ឥរិយាបថ​ដែល​អ្នក​ធ្វើ​ខុស​ដោយ​មិនដឹង​ខ្លួន នៅ​ពេល​បើកបរ


ការ​បើកបរ​រថយន្ត មិនមែន​គ្រាន់តែ​ជា​ការ​ធ្វើ​ដំណើរ​ចេញពី​ចំណុច​មួយ​ទៅ​កាន់​ចំណុច​មួយទៀត​នោះ​ទេ ប៉ុន្តែ​សំខាន់​គឺ​ត្រូវ​ទៅ​ដល់​គោលដៅ​យ៉ាង​មាន​សុវត្ថិភាព​។ គេ​តែង​ប្រទះ​ឃើញ​អ្នកបើកបរ​មួយ​ចំនួន​បាន​ប្រើប្រាស់​ទម្លាប់​ខុស​ខាងក្រោម​នេះ​ជា​ប្រចាំ​ដូច​ជា ៖

១-​មើល​រំលង​ភ្លើង​សញ្ញា​ដាស់តឿន ៖
ភ្លើង​សញ្ញា​ដាស់តឿន​រូប​ម៉ាស៊ីន​នៅ​ផ្នែក​ខាងលើ​បង្ហាញ​ថា ម៉ាស៊ីនរថយន្ត​កើត​ភាព​ខុស​ប្រក្រតី​ដោយសារ​មូលហេតុ​ជា​ច្រើន ដូច​ជា Sensor វាស់​អាកាសធាតុ រហូត​ដល់​គម្រប​ធុង​ប្រេង​បិទ​មិន​ជិត ជាដើម ។ ជា​ច្រើន​លើក រថយន្ត​នឹង​មិន​បង្ហាញ​ពី​ភាព​ខុស​ប្រក្រតី​ទេ ប៉ុន្តែ​យើង​គួរតែ​យក​រថយន្ត​ទៅ​យានដ្ឋាន​ជួសជុល​ឲ្យ​បាន​ឆាប់ ដើម្បី​ការពារ​បញ្ហា​នេះ​រាលដាល​ទៅ​ថ្ងៃក្រោយ ។

២-​ជាន់​អំ​ប្រី​យ៉ា ខណៈ​រថយន្ត​ឈប់​ស្តុ​ប​ក្រហម ៖
មនុស្ស​ជា​ច្រើន​ដែល​ប្រើប្រាស់​រថយន្ត​លេខ​ធម្មតា អ្នកខ្លះ​ធ្លាប់​ជាន់​លើ​អំ​ប្រី​យ៉ា ខណៈ​ពេល​ឈប់​រថយន្ត​នៅ​ចំណុច​ភ្លើង​ក្រហម ដើម្បី​ឲ្យ​រថយន្ត​អាច​ចេញដំណើរ​បាន​លឿន នៅ​ពេល​រថយន្ត​នៅ​ពី​ខាង​មុខ​បើក​ទៅ​មុខ ។ ការ​ជាន់​អំ​ប្រី​យ៉ា នឹង​ធ្វើ​ឲ្យ​ស្បែក​របស់​វា​ឆាប់​សឹក​ផង​ដែរ ។ ក្រៅពី​នេះ ការ​ប៉ះ​លើ​វា​ជា​ញឹកញាប់​ក្នុង​ចំណោម​សភាព​ចរាចរណ៍​ណែនណាន់ នឹង​មាន​ផល​ប៉ះពាល់​ដូច​ជា អំ​ប្រី​យ៉ា​ខូច​សភាព​រហូត​ធ្វើ​ឲ្យ​វា​លិច​កប់ និង​រអិល​បាន ។

៣-​បណ្តោយ​ឲ្យ​ប្រេងឥន្ធនៈ​ក្នុង​ធុង​នៅ​សល់​តិច​ជា​ប្រចាំ ៖
ការ​បណ្តោយ​ឲ្យ​ប្រេងឥន្ធនៈ​ក្នុង​ធុង​នៅ​សល់​តិច​ខ្លាំង អាច​ធ្វើ​ឲ្យ​រថយន្ត​របស់​អ្នក​ឆាប់​ខូច​បាន​។ តើ​ធ្លាប់​ឬទេ នៅ​ពេល​អ្នកបើកបរ​រថយន្ត​ហើយ​ឃើញ​ស្ថានីយប្រេងឥន្ធនៈ ប៉ុន្តែ​អ្នក​មិន​បាន​ចាក់​ប្រេង​រថយន្ត​នោះ​ទេ ព្រោះ​គិត​ថា អាច​ទៅ​ចាក់​ប្រេង​នៅ​ខាង​មុខ​ទៀត​ក៏​បាន ប៉ុន្តែ​នៅ​ពេល​បើកបរ​ទៅ​មុខ មិនឃើញ​មាន​ស្ថានីយ​ចាក់​ប្រេង​ឡើយ រហូត​ដល់​រថយន្ត​ចេញ​ភ្លើង​សញ្ញា​ថា អស់​ប្រេង​ឡើងមក ។ វា​មិនមែន​ជា​ការ​ល្អ​នោះ​ទេ បើ​កើតហេតុ​ការណ៍​បែប​នេះ​ជា​ញឹកញាប់ នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​គ្រឿង​ម៉ាស៊ីន​មាន​អាយុ​ការ​ប្រើប្រាស់​កាន់តែ​ខ្លី​ឡើង ។

៤-​ឲ្យ​ក្មេង​អង្គុយ​លើ​ភ្លៅ​អ្នកដំណើរ​នៅ​ខាង​មុខ ៖
ការ​ឲ្យ​ក្មេង​អង្គុយ​លើ​ភ្លៅ​អ្នកដំណើរ​នៅ​ផ្នែក​ខាង​មុខ គឺជា​ឥរិយាបថ​ដែល​តែង​ជួប​ប្រទះ​ជា​ញឹកញាប់ ជា​ពិសេស នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណាមួយ​ទាំង​ក្រុម​គ្រួសារ ។ នៅ​ពេល​កើត​គ្រោះថ្នាក់ ពោង​សុវត្ថិភាព​នៅ​ខាង​មុខ​នឹង​រីក​ប៉ោង​ឡើង​យ៉ាង​ឆាប់រហ័ស​រហូត​ដល់​៣០០​គីឡូម៉ែត្រ​/១​ម៉ោង ហើយ​បណ្តាល​ឲ្យ​កើត​គ្រោះថ្នាក់​ដល់​កូន​ក្មេង​ដែល​អង្គុយ​នៅ​ខាង​មុខ​នោះ​យ៉ាង​ខ្លាំង ។

៥-​ប្រើ​សោមាន​ទម្ងន់​ធ្ងន់​ខ្លាំង​ពេក ៖
ក្នុង​ករណី​នេះ កូនសោ​ប្រភេទ Keyless Entry ដែល​មិន​ចាំបាច់​ស៊ក​ចូល​ទៅ​ក្នុង​រន្ធ​សោ​នោះ ក៏​គង់​គ្មាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​បើជា​ប្រភេទ​កូនសោ​ដែល​ត្រូវ​ស៊ក​ចូល​ទៅ​ក្នុង​រន្ធ​សោ បើ​អ្នក​ប្រើ​កូនសោ​មាន​ទម្ងន់​ធ្ងន់​ខ្លាំង​ពេក (​ភ្ជាប់​ជាមួយ​វត្ថុ​ផ្សេង​ៗ) វា​អាច​ធ្វើ​ឲ្យ Switches កូនសោ​ឆាប់​ខូច ។

៦-​អ្នកដំណើរ​ខាងក្រោយ​មិន​ពាក់​ខ្សែក្រវាត់​ការពារ ៖
មនុស្ស​ភាគច្រើន​តែង​យល់​ខុស​ថា អ្នក​ធ្វើ​ដំណើរ​ដែល​អង្គុយ​នៅ​ខាងក្រោយ​មិន​ចាំបាច់​ត្រូវ​ពាក់​ខ្សែក្រវាត់​ការពារ​សុវត្ថិភាព​ទេ ។ ការ​ពិត បើ​កើត​គ្រោះថ្នាក់​ដូច​ជា បុក​គ្នា​ផ្នែក​មុខ ឬ​បុក​ខាងក្រោយ វា​នឹង​បណ្តាល​ឲ្យ​អ្នក​អង្គុយ​នៅ​ខាងក្រោយ​ស្ទុះ​ទៅ​ប៉ះទង្គិច​យ៉ាង​ខ្លាំង​ជាមួយ​អ្នក​អង្គុយ​ខាង​មុខ រហូត​ដល់​មាន​គ្រោះថ្នាក់​ទាំង​អ្នក​មុខ និង​អ្នក​ក្រោយ ហើយ​​បើ​ក្នុង​ករណី​រថយន្ត​ក្រឡាប់​ជា​ច្រើន​ត្រឡប់ អ្នក​អង្គុយ​ខាងក្រោយ​នឹង​ត្រូវ​ខ្ទាត​ទៅ​ប៉ះ​នឹង​កញ្ចក់​ផង​ដែរ ។

បើ​អ្នក​ណា​ដឹងខ្លួន​ថា មាន​ឥរិយាបថ​ដូច​ខាងលើ​នេះ ក៏​គួរតែ​ចៀសវាង​ដើម្បី​ការពារ​មិន​ឲ្យ​កើត​គ្រោះថ្នាក់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ