ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ព្រួយបារម្ភ​ពី​ការ​បាត់បង់​សត្វ​ស្លាប​ទឹក​ដោយសារ​កង្វះខាត​ថវិកា​សំរាប់​អភិរក្ស

14 ឆ្នាំ មុន

ខេត្ដពោធិ៍សាត់ ៖ លោក​ហេង ទ្រី មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​ទទួល​បន្ទុក​ការងារ​អភិរក្ស និង​សិក្សា​ស្រាវជ្រាវ​ជីវចំរុះ​នៃ​មន្ទីរបរិស្ថានខេត្ដពោធិ៍ សាត់​បាន​ប្រាប់​ឱ្យ​ដឹង​ថា កន្លង​មកគេ​ធ្លាប់តែ​ឮ​តំបន់​ស្នូល​ព្រែក​ទាល់ ខេត្ដ​បាត់ដំបង​ជា​តំបន់​មួយ​សំបូរ​សត្វ​ស្លាប​ទឹក​រស់នៅ និង​ពង​កូន​យ៉ាងច្រើន ហើយ​ថែម​ទាំង​មានភ្ញៀវ​ទេសចរ​ចូល​ទៅ​ទស្សនា​កំសាន្ដ​ទៀតផង ។

ខេត្ដពោធិ៍សាត់ ៖ លោក​ហេង ទ្រី មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​ទទួល​បន្ទុក​ការងារ​អភិរក្ស និង​សិក្សា​ស្រាវជ្រាវ​ជីវចំរុះ​នៃ​មន្ទីរបរិស្ថានខេត្ដពោធិ៍ សាត់​បាន​ប្រាប់​ឱ្យ​ដឹង​ថា កន្លង​មកគេ​ធ្លាប់តែ​ឮ​តំបន់​ស្នូល​ព្រែក​ទាល់ ខេត្ដ​បាត់ដំបង​ជា​តំបន់​មួយ​សំបូរ​សត្វ​ស្លាប​ទឹក​រស់នៅ និង​ពង​កូន​យ៉ាងច្រើន ហើយ​ថែម​ទាំង​មានភ្ញៀវ​ទេសចរ​ចូល​ទៅ​ទស្សនា​កំសាន្ដ​ទៀតផង ។ ដោយឡែក​នៅ​ឃុំ​មេទឹក ស្រុក​បាកាន ខេត្ដពោធិ៍សាត់​ក៏​មាន​សត្វ​ស្លាប​ជា​ច្រើនប្រភេទ​មក​រស់នៅ​ដី​រនាត​ក្នុង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាងដូច​បឹង​ទន្លេសាប​ដែរ។

លោក​ហេង ទ្រី បញ្ជាក់​ទៀត​ថា កាលមុន​ឆ្នាំ​២០០៧​តំបន់​ខាងលើ​នេះ​គ្រាន់តែ​ជាព្រៃរនាម​ធម្មតា និង​មាន​សត្វ​បក្សី​រស់នៅមួយ​ចំនួន​ប៉ុណ្ណោះ ។ ចាប់ពី​ចុងឆ្នាំ ២០០៧ ដល់​២០០៨ គេ​សង្កេត​ឃើញ​សត្វ​ស្លាប ដូច​ជា ជ្រឹង ក្អែកទឹក និង​ស្មោញ​ជាដើម មក​រស់នៅលើ​ដើមឈើ​ប្រមាណ​ពី​៧​ទៅ​៨​ដើម​ប៉ុណ្ណោះ តែ​មក​ដល់​ឆ្នាំ​២០០៩ ស្រាប់តែ​គេ​ឃើញ​ហ្វូងសត្វ​ស្លាប​ទឹក​ខាងលើ​មក​ពង​ទីនោះ​ម្ដងទៀត ហើយ​មានការ​កើនឡើង​ដល់​ទៅ​ជិត​៤.០០០ មេ និង​មាន​សំបុក​ជាង​៣.០០០​លើ​ដើមឈើព្រៃ​លិច​ទឹក​ប្រមាណ៦០​ដើម ។

ពាក់ព័ន្ធ​ទៅ​នឹង​តំបន់​ខាងលើ​នេះ លោក រស់ ម៉ា​រ៉ា​ឌី អនុប្រធាន​មន្ទីរ​បរិស្ថាន និងនាយក​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​បឹង​ទន្លេសាប ខេត្ដពោធិ៍សាត់​បានឱ្យ​ដឹង​ថា បឹងទន្លេសាប គឺជា​តំបន់ការពារធម្មជាតិ​មាន​ផ្ទៃដី​៣១៦.២៥០​ហិ​កតា ។ នៅ​ឆ្នាំ​២០០៧ អាជ្ញាធរ​ខេត្ដ និង​ក្រសួងបរិស្ថាន​បាន​អនុម័តបង្កើត​តំបន់​អភិរក្ស​ចំនួន​២​កន្លែង គឺ​តំបន់​អភិ រក្ស​ជីវចំរុះ និង​សហគមន៍​ការពារ​ធនធានធម្មជាតិ​កោះ​ទន្លា​ក្រាស់ ស្ថិត​នៅ​ឃុំ​អ​ន្សា ចំបក់ ស្រុក​ក្រគរ និង​តំបន់​អភិរក្ស​ជីវចំរុះ ដីរនាត​ ស្ថិត​នៅ​ឃុំ​មេទឹក ស្រុក​បាកាន ដែលតំបន់​ទាំង​២​នេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រងរបស់​អគ្គ នាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៃ​ក្រសួងបរិស្ថាន និងឧបត្ថម្ភ​គាំទ្រ​ថវិកា​ពី​គំរោង​គ្រប់គ្រង​បរិស្ថានបឹង​ទន្លេសាប (TSEMP) មក​ដល់​ដំណាច់ឆ្នាំ ២០០៨​។ លុះ​ចាប់ពី​ឆ្នាំ​២០០៩​រហូត​មក ពុំមានការ​គាំទ្រ​ពី​ម្ចាស់​ជំនួយ​ណា​ទេ មាន​តែប្រាក់​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​បន្ដិចបន្ដួចប៉ុណ្ណោះ ។ ដោយឡែក​មូលនិធិ​ដា​នី​ដា​តាមរយៈ​គណៈកម្មាធិការ​ប្រតិបត្ដិ​នៃ​កម្មវិធី គជ​អប មាន​តែ​១.០០០​ដុល្លារ​ប៉ុណ្ណោះ​សំរាប់គាំទ្រ​សហគមន៍​ការពារ​ធនធានធម្មជាតិ​នៅឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ​សំរាប់​ឆ្នាំ​២០១០​។

លោក​រស់ ម៉ា​រ៉ា​ឌី បញ្ជាក់​ទៀត​ថា ការបង្កើត​តំបន់​ទាំង​ពីរ​ខាងលើ​នេះ​ឡើង គឺដើម្បី​ទី​១-​អភិរក្ស​ជីវចំរុះ ទេសភាព សណ្ឋាន​ដី ប្រព័ន្ធ​អេកូឡូស៊ី រួម​ទាំង​ធនធានសេនេទិច​មាន​ប្រភេទ​រុក្ខជាតិ និង​មច្ឆជាតិ ។ ទី​២-​ទ្រទ្រង់​ឱ្យ​មានការ​អភិវឌ្ឍ​ប្រកបដោយនិរន្ដរភាព​លើ​ប្រព័ន្ធ​អេកូឡូស៊ី បរិស្ថាន សេដ្ឋ កិច្ច​សង្គម និង​វប្បធម៌ ។ ទី​៣-​ទ្រទ្រង់​សកម្ម ភាព​ផ្សេង​ៗ រួម​មានការ​អប់រំ​បណ្ដុះបណ្ដាលការ​សិក្សា​ស្រាវជ្រាវ និង​ការ​អង្កេត​តាមដាន និង​ការ​ប្រែប្រួល​បរិស្ថាន​ជាដើម ។

លោក​បន្ដ​ទៀត​ថា ការ​កើតឡើង​វិញ​នូវបន្ទាយ​សត្វ​ស្លាប​ទឹក​នេះ គឺ​ដោយសារ​ប្រជាសហគមន៍​មានការ​យល់​ដឹង និង​ចូលរួម​ជាមួយ​ក្រុមការងារ​ឧ​ទ្យា​នុ​រក្ស​ក្នុង​ការ​តាមដាន​ឃ្លាំមើល​សត្វ និង​សកម្មភាព​មនុស្ស​ដូចជា​ការ​កាប់​ឆ្ការ ដុត​ព្រៃ​លិច​ទឹក និង​ការនេសាទ​ខុសច្បាប់​ជាដើម​។ ក្រៅពី​ហ្វូង​សត្វ ស្មោញ និង​ក្អែកទឹក​នៅ​មាន​ប្រភេទ​សត្វផ្សេង​ៗ​ទៀត​ដូច​ជា​ជ្រឹង​ធំ ត្រដក់ ទុង​ប្រផេះ ចង្កៀលខ្យង អក​ត្រី ស្វា ភេ ក្រពើ ពស់ អ​ន្ស​ង ជា​ពិសេស​ត្រី​គ្រប់​ប្រភេទ​ដែល​ជាប្រភព​ចំណូល​សេដ្ឋកិច្ចជាតិ ។
លោក​បន្ដ​ទៀត​ថា បច្ចុប្បន្ន​ដោយសារកង្វះខាត​ការ​គាំទ្រ​លើ​ការ​អភិរក្ស​នេះ គឺជាការ​ព្រួយបារម្ភ​មួយ​ខ្លាចក្រែង​ពពួក​ហ្វូង​សត្វ​ស្លាប​ទឹក​ក៏​ដូច​ជា​ប្រភេទ​ជីវចំរុះ​ដែល​កំពុងកើតឡើង​នេះ​បាត់បង់​ទៅ​វិញ ។ លោក​ស្នើ​សុំឱ្យ​មានការ​ចូលរួម​ថែរក្សា​ការពារ​ពី​សំណាក់ សហគមន៍​មូលដ្ឋាន​ឡូត៍​នេសាទ ស្ថាប័ន​ដៃគូ អង្គការ​ជាតិ​-​អន្ដរជាតិ​នានា ជា​ពិសេស សហការ​គាំទ្រ​ដល់​កម្មវិធី​អភិរក្ស​ជីវចំរុះ ដែល​ជា​បេះដូង​យើង​ទាំងអស់​គ្នា​ឱ្យ​មាននិរន្ដរភាព​យូរអង្វែង ព្រោះថា​សត្វ​ស្លាបដែល​គួរ​ឱ្យ​ស្រលាញ់​នៅ​តំបន់​ដី​រនាត​នេះ​វាអាច​ជួយ​ដាស់​ស្មារតី​មនុស្ស​ឱ្យ​ងាក​មក​អភិរក្ស​ឈប់​បំផ្លាញ​ពូជ​សត្វ​ដែល​ជា​មិត្ដ​ដ៏​ល្អរបស់​មនុស្ស​តទៅ​ទៀត ៕