អ្នកជំនាញ ៖ រថយន្តគ្មានអ្នកបើកបរនៅមិនទាន់មានសុវត្ថិភាព
លោកស្រី Mary Cummings សាស្ត្រាចារ្យនៅមហាវិទ្យាល័យ Duke University Pratt School of Engineering…
លោកស្រី Mary Cummings សាស្ត្រាចារ្យនៅមហាវិទ្យាល័យ Duke University Pratt School of Engineering…
លោកស្រី Mary Cummings សាស្ត្រាចារ្យនៅមហាវិទ្យាល័យ Duke University Pratt School of Engineering និងជានាយកមន្ទីរពិសោធន៍មនុស្សនិងភាពស្វយ័ត និយាយថា រថយន្តប្រើបច្ចេកវិទ្យាគ្មានអ្នកបើកបរ ត្រូវតែឆ្លងកាត់ការធ្វើតេស្តស្តង់ដាអាចទទួលយកបានសិន មុននឹងអនុញ្ញាតឲ្យបើកបរនៅលើផ្លូវ ។
លោកស្រី Cummings បានប្រាប់ CNBC នៅថ្ងៃអាទិត្យថា ៖« អ្នកមិនអាចទៅអាកាសយានដ្ឋាន និងហោះហើរក្នុងយន្តហោះ មានប្រព័ន្ធចុះចតស្វ័យប្រវត្តិថ្មី ដែលមិនបានសាកល្បងជាមុនទេ » ។
លោកស្រីបន្តថា ការធ្វើតេស្តតែម្យ៉ាងដូចៗគ្នាទៅលើរថយន្តគ្មានអ្នកបើកបរ គឺជាការអនុវត្តមួយដែលគ្មានសុវត្ថិភាព និងមានចន្លោះប្រហោងច្រើន ។ លោកស្រីថា ៖« ខ្ញុំបានលើកឡើងជាច្រើនលើកហើយថា រថយន្តប្រើបច្ចេកវិទ្យាគ្មានមនុស្ស គួរតែធ្វើតេស្តលើកាមេរ៉ារថយន្តជាមុន ។ តែអ្វីដែលខ្ញុំមិនគាំទ្រ គឺការធ្វើតេស្តនៅលើផ្លូវពិតៗ ហើយយកមនុស្សមកធ្វើតេស្ត » ។
កាលពីថ្ងៃចន្ទ រថយន្តគ្មានអ្នកបើកបររបស់ Uber បានបុកស្ត្រីម្នាក់អាយុ៤៩ឆ្នាំ ស្លាប់នៅផ្លូវក្នុងទីក្រុង Tempe រដ្ឋអារីហ្សូណា ។ ហេតុនេះ Uber បានសម្រេចចិត្តផ្អាកការធ្វើតេស្តរបស់ខ្លួននៅគ្រប់ទីកន្លែង ។
ប៉ុន្តែលោក Jim Scheinman ដៃគូគ្រប់គ្រងបង្កើតក្រុមហ៊ុនវិនិយោគលើទូរស័ព្ទចល័ត និងអ៊ីនធើរណេត Maven Ventures និយាយថា ការប្រើប្រាស់បច្ចេកវិទ្យានេះ នឹងជួយឲ្យសង្គមយើងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ លោកថា ៖« មនុស្សមួយចំនួនដែលមិនអាចបើកបររថយន្តបាន ដូចជា ជនពិការភ្នែក និងមនុស្សចាស់ នឹងអាចទទួលបានផលប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យានេះ » ។
លោក Bob Lutz អតីតអនុប្រធានក្រុមហ៊ុនផលិតរថយន្តអាមេរិក General Motors បានឯកភាពលើចំណុចដែលថា រថយន្តប្រើប្រាស់បច្ចេកវិទ្យាគ្មានអ្នកបើកបរ គឺមិនទាន់មានសុវត្ថិភាពលើផ្លូវថ្នល់នៅឡើយ ។ ប្រសិនបើបច្ចេកវិទ្យានេះវិវត្តន៍ទៅមុខកាន់តែប្រសើរ វានឹងអាចជួយការពារមិនឲ្យមានការបុកស្លាប់ដោយការធ្វេសប្រហែសរបស់អ្នកបើកបរជាមនុស្ស ។ លោកថា ៖« តៃកុងជាមនុស្សងាយនឹងបែកអារម្មណ៍ តែសម្រាប់បច្ចេកវិទ្យាស្វ័យប្រវត្តិរបស់រថយន្តវិញ វាមិនចេះបែកអារម្មណ៍ឡើយ » ។
លោកនៅតែជឿជាក់ថា ទោះបីជាបច្ចេកវិទ្យានេះមានចន្លោះប្រហោងធ្វើឲ្យមនុស្សស្លាប់ក្តី ប៉ុន្តែចំនួននេះនៅតិចជាងការស្លាប់ដែលបង្កឡើងដោយសារអ្នកបើកបរជាមនុស្សដែរ ។
តើអ្នកគិតយ៉ាងណាចំពោះបច្ចេកវិទ្យាថ្មីនេះ? តើអ្នកហ៊ានជិះនៅក្នុងរថយន្តប្រភេទនេះឬទេ ?
ចែករំលែកព័តមាននេះ