​ឈ្មួញ​ត្រូវការ​ជ្រើសរើស​យក​ផលិតផល​ណា​ដែល​ល្អ​សម្រាប់​នាំ​ចេញ និង​កំណត់​ចំនួន​មក​សមាគម ដើម្បី​ទិញ​ពី​កសិករ ។
លោក​បញ្ជាក់​ថា ៖« បើ​ទិន្នផល​យើង​ច្រើន យើង​មិន​អាច​លក់​បាន​ទាំង​អស់នោះ​ទេ អីចឹង ត្រូវ​មាន​សល់​ខ្លះ ហើយ​ពួក​គាត់​អាច​លក់​ក្រៅ​សមាគម​ទៅ​ឲ្យ​ឈ្មួញ​ដទៃ ក្នុង​តម្លៃ​ណាមួយ​ដែល​ចរចា​ជាមួយ​ពួក​ឈ្មួញ​ទាំងនោះ​បាន » ។

ប្រធាន​សមាគម​រូប​នេះ​បាន​បន្ថែម​ថា បច្ចុប្បន្ន​នេះ តម្លៃ​ម្រេច​នៅ​តែ​រក្សា​ដដែល ពោល​គឺ​ម្រេចខ្មៅ តម្លៃ​១៥​ដុល្លារ​, ម្រេច​ក្រហម តម្លៃ​២៥​ដុល្លារ និង​ម្រេចស តម្លៃ​២៨​ដុល្លារ​ក្នុង​១​គីឡូក្រាម ។
លោក ងួ​ន ឡាយ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ដោយសារ​ឆ្នាំ​នេះ អាកាសធាតុ​ក្ដៅ​បន្តិច បាន​ធ្វើ​ឲ្យ​ទិន្នផល​ម្រេច​កំពត​នៅ​ក្នុង​សមាគម​មានការ​ធ្លាក់​ចុះ​ជាង​កាលពី​ឆ្នាំ​២០១៧​ជិត​ពាក់កណ្ដាល ។ ជាក់ស្ដែង កាលពី​ឆ្នាំ​មុន ទិន្នផល​ប្រមូល​បាន​ពី​សមាជិក​ក្នុង​សមាគម មាន​ចំនួន​១០២​តោន តែ​សម្រាប់​ឆ្នាំ​នេះ​វិញ បើ​ប្រមូល​អស់ បាន​ត្រឹមតែ​ជាង​៧០​តោន​ប៉ុណ្ណោះ ។

លោក ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ថា ដោយសារ​តែ​ក្រុម​ឈ្មួញ​គេ​មើលឃើញ​ថា តម្លៃ​ម្រេច​នៅ​តែ​រក្សា​កម្រិត​ខ្ពស់​ដដែល និង​មាន​តម្រូវការ​នៅ​លើ​ទីផ្សារ​អន្តរជាតិ ទើប​គេ​ចុះ​ទៅ​វិនិយោគ​ដោយ​ខ្លួន​គេ​វិញ ។
លោក​និយាយ​ថា ៖« កាលពីមុន ម្រេច​កំពត​លក់​ចេញ​ទៅ​អឺរ៉ុប​តាម​រយៈ​ក្រុមហ៊ុន​មួយ ហើយ​ក្រោយមក ក្រុមហ៊ុន​នោះ​ក៏​បាន​មក​វិនិយោគ​ខ្លួនឯង​នៅ​កំពត​ទៅ​លើ​ដំណាំ​ម្រេច ក៏​ប៉ុន្តែ​បច្ចុប្បន្ន​នេះ យើង​បាន​ទាក់ទង​នឹង​ក្រុមហ៊ុន​ជា​ច្រើន​នៅ​អឺរ៉ុប និង​ប្រទេស​ដទៃ ដើម្បី​ទិញ​ផលិតផល​ម្រេច​កំពត​ពី​កម្ពុជា​យើង » ។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ក៏​បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​ជា​អ្នករក​ទីផ្សារ​ជូន​ផលិតផល​ខ្មែរ លោក​បាន​ទាក់ទង​នឹង​ក្រុមហ៊ុន​ជា​ច្រើន​នៅ​ក្រៅប្រទេស ដើម្បី​នាំ​ចេញ​ម្រេច​ពី​កម្ពុជា​ទៅ​កែ​ច្នៃ​ជា​ផលិតផល​ផ្សេង​ៗ ហើយ​កន្លង​មក មាន​ក្រុមហ៊ុន​ផលិត​ឈី​ស​មួយ នៅ​ប្រទេស​ស្វ៊ី​ស ហាក់ដូចជា​ចាប់អារម្មណ៍​លើ​ផលិតផល​ម្រេច​កំពត ដើម្បី​យក​ទៅ​កែ​ច្នៃ​ជា​ឈី​ស ហើយ​បើសិនជា​គេ​មាន​តម្រូវការ​មែន​នោះ នឹង​ធ្វើ​ឲ្យ​ផលិតផល​ម្រេច​កំពត​កាន់តែ​មាន​ទីផ្សារ​ទូលំទូលាយ​បន្ថែម​ទៀត ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០១៧ សមាគម​ម្រេច​កំពត បាន​នាំ​ចេញ​ផលិតផល​ម្រេច​ចំនួន​៦៨​តោន ហើយ​ទីផ្សារ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​បាន​ប្រហែល​៧០% រួម​មាន ទីផ្សារ​អឺរ៉ុប​, អា​មេ​រិ​ក​, កូរ៉េ​ខាងត្បូង​, តៃវ៉ាន់​, ហុងកុង និង​រុ​ស្ស៊ី ។ នៅ​ដើមឆ្នាំ​២០១៨​នេះ សមាគម​មិន​ទាន់​ចាប់ផ្ដើម​ប្រមូល​ទិន្នផល​នៅឡើយ​ទេ ប៉ុន្តែ​ទោះជា​យ៉ាងណា ក៏​មាន​ប្រទេស​ចិន ជប៉ុន និង​អូស្ត្រាលី កំពុង​ចាប់អារម្មណ៍ និង​កុម្ម​ង់​ជា​បណ្ដើរ​ៗ​ហើយ ស្រប​ពេល​សមាគម​ផលិតករ LA MAISON DU GRUYÈRE ដែល​មាន​កិត្តិនាម​ល្បីល្បាញ​ប្រកបដោយ​សក្តានុពល​ក្នុង​ការ​ផលិត​ឈី​ស (Cheese) កាលពី​ខែមីនា កន្លង​មក បាន​សន្យា​ពិចារណា និង​ឆ្លៀតពេល​មក​ទស្សនា​ចម្ការ​ម្រេច​កំពត ដើម្បី​ឈ្វេងយល់​ពី​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និង​លក្ខណៈ​ពិសេស​របស់​ម្រេច​កំពត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ