ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនាញ​ផ្នែក​គីមី​ចំណីអាហារ និង​មាន​ទីផ្សារ​ការងារ​ខ្ពស់​នា​ពេល​អនាគត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ខណៈ​ពេល​ប្រទេស​ជាតិ​កំពុង​អភិវឌ្ឍន៍ ហើយ​ពលរដ្ឋ​កំពុង​បារម្ភ​ពី​សុវត្ថិភាព​លើ​ការ​ប្រើប្រាស់​ផលិតផល និង​ចំណីអាហារ អ្នកជំនាញ​មើលឃើញ​ថា និស្សិត​រៀន​ជំនាញ​ផ្នែក​គីមី​ចំណីអាហារ នឹង​មានឱកាស​ទីផ្សារ​ការងារ​ល្អ ខណៈ​ដែល​សហគ្រាស​ផលិត​ក្នុងស្រុក​ចាប់ផ្តើម​រីក​ចម្រើន ហើយ​ក្រុមហ៊ុន​បរទេស​ក៏​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​មាន​កំណើន​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ខណៈ​ពេល​ប្រទេស​ជាតិ​កំពុង​អភិវឌ្ឍន៍ ហើយ​ពលរដ្ឋ​កំពុង​បារម្ភ​ពី​សុវត្ថិភាព​លើ​ការ​ប្រើប្រាស់​ផលិតផល និង​ចំណីអាហារ អ្នកជំនាញ​មើលឃើញ​ថា និស្សិត​រៀន​ជំនាញ​ផ្នែក​គីមី​ចំណីអាហារ នឹង​មានឱកាស​ទីផ្សារ​ការងារ​ល្អ ខណៈ​ដែល​សហគ្រាស​ផលិត​ក្នុងស្រុក​ចាប់ផ្តើម​រីក​ចម្រើន ហើយ​ក្រុមហ៊ុន​បរទេស​ក៏​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​មាន​កំណើន​ផង​ដែរ ។

នាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លី​លី លោកស្រី កែវ មុំ មើលឃើញ​ថា និស្សិត​ដែល​រៀន​ជំនាញ​ផ្នែក​គីមី​ចំណីអាហារ នៅ​ពេល​ខាង​មុខ នឹង​មានឱកាស​ទីផ្សារ​ល្អ ពីព្រោះ​អ្នក​ទាំងនោះ​ជា​ធនធាន​សំខាន់​សម្រាប់​សហគ្រាស ស្រប​ពេល​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ទូ​ទាំង​ពិភពលោក កំពុង​គិត​អំពី​សុខភាព មុន​នឹង​ជ្រើសរើស​ផលិតផល​អ្វីមួយ​មក​ប្រើប្រាស់ ។

លោកស្រី​គូសបញ្ជាក់​ថា ៖« អ្នកមាន​ជំនាញ​ខាង​គីមី​ចំណីអាហារ​នេះ គាត់​មាន​តួនាទី​សំខាន់​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​ការ​ផលិត​។ បើ​គ្មាន​ធនធានមនុស្ស​ដែល​មានចំណេះ​ដឹង​ក្នុង​ការ​ប្រើប្រាស់ និង​ទុកដាក់​គីមី​ចំណីអាហារ​ទេ ផលិតផល​របស់​គាត់​អាច​ខូច និង​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ។ ដូចនេះ អ្នក​ផលិត​ដាច់ខាត​ត្រូវ​ប្រើ​បុគ្គលិក​ជំនាញ​ខាង​គីមី​ចំណីអាហារ​ហ្នឹង ដើម្បី​ជួយ​គ្រប់គ្រង​លើ​គុណភាព​ចំណីអាហារ » ។
បើ​តាម​ក្រុម​និស្សិត​កំពុង​រៀន​ជំនាញ​គីមី​ចំណីអាហារ​នៅ​ឆ្នាំ​ទី​១ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា កម្ពុជា បានឱ្យ​ដឹង​ពី​ហេតុផល​ដែល​ពួក​គេ​ជ្រើស​រើសមុខ​ជំនាញ​នេះ​ថា ដោយសារ​តែ​ចង់​ចូលរួម​ផលិត​ចំណីអាហារ​ក្នុងស្រុក​ឲ្យ​មានគុណ​ភាព និង​កាត់​បន្ថយ​ការ​នាំ​ចូល​ផលិតផល​ពី​ប្រទេស​ជិតខាង ។

កញ្ញា សុង សុភា​ជ និស្សិត​ឆ្នាំ​ទី​១​ដែល​សិក្សា​ជំនាញ​នេះ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បានឱ្យ​ដឹង​ថា ៖« ការ​សម្រេច​ចាប់​យក​ជំនាញ​មួយ​នេះ ដោយសារ​ខ្ញុំ​ចង់​ពង្រឹង​ការ​ផលិត​អាហារ​នៅ​ក្នុង​ប្រទេស ព្រោះ​កម្ពុជា​នាំ​ចូល​អាហារ​ភាគច្រើន​មក​ពី​ក្រៅប្រទេស ពិសេស​នាំ​មក​ពី​ប្រទេស​ជិតខាង ដែល​ពុំ​សូវ​មាន​សុវត្ថិភាព ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ » ។

កញ្ញា​ថា ៖« ពេល​យើង​រៀន​ចេះ​ជំនាញ​នេះ គឺ​អាច​ពិនិត្យ​ដឹង​អាហារ​ទាំងនោះ​មាន​សារធាតុ​គីមី ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​យើង ហើយ​មាន​សារធាតុ​អ្វី​ផ្សេង​ជួយ​ផ្តល់​ថាមពល​នៅ​ពេល​យើង​បរិភោគ​រួច » ។
ស្រ​ដៀង​គ្នា​នេះ​ដែរ កញ្ញា ភី នី​កា បាន​ឲ្យ​ដឹង​ដែរ​ថា ៖« ទាក់ទង​នឹង​អាហារ​សព្វថ្ងៃ អត់​សូវ​មាន​ផលិតផល​ជា​របស់​ខ្លួនឯង​ផ្ទាល់​នោះ​ទេ គឺ​ភាគច្រើន​នាំ​ចូល​មក​ពី​ប្រទេស​គេ​។ ការ​នាំ​ចូល​នេះ យើង​អត់​អាច​វាយតម្លៃ​បាន​ថា គុណភាព​យ៉ាងម៉េច​ទេ ។ អីចឹង​ហើយ​បើ​កូន​ខ្មែរ​អាច​បង្កើត​បាន​ដោយ​ខ្លួនឯង យើង​អាច​ដឹង​អំពី​ការ​ប្រើប្រាស់ ដឹង​អំពី​គុណភាព ពេល​ពលរដ្ឋ​ប្រើ មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព » ។

និស្សិត​រូប​នេះ​លើក​ឡើង​ថា ៖« ពេល​ដែល​យើង​សិក្សា​បាន​ច្បាស់ នៅ​ថ្ងៃ​អនាគត ពួក​ខ្ញុំ​នឹង​អាច​ធ្វើ​វា​បាន​យ៉ាង​ល្អ និង​បង្កើត​ផលិតផល​បាន​ច្រើន​ដើម្បី​បង្កើន​ដល់​សេដ្ឋកិច្ចជាតិ និង​ចូលរួម​កាត់​បន្ថយ​ការ​នាំ​ចូល ជំនួស​ទៅ​វិញ​ដោយ​ការ​នាំ​ចេញ​ឱ្យ​បាន​ច្រើន​ជាង​មុន ហើយ​រំពឹង​ថា សុខភាព​របស់​ពលរដ្ឋ​យើង​នឹង​លែង​ជួប​ផល​ប៉ះពាល់​ទៀត​ហើយ ដោយសារ​ពួក​យើង​រួមគំនិត​គ្នា​ជួយ​កាត់​បន្ថយ​ជាតិ​គីមី​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព » ។

អគ្គនាយក​វិទ្យាស្ថាន​ស្តង់ដា​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ចាន់ បូ​រិ​ន្ទ មាន​ប្រសាសន៍​ថា ៖« សព្វ​ថ្ងៃនេះ ពលរដ្ឋ​អត់​សូវ​មានការ​យល់​ដឹង​ច្រើន​ទេ ដោយសារ​ជីវភាព​ពលរដ្ឋ​យើង​នៅ​ក្រីក្រ តែ​អ្នកមាន​ជីវភាព​ធូរធារ គេ​រក​របស់​ល្អ​មក​ប្រើ ។ អ្នកមាន​ជីវភាព​ខ្សត់ខ្សោយ ឬ​ល្មម​ៗ គាត់​រក​របស់​ដែល​មាន​តម្លៃ​ថោក​យក​មក​ប្រើប្រាស់ ហើយ​របស់​ថោក​នេះ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ » ។
លោក​បន្ត​ថា សព្វ​ថ្ងៃនេះ សិប្បកម្ម ឬ​សហគ្រាស​ផលិត​ម្ហូបអាហារ​ក្នុងស្រុក​ឃើញ​ថា មានការ​រីក​ចម្រើន​ជាង​ពេល​មុន​ៗ ហើយ​មាន​ផលិតផល​ខ្លះ​អាច​ប្រកួតប្រជែង​ជាមួយ​ផលិតផល​នាំ​ចូល​ពី​ក្រៅ​បាន​ថែម​ទៀត បន្ទាប់​ពី​ឆ្លងកាត់​ការ​ត្រួតពិនិត្យ និង​បាន​ចុះបញ្ជី​ផលិតផល​(​ចប​ផ​)​នៅ​ក្រសួង ។

លោក​អគ្គនាយក​យល់​ថា ៖« បន្ទាប់​ពី​ប្រទេស​យើង​ចូល​ជា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន មក អ្នក​វិនិយោគ​ក៏​ចូល​មក​ច្រើន ពលរដ្ឋ​មាន​ជីវភាព​គ្រាន់បើ ហើយ​សិប្បកម្ម​រីក​ចម្រើន ខ្ញុំ​ជឿ​ថា និស្សិត​ដែល​រៀន​ជំនាញ​គីមី​ចំណីអាហារ​នេះ នៅ​ពេល​ខាង​មុខ នឹង​មាន​ក្រុមហ៊ុន​ត្រូវការ​ច្រើន ដោយសារ​យើង​បាន​ចូល​ជា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ហើយ​កសិផល​ដែល​ត្រូវ​កែ​ច្នៃ​វេច​ខ្ចប់​នាំ​ចេញ ក៏​អាច​នឹង​ច្រើន ខណៈ​ដែល​វិនិយោគិន​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុ​ជាមួយ​ចំនួន​ចាប់ផ្តើម​សិក្សា​ពី​កម្ពុជា » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ