ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Startup​កម្ពុជា​មានឱកាស​បង្ហាញ​សមត្ថភាព​លើ​ឆាក​អន្តរជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​បង្កើត​អាជីវកម្ម​ថ្មី​(Startups)​ដែល​ទទួល​បាន​ជ័យ​លា​ភី​ពី​ការ​ប្រកួតប្រជែង​ក្នុង​កម្មវិធី «Echelon Trip for Cambodian Startups and Policy…

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​បង្កើត​អាជីវកម្ម​ថ្មី​(Startups)​ដែល​ទទួល​បាន​ជ័យ​លា​ភី​ពី​ការ​ប្រកួតប្រជែង​ក្នុង​កម្មវិធី «Echelon Trip for Cambodian Startups and Policy Maker» ដែល​បាន​បើក​ដំណើរការ​កាលពី​ថ្ងៃ​ទី​២៥ មេ​សា ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូល​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​បន្ថែម ក៏​ដូច​ជា​ចូលរួម​តាំង​បង្ហាញ​ផលិតផល​សក្ដានុពល​របស់​ខ្លួន​ជាមួយ​បណ្ដា​Startup​ចំនួន​១០០ មក​ពី​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ក្នុង​កម្មវិធី «Echelon Asia Summit 2018» នៅ​ប្រទេស​សិង្ហ​បុរី នា​អំឡុង​ខែមិថុនា ខាង​មុខ ។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ព័ត៌មាន​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ។

សេចក្ដី​ជូន​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​Startups​របស់​កម្ពុជា​ចំនួន​៥ មានឱកាស​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ ដែល​ជា​កាលានុវត្តភាព​របស់​ពួក​គេ​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​អន្តរជាតិ និង​ក្រុមហ៊ុន​ធំ​ៗ​ដើម្បី​សហការ ក៏​ដូច​ជា​ស្វែងរក​ប្រភព​ទុន​សម្រាប់​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​។
រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក​បណ្ឌិត កាន ច័ន្ទ​មេត្តា ត្រូវ​បាន​ស្រង់​សម្ដី​ថា ដោយ​មាន​កិច្ចសហការ​រវាង​វិទ្យាស្ថាន​NIPTICT ក្រោម​ការ​ឧបត្ថម្ភ​របស់​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព និង​ការ​ស្រាវជ្រាវ​និង​ការ​អភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ឬ​ហៅ​កាត់​ថា មូលនិធិ ស​.​អ នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រុមហ៊ុន​ជា​ដៃគូ​នានា បាន​រៀបចំ​កម្មវិធី​នេះ​ឡើង ក្នុង​គោលបំណង​ជ្រើសរើស​អាជីវកម្ម​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ជាមួយ​អាជីវកម្ម​ឈានមុខ​ជាងគេ​ទាំង​១០០ ដែល​បាន​ជ្រើសរើស​ចេញពី​ប្រទេស​ចំនួន​២១ ក្នុង​តំបន់​អាស៊ី ។

លោក​ថ្លែង​ថា ៖« ក្រសួង​តែង​ឧបត្ថម្ភ​និង​គាំទ្រ​ដើម្បី​បង្កើត និង​ពង្រីក​ឱកាស​ដល់​អាជីវកម្ម​ក្នុងស្រុក​ឈាន​ចូល​ទៅ​ថ្នាក់​តំបន់ និង​ពិភពលោក ព្រមទាំង​ដើម្បី​បង្ហាញ​នូវ​សក្តានុពល​នៃ​ឧស្សាហកម្ម ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន » ។

លោក​បណ្ឌិត​បន្ដ​ថា ៖« យើង​ចង់​បង្កើត​នូវ បរិយាកាស​អំណោយផល​អាជីវកម្ម​ក្នុងស្រុក ដោយ​ជំរុញ​ការ​បង្កើត​ថ្មី ការ​ប្រកួតប្រជែង និង​ការ​បង្កើត​បណ្តាញ​ទំនាក់ទំនង​ទៅ​ក្នុង​ទីផ្សារ​ផ្នែក​បច្ចេកវិទ្យា​ដ៏​ទូលំទូលាយ​នៅ​ក្រៅ
ប្រទេស » ។
លោក​បណ្ឌិត​បញ្ជាក់​ថា Startup​ដែល​ទទួល​បាន​ជ័យ​លា​ភី​ទាំង​៥ ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​បន្ថែម និង​ការ​តាំងពិព័រណ៍​ផលិតផល​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​នេះ រួម​មាន BookMeBus, Camboticket, Demine Robotics, SPARE និង Goama នឹង​ត្រូវ​បង្ហាញ​ផលិតផល​របស់​ខ្លួន ដែល​បាន​បង្កើត​ឡើង ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​អន្តរជាតិ ក៏​ដូច​ជា​បង្កើត​កិច្ចសហការ​ដើម្បី​ដំណើរការ​អាជីវកម្ម​របស់​ពួក​គេ ។

សូម​បញ្ជាក់​ថា កម្មវិធី «Echelon Asia Summit 2018» គឺជា​កម្មវិធី​ពិព័រណ៍​លំដាប់ថ្នាក់​អន្តរជាតិ​សម្រាប់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ដែល ប្រព្រឹត្ត​ទៅ​នៅ​ចុងខែ​មិថុនា នៅ​សិង្ហ​បុរី​។ កម្ម វិធី​នេះ​នឹង​មានការ​ចូលរួម​ពី​សំណាក់​Starup​មាន​សក្តានុពល​មក​ពី​ប្រទេស​ផ្សេង​ៗ​ក្នុង​តំបន់ ដែល​ផ្តល់​ឱកាស​ដល់​ពួក​គេ​បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នក​វិនិយោគ ក្រុមហ៊ុន និង​សហគ្រាស​ធំ​ៗ ដើម្បី​បង្កើត​បណ្តាញ និង​ស្វែងរក​ទុន​សម្រាប់​ការ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន ។ កម្មវិធី​នេះ ក៏​មានការ​ជួប​ពិភាក្សា និង​ផ្លាស់​ប្តូរ​យោបល់​គ្នា​ពី​សំណាក់​អ្នក​រៀបចំ​គោលនយោបាយ​សម្រាប់​ប្រទេស​នីមួយ​ៗ​នៅ​ក្នុង​តំបន់​លើ​គោលការណ៍​ក្នុង​ការ​ជួយ​គាំទ្រ​Startups​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ