រាជធានីភ្នំពេញ ៖ រថយន្តក្រុងមួយគ្រឿងរវល់តែនិយាយទូរស័ព្ទខ្វះការប្រុងប្រយ័ត្នក៏បើកទៅបុករនាំងដែកដែលគេដាក់បាំងមិនឲ្យរថយន្តធន់ធំ និងរថយន្តដែលមានកម្ពស់ចាប់ពីបីម៉ែត្រឡើងទៅបើកឆ្លងកាត់បណ្តាលឲ្យរងការខូចខាត ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចគល់ស្ពានអាកាសសាងសងថ្មីស្តុបផ្សារដីហុយផ្នែកខាងកើត តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តក្រុងមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ប្រផេះ ជាប្រភេទរថយន្ត៤៥កៅអី របស់ក្រុមហ៊ុន GIANT IBIS ពាក់ស្លាកលេខ AT18 3-0350 ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិចនិងក្នុងល្បឿនលឿនមធ្យម ។ លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើក៍បានបើកឡើងស្ពានអាកាស បុករនាំងដែកដែលគេដាក់បាំងនៅគល់ស្ពានអាកាសសម្រាប់ហាមមិនឲ្យរថយន្តធន់ធំ និងរថយន្តដែលមានកម្ពស់៣ម៉ែត្រឡើងទៅបើកឆ្លងកាត់ស្ពាន បណ្តាលឲ្យនាំងដែកបាក់ដាច់ជាប់នៅលើដំបូលរថយន្ត ចំណែកឯរថយន្តរងការខូចខាតបន្តិចបន្តួច ហើយនៅក្នុងហេតុការណ៍ខាងលើ គឺមិនបណ្តាលឲ្យមានអ្នកទទួលរងរបួសនេះទេ ។

តាមអ្នកបើកបររថយន្តបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានបើករថយន្តក្រុងខាងលើទើបតែចេញមកពីដាក់ភ្ញៀវចុះនៅម្តុំផ្សាររាត្រី ហើយបំណងបើកទៅយករថយន្តទៅទុកនៅយានដ្ឋាននៅក្បែរនឹងកន្លែងកើតហេតុ ។ លុះមកដល់ចំណុចកើតហេតុដោយសារតែគាត់រវល់តែលើកទូរស័ព្ទយកមកនិយាយទើបបង្កឲ្យជ្រុលទៅបុករនាំងដែកដែលនៅគល់ស្ពានខាងលើតែម្តងទៅ ។
គួរបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលមានរថយន្តក្រុងបើកទៅបុករនាំងដែកដែលដាក់បាំងសម្រាប់ហាមកុំឲ្យរថយន្តធន់ធំ និងរថយន្តដែលមានកម្ពស់លើពីបីម៉ែត្រឡើងទៅបើកឆ្លងកាត់ស្ពាន ។ ព្រោះពេលកន្លងមកកាលពីព្រឹកថ្ងៃទី១២ ខែមេសា ក៏មានរថយន្តក្រុងរបស់ក្រុមហ៊ុនឯកជនមួយគ្រឿងបានបើកទៅបុករនាំងដែកដូចករណីខាងលើដែរ ។

ក្រោយនពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកនាំយករថយន្តក្រុងខាងលើរួមទាំងអ្នកបើកបររថយន្តទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយ ៕
ចែករំលែកព័តមាននេះ