ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ប្រៃសណីយ៍​ចុះ​ពិនិត្យ​ការ​គ្រប​បណ្ដ​ប់សេវា​ទូរគមនាគមន៍​នៅ​ខេត្ត​មួយ​ចំនួន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​បច្ចេកទេស​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នឹង​ចុះ​ពិនិត្យ​ទីតាំង​ភូមិសាស្ត្រ ដើម្បី​វាស់​ស្ទង់ និង​ប្រមូល​ទិន្នន័យ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ និង​ការ​គ្របដណ្តប់​សេវា​ទូរគមនាគមន៍​នៅ​ខេត្ត​មួយ​ចំនួន រយៈពេល​១​ស​ប្ដា​ហ៍ ចាប់ពី​ថ្ងៃ​ទី​១៩…

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​បច្ចេកទេស​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នឹង​ចុះ​ពិនិត្យ​ទីតាំង​ភូមិសាស្ត្រ ដើម្បី​វាស់​ស្ទង់ និង​ប្រមូល​ទិន្នន័យ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ និង​ការ​គ្របដណ្តប់​សេវា​ទូរគមនាគមន៍​នៅ​ខេត្ត​មួយ​ចំនួន រយៈពេល​១​ស​ប្ដា​ហ៍ ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៥ មីនា ។ នេះ​បើ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង ។

បេសកកម្ម​នេះ ដឹកនាំ​ដោយ​លោក​បណ្ឌិត កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​អនុប្រធាន​ទី​១​នៃ​ក្រុមប្រឹក្សាភិបាល​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍ ហៅ​កាត់​ថា​(​ក​.​ម​.​ក​.​ស​.​ទ​.) ដោយ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ជា​ចំណុច​អាទិភាព​មួយ​ចំនួន​ដូច​ជា កំពង់ចាម ក្រចេះ មណ្ឌល​គី​រី រតនៈគីរី ស្ទឹង​ត្រែង ព្រះ​វិហារ សៀមរាប ឧត្ត​មាន​ជ័យ បន្ទាយ​មាន​ជ័យ បាត់ដំបង ប៉ៃលិន និង​ពោធិ៍សាត់ ។

ដំណើរ​បេសកកម្ម​នេះ​គឺ​ធ្វើ​ឡើង​តាម​រយៈ​ការ​ប្រជុំ​សម្រេច​របស់ ក​.​ម​.​ក​.​ស​.​ទ​. លើក​ទី​៤ កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០១៨ កន្លង​ទៅ ដោយ​បាន​អនុម័ត​យក​តំបន់​មួយ​ចំនួន​សម្រាប់​អនុវត្ត​គម្រោង​សាកល្បង​របស់​កម្មវិធី​កាតព្វកិច្ច​សេវា​សកល​វិស័យ​ទូរគមនាគមន៍​ឆ្នាំ​២០១៧ ជា​អាទិ៍​៖ ១-​ស្រុក​ទឹកផុស​និង​ស្រុក​កំពង់លែង នៃ​ខេត្តកំពង់ឆ្នាំង ។ ២-​ស្រុក​ស្អាង ស្រុក​ល្វាឯម និង​ស្រុក​ខ្សាច់កណ្តាល​នៃ​ខេត្តកណ្តាល ។ ៣-​ស្រុក​កំពង់​សីលា នៃ​ខេត្ត​ព្រះ​សីហ​នុ ។ ៤-​ស្រុក​ថ្ម​បាំង (​តំបន់​អា​រ៉ែ​ង​) នៃ​ខេត្តកោះកុង ។
ជាមួយ​គ្នា​នេះ​ដែរ ក្រុមការងារ​បច្ចេកទេស​របស់​មូលនិធិ​កាតព្វកិច្ច​សេវា​សកល ក៏​ធ្លាប់​បាន​ចុះ​វាស់​ស្ទង់ និង​ប្រមូល​ទិន្នន័យ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ទូរគមនាគមន៍ និង​ការ​គ្របដណ្តប់​សេវា​ទូរគមនាគមន៍​នៅ​តាម​តំបន់​ខាងលើ​នេះ​ផង​ដែរ​។

តាម​រយៈ​មូលនិធិ​នេះ កា​រត​ភ្ជាប់​បណ្តាញ​ទូរគមនាគមន៍ នឹង​ត្រូវ​បាន​គ្រប់​ដណ្តប់​ទូ​ទាំង​ប្រទេស​នា​ពេល​ខាង​មុខ ដោយហេតុ​ថា​មូលនិធិ​នេះ​នឹង​ជួយ​ជំរុញ​ឱ្យ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​កសាង​បណ្តាញ​ទូរគមនាគមន៍​នៅ​តំបន់​ជនបទ បើ​ទោះបីជា​តំបន់​នោះ​មាន​ដង់ស៊ីតេ​ប្រជាជន​ទាប​ក៏​ដោយ ។
គួរ​បញ្ជាក់​ផង​ដែរ​ថា អនុលោម​តាម​ច្បាប់​ស្តី​ពី​ទូរគមនាគមន៍ និង​អនុក្រឹត្យ ស្តី​ពី​ការ​កំណត់​យន្តការ​សម្រាប់​អនុវត្ត​កម្មវិធី​កាតព្វកិច្ច​សេវា​សកល​វិស័យ​ទូរគមនាគមន៍ ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងអស់​ត្រូវ​បង់​វិភាគទាន​ចំនួន​២%​នៃ​ចំណូល​ដុល​របស់​ខ្លួន​មក​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ជា​រៀង​រាល់​ឆ្នាំ ។

កម្មវត្ថុ​នៃ​ការ​ប្រើប្រាស់​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​វិស័យ​ទូរគមនាគមន៍​មាន​ដូច​ជា ៖
១- កសាង​និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ និង​បណ្តាញ​ទូរគមនាគមន៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​វិស័យ​ទូរគមនាគមន៍​សម្រាប់​អុ​ី​ន​ធើ​រ​ណេ​ត​ល្បឿន​លឿន​នៅ​តាម​តំបន់​អាទិភាព ។
២-​ផ្តល់​ពង្រឹង និង​ពង្រីក​សេវា​ទូរគមនាគមន៍​និង​សេវា​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ទំនើប និង​ល្បឿន​លឿន​នៅ​តំបន់​អាទិភាព​ប្រកបដោយ​សុវត្ថិភាព និង​សន្តិសុខ ។
៣-​ជំរុញ​ការ​កាត់​បន្ថយ​គម្លាត​ឌី​ជី​ថ​ល ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច ។
៤-​ផ្តល់​សេវា​គ្រាអាសន្ន ទូ​ទាំង​ប្រទេស​ដោយ​ឥត​គិតថ្លៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ