ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរ​ផលិត​ទឹកត្នោតជូរ​លក់​ទប់ទល់​ស្រា​បៀរ (មាន​វីដេអូ)

8 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មុខរបរ​ឡើងត្នោត​របស់​ប្រជា​កសិករ​ខ្មែរ ពុំ​មែន​ទើបតែ​មាន​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ គឺ​មាន​តាំងពី​បុរាណកាល​មកម៉្លេះ ដែល​ជា​មុខរបរ​មួយ​បន្តវេន​មក​ពី​ដូនតាពី​មួយ​ជំនាន់​ទៅ​មួយជំនាន់​។ អ្នក​ឡើងត្នោត​ខ្លះ​យក​ទឹក​រម្ងាស់​ផលិតជា​ស្ករត្នោត​លក់ រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ប៉ុន្តែ​វិធី​នេះ​ត្រូវ​ប្រើប្រាស់​ពេល​យូរ​និង​ចំណាយ​ថ្លៃ​លើ​ការ​ទិញ​អុស ឬ​ដើរ​រក​អុស​សម្រាប់​ដុត​រំងាស់​ទម្រាំ​បាន​ក្លាយ​ទៅ​ស្ករ គឺ​មានការ​នឿយហត់​ច្រើន ។

បើ​ប្រៀបធៀប​ការ​ផលិត​ជា​ទឹកត្នោតជូរ​លក់គឺ​មិនសូវ​មានការ​នឿយហត់​ដូច​អ្នក​ផលិត​ស្ករ​នោះ​ទេ ហើយ​ក៏​មិនបាច់​ចំណាយ​ទៅ​លើ​អុស​ដុត​អ្វី​ដែរ និង​អាច​រក​ប្រាក់​បាន​ងាយ​ស្រួល​ជាង ។

ទោះជា​បែប​ណា បញ្ហា​សំខាន់​នោះ​ការ​ផលិត​ទឹកត្នោតជូរ​ក៏​មាន​កម្រិត​ដែរ មិន​អាច​ផលិត​​ទាំងអស់​គ្នា​នោះ​ទេ ។ ប៉ុន្តែ​ការងារ​បែប​នេះ​គឺ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ជាយថា​ហេតុ ព្រោះ​ត្រូវ​ឡើង​ដើម​ត្នោត​ខ្ពស់​ៗ ហើយ​មានការ​ប្រថុយប្រថាន​នឹង​គ្រោះថ្នាក់​ច្រើន បើ​មានការ​ធ្វេសប្រហែស​តែ​បន្តិច ។ ដូច្នេះ​ហើយ​ទើប​កាលពី​សម័យ​អាណានិគម​បារាំង គេ​មិន​ចេញ «​កាត​ខ្មៅ​» ឱ្យ​ទេ​សម្រាប់​អ្នកមាន​របរ​ឡើងត្នោត ដោយ​គេ​យល់​ថា​ការ​ស្លាប់​មិន​ទៀង​នោះ​ទេ ។

យ៉ាងណា​ក៏​ដោយ សម្រាប់​តម្រូវការ​ទឹកត្នោតជូរ​សព្វថ្ងៃ​នេះ គឺ​មាន​ហាងឆេង​និង​ជាទី​ពេញ​និយម​សម្រាប់​អ្នក​ចូល​ចិត្ត​ទទួលទាន​ផងដែរ ព្រោះ​វា​ធូរ​ថ្លៃ គ្មាន​ជាតិ​គីមី​ដូច​ប្រភេទ​​គ្រឿង​ស្រវឹង​ផ្សេង​ទៀត​ឡើយ ហើយ​ផឹក​ទៅ​ស្រវឹង​ដូច​គ្នា​និង​មាន​រសជាតិ​ឆ្ងាញ់​ទៀត​ផង​។ ម្យ៉ាងទៀត​គេ​សង្កេត​ឃើញ​ថា មុខរបរ​លក់​ទឹកត្នោត​ជូរ​នេះ ពុំ​មែនមាន​តែ​នៅ​តាម​ស្រុក ខេត្ត​នានា​នោះ​ទេ នៅ​តាម​កន្លែង​មួយ​ចំនួន​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ក៏​មាន​អ្នកលក់​ទឹកត្នោតជូរ​ដែរ ដោយ​ពួក​គាត់​មិន​ខ្វល់​ពី​ការ​វាយលុក​ពី​សំណាក់​ស្រា​បៀរ​ដ៏​សម្បូរ​បែប​នោះ​ឡើយ ។

ពួក​គាត់​បាន​ចាប់​យកមុខ​របរ​មួយ​នេះ​ដោយ​រីករាយ ព្រោះ​លក់ដាច់​អាច​រក​ប្រាក់​កម្រៃ​បាន ទោះ​តិច​ក្តី​ច្រើន​ក្តី ។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ពួក​គាត់​ក៏​បាន​ត្អូញត្អែរ​ពី​បញ្ហា​ប្រឈម​ផ្សេង​ៗ​ដែរ ព្រោះ​មុខរបរ​នេះ​មិនមែន​ដូច​អ្នក​រកស៊ី​នៅ​លើ​ដី​ឡើយ គឺ​ឡើង​លើ​ទី​ខ្ពស់ ហើយ​បើ​នៅ​រដូវវស្សា​ប្រឈម​ខ្លាំង​ជាង​រដូវប្រាំង​ទៅ​ទៀត ។

មិនតែប៉ុណ្ណោះ កន្លង​មក​តែង​មាន​ពាក្យ​ច​ចាមអា​រ៉ា​ម​ថា ទឹកត្នោតជូរ​មាន​លាយ​ទឹក​ឬ​ទឹក​លាងអង្ករ​ជាដើម ប៉ុន្តែ​ការ​ពិត​មិនមែន​ដូច្នេះ​ទេ ។​ពាក្យ​ខាងលើ គឺជា​ការ​ឃោសនា​បំផ្លើស​​ក្នុង​គោល​បំណ​ង​បង្អាប់​អ្នកលក់​ទឹកត្នោតជូរ ដូច​ជា​ពួកគាត់​តែ​ប៉ុណ្ណោះ ។ ពួក​គាត់​មិន​បាន​ប្រើ​វិធី​ថោកទាប​ដូច​ការ​លើក​ឡើង​នោះ​ទេ ពួក​គាត់​ឡើងត្នោត​ច្រើន​ដើម ហើយ​អាច​ផលិត​ទឹកត្នោតជូរ​បាន​លើស​ពី​តម្រូវការ​របស់​អតិថិជន និង​ឈាន​ដល់​ការ​ផលិត​ជា​ទឹកខ្មេះ​លក់​បាន​ខ្លះ​ៗ​ថែម​ទៀត ។

ភ្នាក់ងារ​កោះសន្តិភាព បាន​សាកសួរ​អ្នកលក់​ទឹកត្នោតជូរ​ជា​ច្រើន​កន្លែង និង​បានដឹង​ថា អ្នក​ទាំងនោះ​ភាគច្រើន​គឺជា​អ្នក​ចំណាកស្រុក​ដែល​មក​ពី​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន មក​ប្រកប​របរ​នេះ​នៅ​រាជធានី​ភ្នំពេញ ។ ពួក​គាត់​មក​ពី​ខេត្តកំពង់ចាម ព្រៃវែង ស្វាយ​រៀង តាកែវ និង​កំពង់ស្ពឺ​ជាដើម ហើយ​ការ​ធ្វើ​ចំណាកស្រុក​ចូល​មក​ឡើងត្នោត​នៅ​ភ្នំពេញ​នេះ គឺ​ពួក​គាត់​អាច​លក់​ទឹកត្នោតជូរ​ដាច់​ខ្លាំង​ជាង​ការ​លក់ដូរ​នៅ​តាម​ភូមិ​ស្រុក​របស់​គាត់ ។

អ្នកស្រី ថា​ន់ សុខ​ម៉ាក់ ហៅ ស្រី​ម៉ី អាយុ​២៧​ឆ្នាំ មាន​ប្ដី​ឈ្មោះ ញ៉ឹ​ក វី អាយុ​៣៤​ឆ្នាំ មាន​កូន​ប្រុស​២​នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ និង​មាន​ទីលំនៅ​ក្នុងភូមិ​គុម្ពោត​ស្បូវ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល គឺជា​អ្នកលក់​ទឹកត្នោតជូរ​ម្នាក់​ក្នុង​ចំណោម​អ្នកលក់​ជា​ច្រើន​​ទៀត ។ គាត់​និយាយ​ថា អ្នកស្រី​និង​ស្វាមី​បានចាប់​យកមុខ​របរ​ឡើងត្នោត​ផលិត​ជា​ទឹកត្នោតជូរ​លក់​នេះ មាន​រយៈពេល​៧​ឆ្នាំ​មក​ហើយ​។ បច្ចុប្បន្ន បាន​ជួល​ដី​គេ​ធ្វើ​ជា​កន្លែង​លក់​ទឹកត្នោតជូរ​នៅ​ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំ​ព​ញ ។ ក្នុង​១​ថ្ងៃ​អ្នកស្រី​លក់​អស់​២​ប៊ីដុង​កាត់​មាត់ ឬ​ប្រមាណ​ជាង​៥០​លី​ត្រ ហើយ​បើ​នៅ​ថ្ងៃ​បុណ្យ​ឬ​ថ្ងៃ​ឈប់​សម្រាក​វិញ​អាច​លក់ដាច់់​ច្រើន​ជាង​នេះ​ទៀត ។ ចំណែក​តម្លៃ​វិញ​ក្នុង​១​លី​ត្រ​ត្រឹមតែ​១.០០០​រៀល​ប៉ុណ្ណោះ ខណៈ​ដែល​កន្លែង​ផ្សេង​លក់​១.៥០០​រៀល ថ្លៃ​ជាង​កន្លែង​អ្នកស្រី ។ ចំណែក​គ្រឿងក្លែម​មាន​ដូច​ជា កូន​ត្រឡ​ន​តន​បំពង កំពឹស​លីង លៀស​ហាល ងៀត​ត្រី​បបែល ។​ល​។

អ្នកស្រី ថា​ន់ សុខ​ម៉ាក់ និយាយ​ទៀត​ថា ប្ដី​គាត់​ឡើងត្នោត​ចំនួន​១៥​ដើម ដោយ​ក្នុង​១​ថ្ងៃ​ឡើង​២​ដង​គឺ​ពេល​ព្រឹក​ម្ដង និង​ពេល​ល្ងាច​ម្ដង ហើយ​មិន​បាន​យក​ទឹកត្នោត​មក​ចាក់​ធ្វើ​ជូរ​នៅ​ខាងក្រោម​ឡើយ គឺ​បំបៅ​មេ​នៅ​លើ​ដើម​តែ​ម្ដង​។ ចំពោះ​វិធី​ផលិត​ទឹកត្នោតជូរ​ដោយ​​ការ​បំបៅ​មេ​នៅ​លើ​ដើម​នោះ គឺ​ដាក់​មេ​នៅ​ក្នុង​បំពង់​ទឹកត្នោត​ហើយ​នៅ​ពេល​ទឹក​ត្នោត​ស្រក់​ចូល​បំពង់​ក៏​ក្លាយទៅជា​ទឹកត្នោតជូរ​តែ​ម្ដង ។ បន្ទាប់​មក ប្ដី​គាត់​ឡើង​ទៅ​ផ្ទេរ​និង​ដាក់ចុះ​យក​មក​លក់​ជា​ការ​ស្រេច ដែល​ធ្វើ​បែប​នេះ​មានការ​ងាយស្រួល និង​មាន​រសជាតិ​ឆ្ងាញ់​ជាង​ការ​ចាក់​ជូរ​នៅ​ខាងក្រោម និង​មាន​សម្រាប់​ដាក់​លក់​គ្រប់ពេល ប៉ុន្តែ​បើ​យក​ទឹកត្នោត​មក​ចាក់​ជូរ​នៅ​ខាងក្រោម​វិញ​ត្រូវ​ប្រើ​ពេល​៤​ទៅ​៥​ម៉ោង​ទើប​អាច​លក់​បាន ។

អ្នកលក់​ទឹកត្នោតជូរ​រូប​នេះ​បន្ត​ថា​៖ «​មុខរបរ​នេះ ទោះបីជា​កាក់កប​អាច​ផ្គត់ផ្គង់​ជីវភាព​ពិតមែន តែ​វា​ពិតជា​ប្រថុយប្រថាន​ណាស់​ព្រោះ​ប្តី​ខ្ញុំ​ត្រូវ​ឡើង​ដើម​ត្នោត​ខ្ពស់​ៗ​ជា​រៀង​រាល់ថ្ងៃ ហើយប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​គ្រប់ពេល បើសិនជា​មានការ​ធ្វេស​ប្រហែស​​តែ​បន្តិច​។ អ៊ី​ចឹ​ងសុំ​ឱ្យ​បងប្អូន​ជួយ​គាំទ្រ​ផង ព្រោះ​ជា​ផលិតផល​ធ្វើ​ឡើង​ដោយ​គ្មាន​ជាតិ​គីមី ហើយ​ប្រថុយ​ខ្លាំងណាស់​» ។ ទោះបីជា​អ្នកស្រី​ទទួលស្គាល់​ថា​ជា​ការ​ប្រថុយប្រថាន តែ​អ្នកស្រី​ក៏​មិន​បាន​បង្ហាញ​ពី​ចេតនា​ឬ​វិធី​ដើម្បី​បង្ការ​គ្រោះ​អកុសល​ណាមួយ​ដែល​អាច​នឹង​កើតឡើង​ជាយថាហេតុ​នោះ​ទេ ។

ចំណែក​រសជាតិ​នៃ​ទឹកត្នោតជូរ​វិញ​មាន​២ប្រភេទ​គឺ រសជាតិ​ជូរអែម​និង​រសជាតិ​ជូរ ហើយភ្ញៀវ​អាច​ទិញ​ផឹក​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន ។ ដោយឡែក មេ​ទឹក​ត្នោតជូរ​មាន​ភាព​ងាយស្រួល​និង​គ្មាន​ជាតិ​គីមី​យក​មក​ផលិត​ទេ គឺ​អ្នកស្រី​យក​ខ្លឹម​កកោះ​និង​សម្បក​ស្ដៅ​២​មុខ​នេះ​ផ្សំ​ធ្វើ​ជា​មេ​ទឹកត្នោតជូរ តែ​អ្នកស្រី​មិន​បានដឹង​ថា​អ្នកលក់​ទឹកត្នោតជូរ​ដទៃ​ៗ​ទៀត គេ​យក​អ្វី​មក​ធ្វើ​ជា​មេ​ទឹកត្នោតជូរ​នោះ​ទេ ។

ចំណែក​ការ​លក់​ថោក​ជាង​កន្លែង​ផ្សេង​នេះ​ដោយសារ​តែ​មានការ​អាណិត​ដល់​អ្នក​ហូប​ដែលមិនសូវ​សម្បូរ​លុយ​ផង​ដែរ ព្រោះ​អ្នក​ចូល​ទៅ​ហូប​ទឹកត្នោតជូរ​នៅ​កន្លែង​គាត់ ភាគ​ច្រើន​ជា​កម្មករ​សំណង់ និង​កម្មករ​រោងចក្រ​កាត់ដេរ ហើយ​ក៏​ជា​ម៉ូយ​ច្រើន​ឆ្នាំ​មក​ហើយ​ដែរ ។ គាត់​មិន​ទាន់​ដឹង​ថា តើ​នឹង​បោះបង់​មុខរបរ​នេះ​នៅ​ពេល​ណា​នោះ​ទេ ប៉ុន្តែ​បើ​ឈប់​ពីមុខ​របរ​នេះ​ក៏​មិនដឹង​ថា​ត្រូវ​ទៅ​ចាប់​យកមុខ​របរ​អ្វី​ផ្សេង​នោះ​ដែរ ព្រោះ​គ្មាន​ដើមទុន​សម្រាប់​ពង្រីក​ការ​រកស៊ី​ផ្សេង​ទៀត​ឡើយ ។

ដោយឡែក​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ ស៊ុន ឡេ​ង ហៅ ម៉ាក់​ស្រី​នី​ត អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​ផ្អាវ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម និយាយ​ថា គាត់​និង​ប្ដី​បាន​ចាក​ចេញពី​ស្រុក​កំណើត​មក​ប្រកប​របរ​ឡើងត្នោត​ធ្វើ​ទឹកត្នោតជូរ​លក់​នេះ​នៅភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាង​១០​ឆ្នាំ​មក​ហើយ ។ ចំពោះ​ការ​ផលិត​ទឹកត្នោតជូរ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ទាល់តែ​ដាក់ចុះ​មក ទើប​ចាក់​ជូរ​លក់​នៅ​ខាងក្រោម​ដោយ​ដាក់​ក្នុង​ក្រឡ ឬ​ឪ​ទិន ហើយ​រង់ចាំ​ច្រើន​ម៉ោង​ទើប​លក់​ឲ្យ​អ្នក​ផឹក​បាន ។ ប៉ុន្តែ​ជា​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ​លែង​ធ្វើ​ដូច្នេះ​ទៀត​ហើយ គឺ​បាន​បំបៅ​មេ​នៅ​លើ​ដើម​តែ​ម្ដង ដែល​ពេល​ដាក់ចុះ​មកអាច​លក់​បាន​ភ្លាម ហើយ​មិនសូវ​លំបាក ។ រីឯ​មេ​ទឹកត្នោតជូរ គឺ​គាត់​ប្រើ​តែ​ខ្លឹម​កកោះ​មួយ​មុខ​ប៉ុណ្ណោះ មិន​បាន​ដាក់​លាយ​សម្បក​ស្ដៅ​ឬអ្វី​ផ្សេង​ទៀត​ឡើយ ព្រោះ​អ្នក​ផឹក​ភាគច្រើន​មិន​ចូល​ចិត្ត​រសជាតិ​ស្ដៅ​ទេ ព្រោះ​វា​ធ្វើ​ឲ្យ​ទឹកត្នោតជូរ​ល្វីង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា គាត់​ចាប់​យកមុខ​របរ​នេះ​ព្រោះតែ​គ្មាន​មុខរបរ​ផ្សេង ដែល​អាច​រក​លុយ​បាន ហើយដោយ​សារ​តែ​គាត់​លក់​យូរហើយ​មាន​ម៉ូយ​ច្រើន អាច​លក់ដាច់​គួរសម​ដែរ​គឺ​ចាប់ពី​២​ប៊ីដុង​ឡើង​ទៅ ។ ចំណែក​តម្លៃ​វិញ​ក្នុង​១​លី​ត្រ​១.៥០០​រៀល ដែល​នេះ​គឺជា​តម្លៃ​មួយ​សមរម្យ​មិន​ថ្លៃ​ពេក​ហើយ​ក៏​មិន​ថោក​ពេក​ដែរ ។ ម៉ូយ​ដែល​ចូល​ទៅ​ផឹក​អាច​ទទួលយក​បាន ហើយ​ភ្ញៀវ​ខ្លះ​ផឹក​នៅ​កន្លែង​គាត់​រួច ក៏​បាន​ទិញ​យក​ទៅ​ហូប​បន្ត​នៅផ្ទះ​ជាមួយ​មិត្តភក្ដិ​ទៀត​ផង ។

អ្នកស្រី ស៊ុន ឡេ​ង បាន​អំពាវនាវ​ទៀត​ថា «​សុំ​កុំ​ជឿ​លើ​ពាក្យ​ចា​ចាម​អា​រ៉ា​ម​ថា អ្នកលក់​ទឹកត្នោតជូរ​យក​ទឹក​លាង​អង្ករ​ផលិត​ទឹកត្នោតជូរ​ឲ្យ​សោះ នេះ​ជា​ការ​ឃោសនា​បំផ្លើស​ដែល​មិន​អាច​ទទួលយក​បាន​ឡើយ ។ ការ​ផលិត​ទឹកត្នោតជូរ គឺ​យក​ទឹកត្នោត​ធម្មជាតិ​សុទ្ធសាធ​មក​ផលិត និង​មាន​ច្រើន​លើស​ពី​តម្រូវការ​ថែម​ទៀត ហើយ​វា​ពិបាក​ណាស់​ក្នុង​ការ​ឡើង​យក​ទឹកត្នោត​ម្តង​ៗ» ។

ស្ត្រី​ខាងលើ​បន្ត​ថា កុំ​ថា​ឡើយ​លាយ​ទឹក​ឬ​យក​ទឹក​លាង​អង្ករ​មក​ផលិត​ជា​ទឹកត្នោតជូរ សូ​ម្បីតែ​នៅ​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ទឹកត្នោត​ត្រូវបាន​ចាក់ចោល​ទាំងអស់​មិន​បាន​យក​ឡើយ ព្រោះ​វា​ចូល​ទឹកភ្លៀង ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ផឹករាករូស​បាន ។ ដូច្នេះ សូម​ឲ្យ​អ្នក​និយាយ​បំផ្លើស​ទាំងឡាយ គួរតែ​ឈប់​ឃោសនា​បំ​បំផ្លាញ​នូវ​មុខរបរ​ដ៏​សុចរិត​នេះ​ទៅ ។

ស្រប​ពេល​នេះ​ដែរ គាត់​ក៏​សូម​អរគុណ​ចំពោះ​អតិថិជន ដែល​តែងតែ​គាំទ្រ​ទិញ​ទឹក​ត្នោត​ជូរ​ពី​កន្លែង​គាត់​និង​កន្លែង​ដទៃ​ៗ​ទៀត ហើយ​ក៏​សូម​ជួយ​លើកតម្កើង​មុខរបរ​មួយ​នេះ​ផង ព្រោះ​ជា​មុខរបរ​ដែល​បន្សល់​ទុក​ពី​ដូនតា​របស់​ខ្មែរ​យើង​៕