ខេត្តប៉ៃលិន ៖ មានសេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីវេលាម៉ោង0១និង០០នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ កម្លាំងនៃការិយាល័យស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី បានចុះធ្វើការឃាត់ខ្លួនជនជាតិថៃចំនួន១នាក់ ដែលមានឈ្មោះ ផុនតេប ឆាដាផាត (Phontep Chadaphat) ភេទប្រុស អាយុ៣៣ឆ្នាំ ជារកសិករ រស់នៅខេត្តណាខោនរាជស៊ីម៉ា ប្រទេសថៃ ដែលការឃាត់ខ្លួននេះបានធ្វើនៅចំណុចភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពីបទលួចឆ្លងដែនដោយខុសច្បាប់តាមច្រកទ្វារអន្តរជាតិក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា ជនបរទេសជាជនជាតិថៃខាងលើរូបនេះ បានលួចឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជា កាលពីប៉ុន្មានថ្ងៃមុន អត់មានលិខិតឆ្លងដែនត្រឹមត្រូវនោះទេ ដោយបានបន្តដំណើរថ្មើជើងតាមផ្លូវជាតិលេខ៥៩ ក្នុងទិសដៅពីជើងទៅត្បូង រហូតមកដល់ខេត្តប៉ៃលិន រួចក៏បានស្នាក់នៅតាមវត្តអារាមតាមព្រំដែន អស់រយៈពេលចំនួន៥ថ្ងៃមកហើយ ។ លុះបន្ទាប់ពីបានទទួលដំណឹងពីប្រជាពលរដ្ឋថាជនជាតិថៃខាងលើអត់មានលិខិតឆ្លងដែនត្រឹមត្រូវ ទើបសមត្ថកិច្ចនគរបាលក៏បានធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ បច្ចុប្បន្នសមត្ថកិច្ចជំនាញកុំពុងសួរនាំបន្ត ដើម្បីអនុវត្តន៍តាមនីតិវិធី ៕
ចែករំលែកព័តមាននេះ