ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​បារាំង​ព្រមាន​លោក​ត្រាំ

6 ឆ្នាំ មុន

ទីក្រុង​ព្រុ​ច​សែ​ល ៖ លោក​ប្រធានាធិបតី​ប្រទេស​បារាំង Emmanuel Macron នឹង​ឆ្លើយ​តប​ដោយ​មិន​បង្ហាញ​ភាព​ទន់ខ្សោយ ទៅ​កាន់ការ​គំរាមកំហែង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អា​មេ​រិ​ក ។ លោក Macron…

ទីក្រុង​ព្រុ​ច​សែ​ល ៖ លោក​ប្រធានាធិបតី​ប្រទេស​បារាំង Emmanuel Macron នឹង​ឆ្លើយ​តប​ដោយ​មិន​បង្ហាញ​ភាព​ទន់ខ្សោយ ទៅ​កាន់ការ​គំរាមកំហែង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អា​មេ​រិ​ក ។

លោក Macron បាន​និយាយ​នៅ​កិច្ចប្រជុំ​អ្នកដឹកនាំ​ក្នុង​សហភាព​អឺរ៉ុប (EU) ក្នុង​រដ្ឋធានី​ព្រុ​ច​សែ​ល ប្រទេស​បែ​ល​ហ្ស៊ិ​ក ថា ៖« EU ត្រូវ​តែ​មានការ​ឯកភាព និង​ការ​ប្តេ​ជា្ញ ប្រសិន​បើ​យើង​ត្រូវ​បាន​គេ​វាយប្រហារ ហើយ​យើង​នឹង​ឆ្លើយ​តប​ផង​ដែរ » ។

លោក​បន្ត​ថា ៖« ពួក​យើង​នឹង​ចរចា​ជាមួយ​ប្រទេស​ដែល​គោរព​ច្បាប់ WTO ។ ប៉ុន្តែ​គ្មាន​អ្វី​អាច​ដោះស្រាយ​បាន​ទេ នៅ​ពេល​មានការ​ភ្ជង់​កាំភ្លើង​លើ​ក្បាល​របស់​ពួក​យើង » ។

ការ​លើក​ឡើង​របស់​អ្នកដឹកនាំ​បារាំង​រូប​នេះ បន្ទាប់​ពី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក លោក​​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​អនុញ្ញាត​ឲ្យ​ពន្យារពេល​ការ​ដាក់​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម​នាំ​ចូល​ពី​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ៗ ប៉ុន្តែ​រហូត​ដល់​ថ្ងៃ​ទី​១ ខែឧសភា ប៉ុណ្ណោះ ។

ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប លោក Jean-Claude Juncker និយាយ​ថា ៖« សម្រាប់​ខ្ញុំ កាលបរិច្ឆេទ​នេះ​មិន​សម​ហេតុ​សម​ផល​ទេ ព្រោះ​ពួក​យើង​មាន​បញ្ហា​ដ៏​ធំ​សម្រាប់​ការ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក » ។

ជាមួយ​គ្នា​នេះ អ្នកដឹកនាំ​ក្នុង EU បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ក្រុម​ប្រទេស​ទាំង​១៨ នឹង​រក្សា​សិទ្ធិ​របស់​ខ្លួន​ស្រប​តាម​ច្បាប់ WTO ដើម្បី​ឆ្លើយ​តប​នឹង​វិធានការ​របស់​សហរដ្ឋអាមេរិក ក្នុង​លក្ខណៈ​សមរម្យ និង​សមាមាត្រ ។

រហូត​មក​ដល់​ពេល​នេះ មាន​តែ​ប្រទេស​អា​ហ្ស​ង់​ទី​ន​, អូស្ត្រាលី​, ប្រេ​ស៊ី​ល​, កា​ណា​ដា​, ម៉ិ​ក​ស៊ិ​ក និង​កូរ៉េ​ខាងត្បូង​ប៉ុណ្ណោះ ដែល​ទទួល​បានការ​អនុញ្ញាត​ឲ្យ​រួច​ផុត​ពី​ការ​ដាក់​ពន្ធ​នេះ។

លោក​ត្រាំ បាន​និយាយ​ក្នុង​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ៖« យើង​កំពុង​តែ​ចាប់ផ្តើម​ការ​ចរចា​ជាមួយ​សហភាព​អឺរ៉ុប ព្រោះ​ពួក​គេ​បិទទ្វារ​ជាមួយ​យើង​យ៉ាង​ខ្លាំង ដោយ​ពួក​គេ​មាន​ឧបសគ្គ​ពាណិជ្ជកម្ម​ពន្ធ​យ៉ាង​ខ្ពស់ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ