ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ប៉ៃលិន ៖ គ្មាន​ដំណាំ​អ្វី​ល្អ​ប្រសើរ​ជាង​កៅស៊ូ​នោះ​ទេ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន​បច្ចុប្បន្ន​នេះ​បាន​នាំ​គ្នា​ដាំ​ដំណាំ​ស្ទើរ​គ្រប់​ប្រភេទ​ដូច​ជា ពោតក្រហម ដំឡូង​មី តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន និង​កៅស៊ូ​ជាដើម ដែល​សុទ្ធ​សឹង​ជា​ដំណាំ​សក្ដានុពល​បម្រើ​ឲ្យ​ការ​នាំ​ចេញ ។…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន​បច្ចុប្បន្ន​នេះ​បាន​នាំ​គ្នា​ដាំ​ដំណាំ​ស្ទើរ​គ្រប់​ប្រភេទ​ដូច​ជា ពោតក្រហម ដំឡូង​មី តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន និង​កៅស៊ូ​ជាដើម ដែល​សុទ្ធ​សឹង​ជា​ដំណាំ​សក្ដានុពល​បម្រើ​ឲ្យ​ការ​នាំ​ចេញ ។ ទោះជា​យ៉ាងនេះ​ក្ដី កសិករ​ដែល​ដាំ​កៅស៊ូ បាន​និយាយ​ថា « គ្មាន​ដំណាំ​អ្វី​ល្អ​ជាង​ដំណាំ​កៅស៊ូ​នោះ​ទេ ហើយ​ប្រសិនបើ​យើង​ថែទាំ​ដូច​ដំណាំ​ផ្សេង​ៗ​នោះ វា​កាន់តែ​ទទួល​បាន​ទិន្នផល​ខ្ពស់​ថែម​ទៀត »​។

លោក ប៊ុ​ន លី កសិករ​រូប​នេះ​បានឱ្យ​ដឹង​ថា លោក​បាន​ដាំ​ដើម​កៅស៊ូ​លើ​ផ្ទៃដី​ទំហំ​៣៥​ហិ​កតា​នៅ​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន និង​អាច​ប្រមូល​ផល​បាន​ជាង​២០​ហិ​កតា​អស់​រយ​:​ពេល​៥​ឆ្នាំ​មក​ហើយ ដោយ​ក្នុង​១​ឆ្នាំ អាច​ចៀរ​ជ័រ​បាន​ជាង​១០០​តោន ហើយ​បច្ចុប្បន្ន​នេះ ឈ្មួញ​ទិញ​ក្នុង​១​គីឡូក្រាម​តម្លៃ​២០​បាត ស្មើនឹង​២.០០០​រៀល ។

លោក​បាន​កត់​សម្គាល់ថា ៖« ចំពោះ​តម្លៃ​កៅស៊ូ​វា​ឡើង​ចុះ​ទៅ​តាម​ទីផ្សារ​អន្តរជាតិ ។ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ឈ្មួញ​បាន​ទិញ​ជ័រកៅស៊ូ​ក្នុង​១​គីឡូក្រាម ថ្លៃ​រហូត​ដល់​១​ម៉ឺន​រៀល ក្រោយមក​បាន​ធ្លាក់​ចុះ​ដល់​ជាង​១០​បាត​ប៉ុណ្ណោះ​ក្នុង​១​គីឡូក្រាម ហើយ​នៅ​ចុងឆ្នាំ​២០១៦​បាន​ហក់​ឡើង​បន្ដិច តែ​ក៏​ធ្លាក់​ទៅ​វិញ ។ អីចឹង ទីផ្សារ​វា​អាស្រ័យ​លើ​តម្រូវការ​កៅស៊ូ​របស់​ពិភពលោក ។ ទោះបី​យ៉ាងណា​ក៏​ដោយ វា​គ្មាន​អ្វី​ល្អ​ជាង​ដំណាំ​កៅស៊ូ​នោះ​ទេ បើសិនជា​យើង​ថែទាំ​ដូច​ដំណាំ​តា​ង៉ែ​ន នោះ​នឹង​ប្រមូល​ផល​បាន​ច្រើន »​។

លោក​បន្ដ​ថា ៖« ទោះបីជា​ទីផ្សារ​មិន​ទៀង តែ​បន្ទាប់​ពី​ប្រមូល​ផល​រួច ទូទាត់់​ថ្លៃ​កម្មករ​ហើយ ក្នុង​១​ខែ ខ្ញុំ​នៅ​សល់​ប្រាក់​ចំនួន​៥.០០០​ដុល្លារ​ដែរ ហើយ​បើសិន​យើង​មើលថែ​ដាក់​ថ្នាំ ដាក់​ជី ស្រោច​ទឹក​ដូច​ដំណាំ​ផ្សេង​ៗ​នោះ កៅស៊ូ​នឹង​ផ្ដល់​ជ័រ​កាន់តែ​ច្រើន អាច​ប្រមូល​លក់​បាន​ប្រាក់​កាន់តែ​ច្រើន​ថែម​ទៀត » ។

លោក​ក៏​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ងាក​មក​ដាំ​ដំណាំ​កៅស៊ូ​ឱ្យ​បាន​ច្រើន ចៀស​បវាង​នាំ​គ្នា​សម្រុក​ដាំ​តែ​ដំណាំ​ពោត ដំឡូង​មី ឬ​តា​ង៉ែ​ន​ច្រើន​ពេក នាំ​ឲ្យ​ជន់​ទីផ្សារ​លើ​តម្រូវការ និង​តម្លៃ​ថោក ។ ចំណែក​ផល​ចំណេញ​បាន​តែ​ទៅ​លើ​ឈ្មួញកណ្តាល​ប៉ុណ្ណោះ។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន លោក សាយ សុ​ផាត បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន ដាំ​ដំណាំ​កៅស៊ូ​បាន​ជាង​១.៥០០​ហិ​កតា​ហើយ​រហូត​មក​ដល់​ពេល​នេះ ។ ចំណែក​តម្លៃ​ជ័រកៅស៊ូ មានការ​ឡើងថ្លៃ​បន្តិច​វិញ ដោយ​ឈ្មួញ​ទិញ​ក្នុង​១​គីឡូក្រាម​តម្លៃ​២០​បាត ។ រីឯ​ទិន្នផល​ក៏​មានការ​កើនឡើង​ដែរ ព្រោះ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ជាប់​ជា​ប្រចាំ ។

កម្ពុជា​បាន​និង​កំពុង​ត្រឡប់​មក​ជា​អ្នក​ដើរតួ​ដ៏​សំខាន់​នៅ​អាស៊ី​អាគ្នេយ៍​សម្រាប់​វិស័យ​កៅស៊ូ​។ ដូច្នេះ កសិករ​ខ្នាត​តូច​នៅ​កម្ពុជា ការ​ដាំ​ដុះ​កៅស៊ូ​មាន​ន័យ​ថា ប្រាក់​ចំណូល​មាន​ស្ថិរភាព ហើយ​កម្ពុជា​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត ។

អគ្គនាយក​ក្រុមហ៊ុន​សុក​ហ្វី​ន​កម្ពុជា លោក ចេ​ហ្វ បូ​ដ (Jef Boedt) ដែល​ជា​អ្នក​វិនិយោគ​ដំណាំ​កៅស៊ូ​ដ៏​ធំ​មួយ​នៅ​ខេត្តមណ្ឌលគិរី បាន​លើក​ឡើង​ថា អាជីវកម្ម​កៅស៊ូ ជា​ការ​វិនិ​យោគ​រយៈពេល​វែង បើ​ទោះជា​កៅស៊ូ​អាច​បង្កើត​ប្រាក់​ចំណូល​រយៈពេល​យូរ និង​មាន​ស្ថិរភាព​សម្រាប់​អ្នក​ផលិត​ក៏​ដោយ ក៏​ដើម​កៅស៊ូ​យ៉ាង​ហោច​ណាស់​មាន​អាយុ​កាលពី​៥​ឆ្នាំ​ឡើង បន្ទាប់​ពី​ដាំ ទើប​អាច​ផលិត​ជ័រ​បាន​។ ដូច្នេះ តម្លៃ​ក្នុង​អន្តរ​កាលនោះ វា​អាច​នឹង​ប្រែប្រួល ។ ប៉ុន្ដែ​បើ​ទោះ​យ៉ាងនេះ​ក្ដី កំណើន​ទីផ្សារ​កៅស៊ូ​បច្ចុប្បន្ន នឹង​ជួយ​គាំទ្រ​ដល់​អ្នក​ផលិត​តូច​ៗ​បន្ដ​ការ​វិនិយោគ និង​បង្ការ​ពួក​គេ​ពី​ការ​កាប់​ដើម​កៅស៊ូ​ចោល ។

ទីប្រឹក្សា​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Marketing Consulting លោក ង៉ែត ជូ យល់​ឃើញ​ថា វិស័យ​មួយ​នេះ​នឹង​ប្រសើរ​ឡើង បើ​ទោះបីជា​មាន​ពេល​ខ្លះ​ធ្លាក់​ចុះ​ក៏​ដោយ តែ​ជា​រួម គឺ​ត្រូវ​តែ​កើនឡើង ។

លោក​ថ្លែង​ថា ៖« ខ្ញុំ​ក៏​យល់​ឃើញ​ដូច្នេះ​ដែរ គ្រាន់តែ​ថា ឆ្នាំ​ខ្លះ​វា​ធ្លាក់​ថ្លៃ​ក្នុង​រយៈពេល​ខ្លី ដោយសារ​តែ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​ជាដើម ប៉ុន្ដែ​ជា​រួម និន្នាការ​ទីផ្សារ​កៅស៊ូ វា​ត្រូវ​តែ​ឡើងថ្លៃ ដោយ​ផ្អែក​លើ​ការ​រីក​ចម្រើន​នៃ​ឧស្សាហកម្ម​មួយ​ចំនួន​ដែល​មាន​តម្រូវការ​កៅស៊ូ​ជា​ចាំបាច់​ដូច​ជា ឧស្សាហកម្ម​យានយន្ដ និង​ឧស្សាហកម្ម​ផ្សេង​ៗ​ទៀត » ។

ទោះ​យ៉ាងនេះ​ក្ដី បើ​តាម​លោក​អគ្គនាយក​ក្រុមហ៊ុន​សុក​ហ្វី​ន​កម្ពុជា ក៏​មាន​ឧបសគ្គ​ជា​ច្រើន​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​វិស័យ​កៅស៊ូ ដូច​ជា ៖

១-​ពន្ធ​នាំ​ចេញ​កៅស៊ូ គឺជា​ក្ដី​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​អ្នក​ដាំ​កៅស៊ូ​នៅ​កម្ពុជា ពិសេស​ស្រប​ពេល​ដែល​កំពុង​ប្រឈម​នឹង​ទីផ្សារ​តម្លៃ​ទាប ដូចដែល​យើង​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន​នេះ ។ ការ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ផលិត​ជិតខាង​ដែល​មិន​មាន​បង់ពន្ធ​ជូន​រដ្ឋ កំពុង​ក្លាយជា​រឿង​ដ៏​ពិបាក​មួយ ។

២-​កសិករ​មិន​ទទួល​បាន​តម្លៃ​សមរម្យ និង​ព័ត៌មាន​ពី​ទីផ្សារ​គ្រប់គ្រាន់​។ ដោយឡែក កសិករ​ខ្នាត​តូច គឺជា​អ្នក​ដែល​ត្រូវ​យកចិត្តទុកដាក់ ហើយ​ជា​ពិសេស ងាយ​រង​គ្រោះ​ដោយសារ​ការ​ប្រែប្រួល​នៃ​តម្លៃ ។ ព័ត៌មាន​ពី​តម្លៃ គឺជា​រឿង​ដែល​គួរ​បារម្ភ និង​ជា​រឿយ​ៗ​កើត​ចេញពី​អ្នកទិញ​ដែល​មាន​ចំណាប់អារម្មណ៍​នឹង​តម្លៃ​ទាប​។ បន្ថែម​លើស​នេះ ចំណេះដឹង​មាន​កម្រិត​របស់​អ្នកទិញ និង​អំណាច​ចរចា​នៅ​ទាប រ​វ​ងាង​(​អ្នក​ប្រមូល និង​អ្នកជំនួញ​) អាច​រុញ​ឲ្យ​តម្លៃ​លក់​ធ្លាក់​ចុះ ។

៣-​កសិករ​ភាគច្រើន​មិន​មាន​ដើមទុន​គ្រប់គ្រាន់​ក្នុង​ការ​ជួល​កម្មករ​ដើម្បី​ចៀរ​ជ័រកៅស៊ូ​របស់​ពួក​គេ ។ កម្លាំង​ពលកម្ម​ភាគច្រើន​មិន​មានបទពិសោធន៍ និង​ងាយ​ចាកចេញ ប្រសិនបើ​ពួក​គេ​ទទួល​បាន​តម្លៃ​ប្រសើរ​នៅ​កន្លែង​ផ្សេង ។

៤-​ការ​ទទួល​បាន​ព័ត៌មាន​ក៏​ជា​រឿង​សំខាន់​មួយ​ដែរ​សម្រាប់​ទីផ្សារ​អន្តរជាតិ ។ មានការ​ខ្វះ​ចន្លោះ​នៃ​សមត្ថភាព​តាមដាន​ផលិតផល ពិសេស​ពី​កសិករ​ខ្នាត​តូច ។ ប្រសិនបើ​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​នេះ នឹង​ជួយ​ធានា​ពី​គុណភាព និង​និរន្ដរ​ភាព​នៃ​ផលិតផល ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ