ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​គ្រោង​នឹង​ដំណើរការ ​SME Bank ​នៅ​ឆ្នាំ​២០១៩

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​បង្កើត​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​រដ្ឋ (SME Bank) ដែល​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​កាលពី​អំឡុង​ខែធ្នូ​ឆ្នាំ​មុន…

រាជធានី​ភ្នំពេញ ៖ គម្រោង​បង្កើត​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​រដ្ឋ (SME Bank) ដែល​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​កាលពី​អំឡុង​ខែធ្នូ​ឆ្នាំ​មុន ពេល​នេះ ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អះអាង​ជា​ថ្មី​ថា កំពុង​រៀបចំ​ក្របខ័ណ្ឌ​ទស្សនទាន​ដើម្បី​បង្កើត​ធនាគារ​នេះ​ឡើង ហើយ​គ្រោង​នឹង​ដាក់​ឲ្យ​ប្រតិបត្តិការ​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៩​ខាង​មុខ ។

ការ​អះអាង​បែប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​វេទិកាសាធារណៈ​ស្ដី​ពី សេដ្ឋកិច្ច​កម្ពុជា សមិទ្ធកម្ម និង​ទស្សនវិស័យ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ មីនា នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ថា សព្វ​ថ្ងៃនេះ សហគ្រាស​ធុន​តូច និង​មធ្យម មាន​បញ្ហា​ធំ​៣​គឺ បញ្ហា​ថវិកា​, បញ្ហា​ការ​គ្រប់គ្រង ដូច​ជា ខ្វះ​ការ​គ្រប់គ្រង​គណនេយ្យ និង​រចនាសម្ព័ន្ធ​គ្រប់គ្រង ជាដើម ហើយ​បញ្ហា​ទី​៣ គឺ​បច្ចេកវិទ្យា ។

លោក​បន្ដ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ទីផ្សារ​ហិរញ្ញវត្ថុ​តាម​រយៈ​ធនាគារ រដ្ឋ​បាន​លូកដៃ​ចូលរួម​ដោះស្រាយ​ដោយ​បង្កើត​SME Bank ដែល​គ្រោង​នឹង​ដំណើរការ​នៅ​ឆ្នាំ​២០១៩​ខាង​មុខ ដែល​មាន​ទុន​១០០​លាន​ដុល្លារ គឺជា​ទុន​ផ្ទាល់ខ្លួន ហើយនឹង​ទុន​ផ្សេង​ទៀត​ដែល​ខ្ចី​ពី​គេ ដូច​ជា ខ្ចី​ពី​ទីផ្សារ​មូល​ប​ត្រ​, ខ្ចី​ពី​ធនាគារ ឬ​ស្ថាប័នហិរញ្ញវត្ថុ តាម​រយៈ​ការ​គាំទ្រ​របស់​រដ្ឋ ហើយនឹង​ការ​ប្រមូល​ឥណទាន​ពី​ធនាគារ​ផ្សេង​ៗ ។
លោក​ថ្លែង​ថា ៖« យើង​កំពុង​តែ​រៀបចំ​ក្របខ័ណ្ឌ​ទស្សនទាន​ស្ដី​ពី​ការ​បង្កើត​ធនាគារ​នេះ ។ វា​ជា​ធនាគារ​ដែល​មាន​លក្ខណៈ​ចម្រុះ មាន​ន័យ​ថា​វា​ដើរតួ​នាទី​ជា​ធនាគារពាណិជ្ជ​ផង និង​ធនាគារ​គោលនយោបាយ​ផង ដើម្បី​ធ្វើ​ហិរញ្ញប្បទាន​ដល់​វិស័យ​SMEs ជួយ​ដោះស្រាយ​ការ​បរាជ័យ​ទីផ្សារ » ។

លោក​បន្ដ​ថា ការ​បង្កើត​SME Bank នេះ យើង​ធ្វើ​ជា​កញ្ចប់ ហើយ​យើង​ត្រូវ​សិក្សា​ដែរ​ថា តើ​ផលិតផល​អ្វីខ្លះ​ដែល​SMEs ត្រូវការ ហើយ​គោលដៅ​របស់​យើង​គឺ​SMEs ទាំង​វិស័យ​កសិកម្ម​, ឧស្សាហកម្ម និង​សេវាកម្ម​។ លោក​ថា ៖« វិស័យ​កសិកម្ម យើង​ផ្ដោត​លើ​ផលិតកម្ម​នាំ​ចេញ និង​អ្នក​កែ​ច្នៃ ជាដើម ។ ចំណែក​ឧស្សាហកម្ម យើង​សម្លឹង​សហគ្រាស​មួយ​ចំនួន​ដែល​បាន​ផ្សារ​ភ្ជាប់​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​បរទេស​(FDI)​ដែល​មាន​ទីផ្សារ​នាំ​ចេញ​រួច​ជា​ស្រេច ។ បន្ថែម​លើស​នេះ គឺ​ផ្ដោត​លើ​សហគ្រាស​ដែល​មាន​គោលដៅ​កាត់​បន្ថយ​ការ​នាំ​ចូល​។ ចំណែក​ផ្នែក​វិស័យ​សេវាកម្ម​វិញ គឺ​ផ្ដោត​លើ​Start up ជាដើម ដែល​សុទ្ធ​សឹង​ជា​មុខសញ្ញា​ដែល​យើង​ត្រូវ​គិតគូរ » ។

« ធនាគារ​នេះ ក៏​មាន​តួនាទី​កៀរគរ​ប្រភព​ទុន​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ហិរញ្ញប្បទាន​ដល់​វិស័យ​SME​ដែល​យើង​ចង់បាន ។ បន្ថែម​ជាង​នេះ រាជរដ្ឋាភិបាល​បាន​បង្កើត​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ដើម្បី​ជួយ​SME​នេះ​តែ​ម្ដង ហើយ​នៅ​ឆ្នាំ​ក្រោយ នឹង​បង្កើត​មូលនិធិ​មួយ​បន្ថែម​ទៀត​មានឈ្មោះ​ថា មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព ដើម្បី​ជួយ​ដល់​សហគ្រិន​វ័យក្មេង​ដែល​ទើបនឹង​ងើបឡើង​ដូច​ជា ផ្ដល់​ជា​គន្លឹះ ឬ​រៀបចំ​បណ្ដុះបណ្ដាល ជាដើម ។ ក្រៅពី​នេះ យើង​ត្រូវ​គិតគូរ​ដល់​ពួក​គាត់​ពី​បញ្ហា​ឡូ​ជី​ស្ទីក​, ថ្លៃ​អគ្គិសនី​, បញ្ហា​ពន្ធដារ​ជាដើម​»​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​លោក​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក​បណ្ឌិត ខូ​វ មក​រា បាន​ថ្លែង​ថា វិស័យ​SMEs​កម្ពុជា ជា​អ្នក​បង្កើត​ការងារ និង​ជំរុញ​ការ​នាំ​ចេញ ប៉ុន្ដែ​ដើម្បី​ឲ្យ​វិស័យ​នេះ​រីក​លូតលាស់ និង​ឈាន​ទៅ​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​បាន វិស័យ​នេះ​ត្រូវ​តែ​អភិវឌ្ឍន៍​ខ្លួន និង​ផ្សារ​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​ជា​ចាំបាច់ ដើម្បី​បញ្ជ្រាប​ផលិតផល​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​តាម​រយៈ​វិស័យ​ICT នេះ ព្រោះ​អ្វី​ៗ​នឹង​មាន​និន្នាការ​ទៅ​រក​ឌី​ជី​ថ​ល​ទាំងអស់ ។
ទោះបី​យ៉ាងណា លោក​មើលឃើញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​វិស័យ​នេះ នៅ​មាន​កម្រិត​តិចតួច​នៅឡើយ ខណៈ​ម្ចាស់​សហគ្រាស​មួយ​ចំនួន​ចេះ​ប្រើ​បច្ចេកវិទ្យា​ត្រឹមតែ​មើល​Youtube និង​ហ្វេ​ស​ប៊ុ​ក​ប៉ុណ្ណោះ ។

លោក​បណ្ឌិត​ថ្លែង​ថា ៖« ក្នុង​បរិបទ​សព្វ​ថ្ងៃនេះ ប្រសិនបើ​អ្នក​មិន​ចាប់​យក​បច្ចេកវិទ្យា​ទេ អ្នក​នឹង​ស្លាប់​, If you don’t go to digital, You will die » ។
ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន​Emerging Markets Consulting លោក ង៉ែត ជូ បាន​ថ្លែង​ថា គោល​គំនិត​នៃ​ការ​បង្កើត​ធនាគារ​SME​របស់​រាជរដ្ឋាភិបាល​ជា​រឿង​ល្អ ដើម្បី​ជួយ​ឲ្យ​វិស័យ​នេះ​មាន​ភាពរឹងមាំ និង​រីក​ចម្រើន ដោយសារ​បច្ចុប្បន្ន​មិន​ទាន់​មាន​ធនាគារ ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ណាមួយ​មាន​ឯកទេស​ផ្តល់​ឥណទាន​ដល់​វិស័យ​នេះ​នៅឡើយ​ទេ ។
លោក​បន្ត​ថា យ៉ាងណា​ក៏​ដោយ វា​ទាមទារ​ឲ្យ​មាន​យន្តការ រចនាសម្ព័ន្ធ​ច្បាស់លាស់ ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ​នេះ ។

លោក​បន្ត​ថា ៖« ទោះជា​យ៉ាងណា ខ្ញុំ​គិត​ថា ទុន​វិនិយោគ​១០០​លាន​ដុល្លារ​ដើម្បី​បង្កើត​ធនាគារ​នេះ​មិន​គ្រប់គ្រាន់​ទេ ធនាគារ​នេះ​គួរ​មាន​ទុន​រហូត​ដល់​៥០០​ទៅ​១​ពាន់​លាន​ដុល្លារ តែ​យ៉ាងណា វា​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ » ។
គួរ​រំលឹក​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៧ ថា​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បង្កើត​ធនាគារ​ថ្មី​មួយទៀត​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ផ្តល់​ឥណទាន​បង្កើន​ការ​ផលិត និង​បង្កើត​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន ដែល​ចាប់ផ្តើម​ពី​ដើមទុន​១០០​លាន​ដុល្លារ​អា​មេ​រិ​ក ។

គ្រានោះ​សម្ដេច​សង្កត់ធ្ងន់​ថា ៖« មិន​ទាន់​មានការ​សម្រេច​ជា​ផ្លូវការ​ជា​លាយលក្ខណ៍អក្សរ​នៅឡើយ​ទេ ក៏​ប៉ុន្តែ​នាយក​រដ្ឋមន្ត្រី​ដែល​និយាយ​បែប​នេះ​ហើយ គឺ​មិន​អាច​ដកថយ​បាន​ឡើយ »​។
សម្តេច​ក៏​បាន​ចាត់​ទុក​ការ​បង្កើត​ធនាគារ​នេះ គឺ​បង្ហាញ​ពី​ការ​ជំរុញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រឹងប្រែង​បង្កើត​ឲ្យ​មានមុខ​របរ និង​បង្កើត​ឲ្យ​មានការ​ងារ​ធ្វើ​កាន់តែ​ច្រើន​ថែម​ទៀត សម្រាប់​ប្រជាជន​កម្ពុជា ហើយ​ជា​ពិសេស គឺជា​ការ​ជំរុញ​ឲ្យ​មានការ​ផលិត​នូវ​ផលិតផល​ក្នុងស្រុក​កាន់តែ​ច្រើន ដើម្បី​បម្រើ​ដល់​សេចក្តី​ត្រូវការ​របស់​ប្រជាជន និង​ជំរុញ​ការ​នាំ​ចេញ​ផង​ដែរ ។

គួរ​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន កម្ពុជា​មាន​សហគ្រាស​ធុន​តូច និង​មធ្យម​ប្រមាណ​៥២​ម៉ឺន​កន្លែង​នៅ​ទូ​ទាំង​ប្រទេស ដែល​កំពុង​ផ្ដល់ និង​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​រាប់​សិប​ម៉ឺន​នាក់ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ