ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់លោកអ្នកប្រព្រឹត្តអើយ មានដឹងថាខ្លួនឯងឃោរឃៅខ្លាំងប៉ុណ្ណា​ទេ?

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ទន្សោង​ឈ្មោល​១​ក្បាល​រស់នៅ​ក្នុង​ព្រៃ​សហគមន៍​ប្រាំបី​មុម ត្រូវ​បាន​គេប្រទះ​ឃើញ​រង​របួស ហើយ​ប្រជា​សហគមន៍ ​ក៏បាន​រាយការណ៍​ទៅ​ថ្នាក់លើ​ ដើម្បី​អន្តរាគមន៍​ជួយ​ព្យាបាល ។ ប៉ុន្តែ​ក្រុម​គ្រូ​ពេទ្យ​មិន​ទាន់​ទៅ​ដល់ផង ក្រុម​ព្រានព្រៃ​ក៏​នាំ​គ្នា​លបចូល​ទៅ​កន្លែង​ទន្សោង​របួស​នោះ…

ខេត្តកំពង់ស្ពឺ ៖ ទន្សោង​ឈ្មោល​១​ក្បាល​រស់នៅ​ក្នុង​ព្រៃ​សហគមន៍​ប្រាំបី​មុម ត្រូវ​បាន​គេប្រទះ​ឃើញ​រង​របួស ហើយ​ប្រជា​សហគមន៍ ​ក៏បាន​រាយការណ៍​ទៅ​ថ្នាក់លើ​ ដើម្បី​អន្តរាគមន៍​ជួយ​ព្យាបាល ។ ប៉ុន្តែ​ក្រុម​គ្រូ​ពេទ្យ​មិន​ទាន់​ទៅ​ដល់ផង ក្រុម​ព្រានព្រៃ​ក៏​នាំ​គ្នា​លបចូល​ទៅ​កន្លែង​ទន្សោង​របួស​នោះ ពន្លះ​យក​សាច់​ស្មា​មុខ និង​​ភ្លៅ​ចែក​គ្នា រួច​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ ។

លោក​វរសេនីយ៍ឯក ហ៊ុន សុខ​ហុ​ន អធិការ​នគរបាល​ស្រុក​ថ្ពងបាន​ប្រាប់ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ​មីនា​ ថា តាម​ការ​ស្រាវជ្រាវទន្សោង​នេះ​ ត្រូវ​ក្រុម​ជនសង្ស័យ​បាញ់​កាលពី​យប់​ថ្ងៃ​ទី​២២ ខែមីនា នៅ​ចំណុច​ព្រៃ​សហគមន៍​ប្រាំបី​មុម ស្ថិត​ក្នុងស្រុក​ថ្ពង ។ លោក​អធិការ​បន្ត​ថា ទន្សោង​ឈ្មោល​នេះ ​ត្រូវ​បាន​ប្រជា​សហគមន៍​ប្រទះ​ឃើញ​​ដួល​នៅ​ក្នុង​ព្រៃ ដោយ​មាន​ស្នាម​របួស​ត្រូវ​គ្រាប់កាំភ្លើង​ ក៏រាយការណ៍​ប្រាប់​ទៅ​ខាង​រដ្ឋបាល​ព្រៃឈើ​ដើម្បី​អន្តរាគមន៍ ទៅ​ខាង​អភិរក្ស​សត្វព្រៃ​មក​ធ្វើការ​សង្គ្រោះ ។ ប៉ុន្តែ ពេល​ក្រុម​សមត្ថកិច្ច​ជំនាញ​ ព្រមទាំង​គ្រូពេទ្យ ធ្វើ​ដំណើរ​ទៅ​ដល់​ព្រៃ​សហគមន៍​នោះ មិនដឹង​ថា ​ក្រុម​ព្រានព្រៃ​លបចូល​ទៅ​ពន្លះ​ស្មា​មុខ​ និង​ភ្លៅ​ក្រោយ​តាំងពី​ពេល​ណា​ទេ ដោយ​បន្សល់​ទុក​តែ​ក្បាល​ និង​ដងខ្លួន​ប៉ុណ្ណោះ​ នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពី​ប្រទះ​ឃើញ​ដូច្នេះ ក្រុមការងារ​ចម្រុះ​ដែល​មាន​នគរបាល​ក្រសួងមហាផ្ទៃ​ចូលរួម​ផង​ដែរ​នោះ បាន​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត ព្រោះថា​ការ​បាញ់​សម្លាប់សត្វ​កម្រ​បែប​នេះ ​គឺជា​រឿង​ដែល​មិន​អាច​ព្រងើយកន្តើយ​បាន​ឡើយ ។ ប្រជា​សហគមន៍​ប្រាំបី​មុម​ជា​ច្រើន​នាក់ បាន​សម្តែង​នូវ​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់បង់​នូវ​សត្វ​កម្រ​ប្រភេទ​នេះ និង​សំណូមពរ​ដល់​សមត្ថកិច្ច​ធ្វើ​យ៉ាងណា​ ស្រាវជ្រាវ​ចាប់​ក្រុម​ព្រានព្រៃ​ទាំងនោះ​ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ​ឲ្យ​ខាង​តែ​បាន​ដោយ​កុំ​មានការ​អនុគ្រោះ​ឱ្យ​សោះ។

តាម​ព័ត៌មាន​ចុង​ក្រោយ​ក្រៅផ្លូវការ​ដែល​ភ្នា​ក់ងារ​យើង​ទទួល​បាន គឺ​នគរបាល​ក្រសួងមហាផ្ទៃ បាន​ឃាត់ខ្លួន​ជន​ ដែល​បាញ់​សម្លាប់សត្វ​ទន្សោង​នេះ​ បាន​ម្នាក់​ហើយ ។ ក្រោយ​ពី​ឃាត់ខ្លួន ក៏​បាន​នាំ​ទៅ​កាន់​ក្រសួងមហាផ្ទៃ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ។ លោក រ​ត្ន័ នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ថ្ពងនិយាយ​ថា នៅ​ក្នុង​ព្រៃ​សហគមន៍​ប្រាំបី​មុម​នេះ សព្វថ្ងៃ​មាន​ទន្សោង​រស់នៅ​ចំនួន​៣​ហ្វូង សរុប​ជាង​៥០​ក្បាល និង​បន្ត​ពូជ​នៅ​ក្នុង​ព្រៃ​សហគមន៍​មួយ​នេះ​ទៀត​ផង ។ មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ថ្ពង​បានឱ្យ​ដឹង​ថា រថយន្ត​២​គ្រឿង កាំភ្លើង​២​ដើម កែវឆ្លុះ​ ៤ដែល​ជា​របស់​ព្រានព្រៃ​មួយ​ក្រុម​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ដក​ហូត ។ ប្រភព​ព័ត៌មាន​ដដែល​បានឱ្យ​ដឹង​ទៀត​ថា ជនដែល​បាន​បាញ់​សម្លាប់​សត្វព្រៃ​នេះ​ឈ្មោះ សូ
ស៊ី​ណា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​អង្គ្រងឃុំ​ស្វាយ​រំពារ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​ ។

សមត្ថកិច្ច​បាន​ដកហូត​រថយន្ត​មួយ​គ្រឿង​ម៉ាក វី​ហ្គោ ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​២M-៧៤៣៥ សាច់​ទន្សោង​១២០​គីឡូក្រាម ជើង​មុខ​២ ភ្លៅ​ក្រោយ​១ ។ ជន​ឈ្មោះ សូ សុ​ី​ណា រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន
អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​បញ្ជូន​ទៅ​មន្ទីរ​បរិស្ថាន​ខេត្ត ។ ចំណែក​កងរាជអាវុធហត្ថ​ស្រុក​ថ្ពង មន្ត្រីរដ្ឋបាល​ព្រៃឈើ នគរបាល​ស្រុក និង​មន្ត្រី​បរិស្ថាន បាន​ចុះ​ធ្វើ​កំណត់ហេតុ​នៅ​កន្លែង​កើតហេតុ ដើម្បី​បំពេញ​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​តាម​នីតិវិធី ៕ ​

អត្ថបទសរសេរ ដោយ